កំណាត់ឈើក្លុំស្រឡៅជាច្រើនដុំត្រូវបានក្រុមឈ្មួញបម្រុងដឹកជញ្ជូនចេញតាមផ្លូវ ក្បែរ ក្លៀកស្នាក់ការ787…

ខេត្តរតនគិរី÷ ឈើឡាំងជាច្រើនកំណាត់ត្រូវបានគេដឹកយកមកផ្លុងទុកនៅក្នុងចម្ការចន្ទីខាងក្រោយភូមិម៉ុយលើ ត្រៀមឱកាសល្អនិងដឹកបន្តទៅលក់នៅព្រំដែននៃប្រទេសវៀតណាម។

កំណាត់ឈើអារឡាំងជ្រុងសម្រេចដែលមានមុខកាត់ធំៗវែងៗដោយប្រមាណមើលជាច្រើនម៉ែត្រគូប ក្រុមឈ្មួញពុំស្គាល់អត្តសញ្ញណដឹកជញ្ជូនមកផ្លុងរាយប៉ាយ តាមក្រោមម្លប់ស្វាយចន្ទីនិងជើងភ្នំខាងលិចភូមិម៉ុយលើ ស្ថិតក្នុងភូមិម៉ុយលើ ឃុំញ៉ាង ស្រុកអណ្តូងមាស របស់ខេត្តរតនគិរី។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិម៉ុយលើបានឲ្យក្រុមអ្នកសារព័ត៌មានដឹងកាលពីយប់ថ្ងៃទី២៦ ខែកក្កដាថា ពួកគាត់បានឃើញក្បួនម៉ូតូជាច្រើនគ្រឿងសុទ្ធសឹងតែជាប្រភេទម៉ូតូយីឌុបបូមបីសម្រុកដឹកជញ្ជូនឈើឡាំងជ្រុងៗជាប្រភេទឈើស្រឡៅថ្មីៗដឹកចេញពីភូមិម៉ុយក្រោមឬហៅថាម៉ុយស្រែ ដឹកសំដៅមកភូមិម៉ុយលើ។

ប្រភពបានបន្តថា ក្បួនម៉ូតូ
ធុនយក្សអស់ទាំងនេះសកម្មក្នុងការដឹកជញ្ជូនឈើក្នុងមួយយប់ៗបើសិនអត់មានភ្លៀងធ្លាក់ទេនោះគេដឹកបន្តកន្ទុយគ្នាដូចសត្វកណ្តៀរជញ្ជូនកណ្តាប់ មកដល់ភូមិម៉ុយលើក៏គររាយប៉ាយក្នុងចម្ការស្វាយចន្ទីមួយកន្លែងបួនដប់ដុំៗ ដើម្បីឆែវដាក់គោយន្តកែច្នៃដែលជាថៅកែធំមិនស្គាល់អត្តសញ្ញាណដឹកបន្តទៅលក់ឲ្យវៀតណាមយ៉ាងរំភើយរៀងរាល់យប់នោះ។

ប្រភពដដែលនោះបានបន្តទៀតថា បទល្មើសចរាចរឈើដោយខុសច្បាប់ទាំងនេះបានយ៉ាងរលូនបែបនេះ ចុះហេតុអ្វីក៏ពុំមានការទប់ស្កាត់ឬបង្ក្រាបពីសំណាក់សមត្ថកិច្ចមូលដ្ឋាន? ឬមួយក៏ក្រុមសមត្ថកិច្ចទាំងនោះធ្វើដេកលក់?ទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញទាំងនោះដែរ?។

ជាក់ស្តែងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំញ៉ាងដែលមានលោក ឡេ ថងចាន់ ជានាយប៉ុស្តិ៍ឃុំញ៉ាង។ និង
ទីស្នាក់ការលេខ៧៨៧របស់កងរាជអាវុធហត្ថស្រុកអណ្តូងមាសនេះតែម្តងដែលមានលោក សែម វណ្ណសុីម ជាប្រធានទីស្នាក់ការនោះ។

ហើយកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឈើប្រភេទស្រឡៅជាច្រើនកំណាត់ត្រូវបានគេប្រទះឃើញគរទុកនៅក្នុងចម្ការចន្ទីរបស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិម៉ុយលើ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរីបំម្រុងដឹកទៅប្រទេសវៀតណាមត្រូវបានអាក់ខានដោយសារមេឃភ្លៀងធ្លាក់ខ្លាំងពេកកុំអីទៅដល់ប្រទេសវៀតណាមបាត់ទៅហើយនោះ។

អធិការនគរបាលស្រុកអណ្តូងមាសលោក សោម ចាន់ណារ៉ា បានឲ្យអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៧កក្កដានេះ ថា លោកសង្កេតឃើញប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំញ៉ាងនិងចំណុចគំនរឈើនោះវានៅដាច់ឆ្ងាយពីគ្នាពេក លោកអធិការក៏ឲ្យលេខទូរស័ព្ទលោកសែម វណ្ណសុីម នាយទីស្នាក់ការ៧៨៧មកឲ្យទំនាក់ទំនងទៅពិព្រោះទីស្នាក់ការមួយនេះនៅជិតបង្កើយនិងផ្លូវដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញទាំងនោះ។

ដោយឡែកលោក សែម វណ្ណស៉ឹម ប្រធានស្នាក់ការអាវុធហត្ថលេខ៧៨៧បានឲ្យអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះ ថា លោកចុះមកខេត្តហើយដោយខ្ញុំឈឺមកដាក់សេរ៉ូ ចាំឲ្យកូនចៅចុះទៅឃើញសិន ក្រោយរង់ចាំអស់កន្លះម៉ោងមិនឃើញអ្នកណាមក ក៏ចុចទូរស័ព្ទទៅលោក សែម វណ្ណស៉ឹម ម្តងទៀត ប៉ុន្តែលោកបានបិទទូរស័ព្ទបាត់ទៅហើយមិនអាចទាក់ទងបានទៀតទេ៕ ជាយដែន

Loading...