កំណែទម្រង់សំខាន់របស់លោកវេង សាខុន គឺការដកមន្ត្រី

ភ្នំពេញ៖ ការដកតំណែងមន្ត្រីសំខាន់ៗ នៅក្នុងក្រសួងទាំងតាមបណ្តាប្រធានមន្ទីរ គឺជាគោលដៅដ៏សំខាន់របស់លោក​រដ្ឋមន្ត្រី វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ អ្វីដែលគេអះអាងថា ជាកំណែទម្រង់ គឺការដកមន្ត្រីដែលមានសមត្ថភាពធ្វើការដាក់ចូលក្រុម​បក្ខរបស់ខ្លួន ។ នេះហៅថា កំណែទម្រង់ ។ ប្រធានមន្ទីរកសិកម្ម​ជាច្រើនត្រូវប្រឈមមុខនឹងការដកតំណែង ក្រោមលេសនៃកំណែទម្រង់ ។ ជាក់ស្តែងប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺត្រូវបានដកតំណែងដោយគ្មានហេតុផល ដាក់ជំនួសមកវិញជាមន្ត្រីដែលមាន​លុយកាក់ ពោលគឺជាមេព្រៃ ដែលចេះតែយកលុយពីឈ្មួញដឹកបទល្មើសព្រៃឈើ, មិនចេះការងារអ្វីក្រៅពីចាំយកលុយនេះទេ ។

 

ភ្លាមៗក្រោយពីការចូលកាន់តំណែង លោករដ្ឋមន្ត្រីបានចេញប្រកាសដកមន្ត្រីក្រោមឱវាទយ៉ាងហោចណាស់៤នាក់ ទាំងចុងសប្តាហ៍ ហើយមិនបាន២៤ម៉ោងផង ក្រោមការរិះគន់លោករដ្ឋមន្ត្រីវេង សាខុន បានសម្រេចនិរាករណ៍ សេចក្តីប្រកាសរបស់ខ្លួននោះវិញ ។ តើវាជារឿងអាម៉ាស់ទេ? ទិដ្ឋភាពបែបនេះធ្វើឲ្យក្រុមមន្ត្រីនៅក្នុងក្រសួងកសិកម្មញាក់សាច់ទទ្រើក ។

 

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកមួយរូបនិយាយថា ការនៅជារដ្ឋលេខាធិការក្រសួងធនធានទឹក លោកវេង សាខុន មិនដល់ថ្នាក់នេះទេ ។ នៅពេលដែលឡើងជារដ្ឋមន្ត្រីក្រសួងកសិកម្មភ្លាម ចំណាត់ការរបស់លោក សូម្បីតែរដ្ឋមន្ត្រីក្រសួងធនធានទឹក ក៏អស់សំណើចដែរ ។

 

ចំណាត់ការក្តៅគគុកក្នុងកំណែទម្រង់របស់លោកវេង សាខុន សូម្បីតែអនុរដ្ឋលេខាធិការ២នាក់ ដែលជាអ្នកមានឥទ្ធិពល​ក៏មិនអាចនៅជាមួយបាន ។ លោកអនុរដ្ឋលេខាធិការ អ៊ាង សុផល្លែត ដែលជាជំនួយការរបស់ប្រមុខរាជរដ្ឋាភិបាល ក៏នៅមិនបានជាមួយលោកវេង សាខុន មិនបាន សុខចិត្តសុំស្ពាយបង្វិចចេញទាំងភិតភ័យ ។ អនុរដ្ឋលេខាធិការម្នាក់ទៀត ដែលជាកូនប្រុសសពលោក សូ​ ឃុន ក៏លោកវេង សាខុន  មិនយោគយល់ ។ ទីបំផុតអនុរដ្ឋលេខាធិការ២នាក់ បានសម្រេចសុំជ្រកកោនជាមួយក្រសួង​បរិស្ថានដ៏សុខសាន្តដល់សព្វថ្ងៃ ។ នៅពេលដែលមន្ត្រីក្រសួងបរិស្ថានសួរនាំអំពីរបៀបរបបដឹកនាំការងាររបស់លោក​រដ្ឋមន្ត្រីវេង សាខុន លោកអតីតអនុរដ្ឋលេខាធិការទាំង២នាក់នោះបានត្រឹមដើរគ្រវីក្បាល សើចញឹមញែម ។

 

នៅមានមុខសញ្ញាថ្នាក់អគ្គនាយក អគ្គនាយករង, ប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរ…ពោលគឺ​មន្ត្រីដែលលោកវេង សាខុន មានសិទ្ធិដកជាច្រើនទៀត ដែលកំពុងធ្វើការទាំងភិតភ័យ ។ ព្រោះមិនដឹងថា ថ្ងៃណា ដែលត្រូវលោក វេង សាខុន ដកដូចកូនស្ពៃក្រោមលេសកំណែទម្រង់នោះឡើយ ។ នៅមានរឿងជាច្រើនទៀត ដែល​មន្ត្រី​នៃក្រសួងនេះកំពុងដេកបុកពោះគ្រប់ៗគ្នា ៕

Loading...