កំពុងចល័តអាវុធទៅប្លន់នៅស្រុកសណ្ដាន់ និងស្រុកចំការលើ ត្រូវនគរបាលបង្ក្រាបទាន់ពេល

ខេត្តកំពង់ធំ៖ ក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុម កំពុងតែចល័តអាវុធទៅប្លន់នៅទឹកដីស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ធំ បង្ក្រាបបានទាន់ពេល នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិតាពៅ ឃុំគគីធំ ស្រុកបារាយណ៍។

លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា ការបង្ក្រាបក្រុមចោរប្រដាប់អាវុធទាំងនេះ ក្រោយពីកម្លាំងរបស់លោក បានទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់ សហការជាមួយកម្លាំងនគរបាលស្រុកបារាយណ៍ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្ត បានបើកប្រតិបត្តិការតាមបង្រ្កាបមុខសញ្ញាចោរ ដែលលាក់ទុកអាវុធ ប៉ុនប៉ងប្លន់នៅភូមិសាស្រ្ត ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ព្រោះជនសង្ស័យបានសិក្សាភូមិសាស្រ្តទាំងពីរនេះរួចហើយ។

លោកស្នងការបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញចាប់បានជនសង្ស័យម្នាក់ឈ្មោះ សឿក ប៉ាង អាយុ៤៥ឆ្នាំ ទីលំនៅៗភូមិ ពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ហើយបានទៅរស់នៅ ធ្វើចំការនៅតំបន់តាសោម ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទើបត្រឡប់មកវិញបានប្រហែល២-៣ ខែប៉ុណ្ណោះ។

លោកបន្ថែមថា ក្រោយឃាត់ខ្លួនជំនាញ ដកហូតបានអាវុធ AK47 ស្វាយបត់ ១ដើម លេខរលប់, បង់១ មានគ្រាប់ ៤២គ្រាប់ ផលិតនៅប្រទេសចិន គុណភាពល្អ ហើយជនសង្ស័យបានសារភាពថា ខ្លួនទិញពីស្រុកអន្លង់វែង។

កម្លាំងនគរបាលជំនាញកំពុងតែជជីកសួរនាំ ដើម្បីតាមចាប់បក្ខបន្ថែមទៀត ៕

se ee

Loading...