កំពុង​តែ​ដេក​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លប​បាញ់​ពីក្រោម​ផ្ទះ​ចំ​ប្រអប់ជើង​របួសធ្ងន់​

​ខេត្តកំពង់ចាម៖ យុវជន​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ​លប​បាញ់​ពីក្រោម​ផ្ទះ​បំណង​ធ្វើឃាត​ តែ​មិន​បាន​សម្រេច​ដោយ​គ្រាប់កាំភ្លើង​ត្រូវ​ចំ​បាតជើង​ខាងស្តាំ​ បណ្តាល​ឲ្យ​រង​របួស​ត្រូវ​បញ្ជូន​ទៅ ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​យោធភូមិ​ភាគ​២​ ហៅ​ពេទ្យ​៧​ដេ​ ។​

​ក្នុង​ករណី​ប៉ុនប៉ង​ធ្វើឃាត​មិន​បាន​សម្រេច​នេះ​ សមត្ថកិច្ច​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន​នៅ​ ឡើយ​ ដោយ​សន្និដ្ឋាន​ជាបឋម​ថា​ ជា​រឿង​គំនុំ​ និង​កំពុង​ស្រាវជ្រាវ​យ៉ាង​សកម្ម​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រំលង​អធ្រាត្រ​ម៉ោង​៣​ ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​ភូមិ​អូរ​ធ្ន​ង​ ឃុំ​អូរ​ស្វាយ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ។​

​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​លប​បាញ់ប្រហារ​នេះ​មានឈ្មោះ​ រឿ​ន​ ធា​រី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ ឃុំ​កើតហេតុ​ កំពុង​សម្រាក​ព្យាបាល​វះកាត់​យក​ក្បាល់​គ្រាប់​នៅ​មន្ទីរពេទ្យ​៧​ដេ​បាន​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​កើតហេតុ​ ខ្លួន​បាន​ដេក​នៅផ្ទះ​ឪពុក​ឈ្មោះ​ឃុ​ត​ រឿ​ន​ អាយុ​៥៧​ឆ្នាំ​ ។​ លុះ​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៤​ ស្រាប់តែ​ឮ​សំឡេង​ឆ្កែ​ព្រូស​យ៉ាង​រន្ថើន​នៅ​ក្បែរ​ផ្ទះ​ ។​ បន្ទាប់​មក​ក៏​ឮ​សំឡេង​កាំភ្លើង​ផ្ទុះ​មួយ​គ្រាប់​ នៅ​ក្រោមផ្ទះ​កន្លែង​ដែល​ខ្លួន​ដេក​។​

​ជន​រង​គ្រោះ​បន្ត​ទៀត​ថា​ ពេល​នោះ​ខ្លួន​មាន​អារម្មណ៍​ឈឺ​នៅ​បាតជើង​ខាងស្តាំ​ ទើប​ដឹង​ថា​ ត្រូវ​គ្រាប់កាំភ្លើង​ ហើយ​ក៏​ត្រូវ​ក្រុម​គ្រួសារ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៧​ដេ​ ។​

​លោកប៉ា​ក​ ជាតិ​ អធិការ​នគរបាល​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ស្រាវជ្រាវ​ តែ​ពុំ​ឃើញ​សំបក​គ្រាប់កាំភ្លើង​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​ឡើយ​។​ លោក​បន្ត​ថា​ សមត្ថកិច្ច​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ចាម​ និង​ជំនាញ​បច្ចេកទេស​បាន​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​ តែ​ពុំ​ទាន់​ឲ្យ​ដឹង​ពី​លទ្ធផល​នៅឡើយ​ រង់ចាំ​អង្កេត​ចប់​សិន​៕​ សុ​.​ភ័​ណ្ឌ​

IMG-20141231-WA0026

IMG-20141231-WA0028

Loading...

Leave a Reply

Your email address will not be published. Required fields are marked *