កូរ៉េ​ខាងជើង​ទាមទារ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​អា​មេ​រិ​ក​

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ បាន​ច្រានចោល​ចំពោះ​ការ​លើក​គម្រោង​ចង់​បន្ត​ពិភាក្សា​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ដូចដែល​ធ្លាប់​ធ្វើ​នា​ពេល​កន្លង​មក​ ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​នោះ​។​ ជាមួយ​គ្នា​នេះ​ កូរ៉េ​ខាងជើង​បាន​ទាមទារ​ថា​ ឲ្យ​ទីក្រុង​វ៉ា​ស៊ី​នតោន​ចូល​មក​អង្គុយ​ក្នុង​តុ​ពិភាក្សា​គ្នា​ដើម្បី​សន្ធិសញ្ញា​សន្តិភាព​​វិញ​ ។​

​ការ​លើក​ឡើង​របស់​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បែប​នេះ​ គឺ​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ និង​លោកស្រី​ផាក​ យុង​ហេ​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ស្ថិត​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បញ្ជាក់​ថា​ ប្រទេស​ទាំង​ពីរ​កូរ៉េ​ខាងត្បូង​-​ អា​មេ​រិ​ក​អាច​បើក​កិច្ច​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងជើង​ស្តី​អំពី​បញ្ហា​ដក​ទណ្ឌកម្ម​ ប៉ុន្តែ​នៅ​ត្រង់​ថា​ តើ​ទីក្រុង​ព្យុ​ង​យ៉ាង​អាច​បោះបង់​ចោល​មហិច្ឆតា​អាវុធ​បរមាណូ​របស់​ខ្លួន​ដែរ​ឬទេ​ ។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ច្បាប់​របស់​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​បញ្ជាក់​ថា​ ប្រសិនបើ​ អា​មេ​រិ​ក​ទទូច​ទៅ​លើ​ការ​ពិភាក្សា​ក្រៅពី​វិ​ថី​មួយ​នេះ​ នោះ​នៅ​ឧបទ្វីប​កូរ៉េ​ គេ​នឹង​ឃើញ​តែ​ការ​ចម្រាញ់​សារធាតុ​ផលិត​អាវុធ​នុយក្លេអ៊ែរ​គ្មាន​ដែន​កំណត់​ និង​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​តែ​ប៉ុណ្ណោះ​ ។​

​កូរ៉េ​ខាងជើង​ និង​កូរ៉េ​ខាងត្បូង​នៅ​តែ​ស្ថិត​ក្នុង​សង្គ្រាម​បច្ចេកទេស​នៅឡើយ​ ។​ សង្គ្រាម​ឧបទ្វីប​កូរ៉េ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​នេះ​ដោយ​អាស្រ័យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ ចុះហត្ថលេខា​ក្នុង​ឆ្នាំ​១៩៥៣​ បន្ទាប់​ពី​អា​មេ​រិ​ក​ ដឹកនាំ​កម្លាំង​អង្គការសហប្រជាជាតិ​ជួយ​ដល់​កងទ័ព​កូរ៉េ​ខាងត្បូង​ និង​ប្រទេស​ចិន​ផង​ដែរ​វាយប្រហារ​ ប្រឆាំង​ទៅ​លើ​កូរ៉េ​ខាងជើង​ ។​

​កូរ៉េ​ខាងជើង​បាន​ដើរ​ចេញពី​អង្គប្រជុំ​ដែល​គេ​ហៅ​ថា​ កិច្ចប្រជុំ​៦​ភាគី​ ពាក់ព័ន្ធ​ជាមួយ​អា​មេ​រិ​ក​ និង​ប្រទេស​ដទៃ​៤​ផ្សេង​ទៀត​កាលពី​ឆ្នាំ​២០០៨​ និង​បាន​បន្ត​ការ​បាញ់​សាកល្បង​អាវុធ​នុយ​ក្លេ​អ៊េ​រ​២​លើក​បន្ថែម​ទៀត​ ។​ កូរ៉េ​ខាងជើង​បាន​អះអាង​ថា​ មាន​តែ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ប៉ុណ្ណោះ​ ទើប​អាច​ដោះស្រាយ​បាន​ជម្លោះ​ជា​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​ ។​

​លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ថ្លែង​ថា​ អា​មេ​រិ​ក​អាច​បើក​កិច្ច​ពិភាក្សា​ទាំងឡាយ​ដែល​ឈាន​ដល់​លុប​ទណ្ឌកម្ម​កូរ៉េ​ខាងជើង​ ដូច​ធ្លាប់​បាន​ធ្វើ​ជាមួយ​អ៊ី​រ៉​ង់​ដែល​ឈាន​ដល់​កិច្ចព្រមព្រៀង​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ជាមួយ​មហាអំណាច​ ។​

​លោក​អូ​បា​ម៉ា​ថ្លែង​ថា​ ទោះ​យ៉ាងណា​យើង​មិន​ទាន់​ចូល​ដល់​ចំណុច​មួយ​នោះ​នៅឡើយ​ទេ​ ដោយសារ​ថា​ កូរ៉េ​ខាងជើង​មិន​បាន​ងាក​មក​រក​ផ្លូវ​ដូច​អ៊ី​រ៉​ង់​ដែល​បាន​ប្រមើល​មើល​ពី​អនាគត​របស់​ខ្លួន​ ហើយ​ព្រម​បញ្ឈប់​ ឬ​បោះបង់​មហិច្ឆតា​អាវុធ​នុយក្លេអ៊ែរ​នោះ​ ៕

 

downlsoad

4176

Loading...

Leave a Reply

Your email address will not be published. Required fields are marked *