កំពូលតារាចំរៀងព្រាប សុវត្ថិ បដិសេធថា មិនបាន រំលោភសិទ្ធិសាធារណៈ ដោយសង់រោងជាងបិទផ្លូវ និង ការរំខានអ្នកជិតខាងទេ

ប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានរសើបថា តារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានប្រជាពលរដ្ឋប្រមាណ ៧០ គ្រួសារដាក់ប្តឹងតវ៉ាលោករឿងរំលោភសិទ្ធិសាធារណៈ ដោយបានសង់រោងជាងបិទផ្លូវ និង ការរំខានអ្នកជិតខាង ។

បន្ទាប់ពីព័ត៌មាននេះបានផ្ទុះឡើង ពេលនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញបំភ្លឺហើយទាក់ទងនឹងករណីនេះ ដោយយោងតាមរយៈទំព័រហ្វេសប៊ុកលោក ហេង ឡុង ជាប្រធានសមាគមសិល្បករខ្មែរបានបង្ហាញថា ៖ «បង ព្រាប សុវត្ថិ សូមបដិសេធព័ត៌មានផ្សាយកាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញ ចំពោះការផ្ទុះតវ៉ាពាក់ព័ន្ធជាមួយនឹងផ្ទះរបស់គាត់ ហើយបានចោទប្រកាន់ថាគាត់បានរំលោភផ្លូវសាធារណៈ និង ធ្វើឱ្យរំខានអ្នកជិតខាង ដោយមានរហូត ៧០ គ្រួសារមកតវ៉ា តែជាក់ស្ដែងមានត្រឹមពីរបីគ្រួសារប៉ុណ្ណោះ ហើយគាត់បានចោទជាសំណួរថា ពួកគាត់មានបំណងអ្វី? នៅពេលដែលគាត់នៅផ្ទះ ហេតុអ្វីមិនមកនិយាយគ្នា?»។

សូមបញ្ជាក់ថា ថ្ងៃកើតហេតុម្សិលមិញនេះ គាត់មិនបាននៅភ្នំពេញទេ ឥឡូវនេះគាត់កំពុងតែធ្វើដំណើរត្រឡប់មកពីខេត្តមណ្ឌលគិរីវិញ ។

យ៉ាងណាមិញ ជាមួយនឹងការបំភ្លឺនេះ តាមរយៈទំព័រហ្វេសប៊ុកលោក ហេង ឡុង ក៏មិនបានបង្ហាញថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ មានដំណោះស្រាយយ៉ាងណាចំពោះប្រជាពលរដ្ឋដែលបានធ្វើការតវ៉ានោះឡើយទេ ។

តាមការឱ្យដឹង លោក ព្រាប សុវត្ថិ ត្រូវបានប្រជាពលរដ្ឋតវ៉ា និង ចូលមកដោះស្រាយបញ្ហា ៤ ចំណុច គឺទាក់ទងនឹងការធ្វើរបងបំពានលើផ្លូវសាធារណៈ, ការធ្វើរោងឈើបិទផ្លូវ, ការចតរថយន្តបិទផ្លូវគ្មានសណ្ដាប់ធ្នាប់ និង ការរោទ៍សំឡេងរថយន្តលាន់ខ្លាំង រំខានអ្នកជិតខាង ៕

Loading...