ក្តៅៗទៀតហើយ! រថយន្តដឹកឈើបុកឡានអ្នកកាសែតនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ រថយន្តអ្នកកាសែតប្រមាណជាង២០គ្រឿងក្នុងមានទាំងចាងហ្វាងផ្សាយផងនោះបានរងការខូចខាត ក្រោយក្រុមឈ្មួញបាន បើករថយន្តទម្លាយផ្លូវ ដើម្បីដឹកជញ្ជូនឈើប្រណិតឲ្យដល់គោលដៅ ខេត្តរតនគិរី ឯសមត្ថកិច្ចកំពុងលង់លក់នៅក្នុងដំណេក ។

ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងជាង១រំលងអាធ្រាត្រ ថ្ងៃទី២កក្កដា២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧ ហួសផ្លូវបំបែកចំណុចប្រសព្វអូរពងមាន់ ភ្ជាប់ផ្លូវទៅខេត្តរតនគិរី ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការផ្ទុះឡើងសង្គ្រាមដឹកជញ្ជូនឈើប្រណិតនោះ គឺបានកើតនៅក្រោយសកម្មភាពឈ្មួញឈើ១ក្រុម បានដឹកជញ្ជូនប្រមាណជាង២០រថយន្ត ចេញពីស្រុកសៀមប៉ាង ឆ្លងកាត់ដីក្រុងស្ទឹងត្រែង ក្នុងបំណងនាំឆ្ពោះទៅកាន់ខេត្តរតនគិរី ពេលក្បួនរថយន្តដឹកឈើទាំងជាង២០គ្រឿងនោះ បើកមកដល់ចំណុចអូរពងមាន់ មានរថយន្តអ្នកកាសែតជាច្រើនគ្រឿង ដាក់តម្រៀបគ្នាចាំឃ្លាំមើល និងថតយករូបភាពបទល្មើស នៅម៉ោងជិត២រំលងអាធ្រាត្រ ក្បួនរថយន្តដឹកឈើក៏បានមកដល់ ហើយបើកបន្តទៅខេត្តរតនគិរី នៅគ្រានោះរថយន្តអ្នកាសែតបានបើកប្រដេញតាម ដើម្បីថតយករូបភាព ពីសកម្មភាពរថយន្តដឹកឈើ ចំណែក ក្បួនរថយន្តដឹកឈើក៏បានបើកបំបុករថយន្តអ្នកកាសែត ដើម្បីទម្លាយផ្លូវបន្តដំណើរទៅកាន់ខេត្តគោលដៅ ។ ក្រោយពេលឈ្មួញឈើបានបើកបុករួចមក មានរថយន្តអ្នកកាសែតជាច្រើនគ្រឿង បានរងការខូចខាត រីឯ រថយន្តក្រុមឈ្មួញបានបន្តដំណើរទៅមុខយ៉ាងរលូន ៕ ឡុងកាន់សំនៀង

 

Loading...