ក្នុងខែសីហា​នេះ! បទល្មើសលួចដឹកជញ្ជូនឈើប្រណិតខុសច្បាប់ជាច្រើនត្រូវកម្លាំងអាវុធហត្ថបង្ក្រាបបីករណីហើយ

ខេត្តរតនគិរី៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយអាវុធហត្ថស្រុកអូរយ៉ាដាវ បានបង្ក្រាបជាបន្តបន្ទាប់ ករណីលួចដឹកជញ្ជូនឈើប្រណិតខុសច្បាប់ រថយន្តសេរីទំនើបៗ ដែលតែងតែធ្វើសកម្មភាពលួចឆ្មក់ ហាក់ដូចជាមានការស្ងប់ស្ងាត់ទៅវិញហើយ ជាក់ស្ដែងនៅដើម ខែសីហា ឆ្នាំ២០១៧នេះ រថយន្តចំនួន ៤គ្រឿង លួចដឹកជញ្ជូនឈើប្រណិត ត្រូវបានកម្លាំងបញ្ជាការឯកភាពស្រុកអូរយ៉ាដាវ ចាប់បញ្ជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើបកែវ នៅថ្ងៃទី១៧ ខែសីហានេះ រថយន្តសាំយ៉ុងចំនួន២គ្រឿងដឹកឈើប្រណិត នៅថ្ងៃទី១៩ ខែសីហានេះក៏ត្រូវសមត្ថកិច្ចបង្ក្រាបដែរ រថយន្តកាម៉ារីស្វិត១គ្រឿងដឹកឈើប្រណិត នៅថ្ងៃទី២២ ខែសីហានេះក៏ត្រូវបង្ក្រាប រថយន្តឡង់គ្រីស័រ១គ្រឿងទៀតក៏ត្រូវបង្ក្រាប។

បើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវ ថា បន្ទាប់ពីមានបទបញ្ជាពីគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាបទបញ្ជាពីលោក គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ឲ្យយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើស ដឹកជញ្ជូនឈើខុសច្បាប់។
លោកក៏បានដាក់ពង្រាយកម្លាំងប្រចាំការត្រួតពិនិត្យចំនួន៣គោលដៅ ទើបបង្ក្រាបបានចំនួន៣ករណីខាងលើនេះ បន្ទាប់ពីកម្លាំងលោកធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹង ហើយឃាត់បានរថយន្តចំនួន ៤គ្រឿង និងមធ្យោបាយដឹកជញ្ជូនឈើប្រណិតចំនួន ១៨៤ដុំ ទម្ងន់ ១៤២៦គីឡូក្រាម ស្មើ ១.១៣២ ម៉ែត្រគូប។

លោកថា វត្ថុតាងរថយន្ត និងឈើប្រណិតទាំងនោះ ត្រូវបានប្រគល់ជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ ផ្នែកបរកែវ ដើម្បីចាត់ការបន្តតាមនិតិវិធី។

ប៉ុន្តែការបង្ក្រាបខាងលើនេះ គេនៅមិនទាន់ឃើញបង្ក្រាបបានរថយន្តសេរីទំនើបៗ ជាច្រើនគ្រឿងទៀតដូចជា រថយន្តកាម៉ារីបាឡែន អត់ពន្ធ កាម៉ារីហាយប៊្រីត ឡិចស៊ីស ហាយឡែនឌឺរ អត់ពន្ធ និងរថយន្តតូយូតាមួយបាំងកន្លះ ជាពិសេស មេឈ្មួញឈើជើងខ្លាំងធ្លាប់កៀរឡានអ្នកសារព័ត៌មាន និងវាយអ្នកសារព័ត៌មានកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ មានរថយន្តចំនួន៤គ្រឿង គឺរថយន្តតូយូតាមួយបាំងកន្លះ២គ្រឿង ឡិចស៊ីស១គ្រឿង និងរថយន្ត៤៧០ ១គ្រឿងទៀតសម្រាប់រត់បិទគូថ ការពារពេលមានអ្នកតាមប្រម៉ាញ់ ផ្តិតយករូភាព ហើយមុខសញ្ញាមេឈ្មួញជើងខ្លាំងរូបនេះ គេតែងតែដឹកឈើចេញពីស្រុកតាវែង ឆ្ពោះទៅកាន់ច្រករបៀងភ្នំក្រហម ចំណែកសកម្មភាពដែលគេតែងតែធ្វើចរាចរណ៍ឆ្លងកាត់ស្រុកអូរជុំ គឺចាប់ពីម៉ោង១២យប់រំលងអាធ្រាត្រ ដល់ម៉ោង៤ទាបភ្លឺ។

គេសង្ស័យថា រថយន្តសេរីទំនើបៗទាំងនោះ មានខ្នងបង្អែកអ្នកធំនៅពីក្រោយចឹងបានជាមិនហ៊ានធ្វើការបង្ក្រាប៕

Loading...