ក្នុងថ្ងៃតែមួយចាប់២ករណី បទល្មើសព្រៃឈើនឹងសត្វព្រៃ ធ្វើចរាចរទៅប្រទេសវៀតណាម

ខេត្តរតនគិរី៖ កម្លាំងចម្រុះស្រុកអូរយ៉ាដាវស្ទាក់ចាប់បទល្មើសព្រៃឈើនិងសត្វព្រៃនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិ អន្លង់ជ័រ ឃុំអន្លង់ជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ កម្លាំងចម្រុះរបស់ស្រុកអូរយ៉ាដាវចាប់បានសត្វព្រៃជាច្រើនប្រភេទនិងរថយន្តដឹកឈើ១គ្រឿង។

លោកវរសេនីយ៍ត្រីសុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបានឲ្យដឹងថាចាប់បានសត្វព្រៃរួមមាន៖ទី១ រឹបអូសសត្វសំប៉ូចតូចធំចំនួន៥ក្បាលទី២សត្វពស់រស់១០គីឡូក្រាមដឹកតាមម៉ូតូចំនួន២គ្រឿង។

ដោយឡែកសមត្ថកិច្ចបានធ្វើកិច្ចសន្យាទៅម្ចាស់ប្រព្រឹត្តិបទល្មើសនោះទាំង២នាក់រួមទាំងម៉ូតូឲ្យត្រឡប់ទៅផ្ទះវិញ។ ករណីទី២នៅថ្ងៃដដែលនោះសមត្ថកិច្ចចាប់បានរថយន្ត១គ្រឿងម៉ាកកាម៉ារីគូថស្វិតស៊េរីឆ្នាំ៩១ ពណ៌ខ្មៅ ពាក់ស្លាកលេខក4138ភព2 ដែលផ្ទុកឈើប្រណិតប្រភេទធ្នង់ពេញរថយន្តរួមទាំងម្ចាស់រថយន្តនិងម្ចាស់ឈើម្នាក់ដែលមានឈ្មោះ ផាត ថន ភេទប្រុស ដែលកាន់កាតកាសែតវរៈជ័យ ប្រចាំការនៅរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង។

លោកសុខមីន បានបន្តថា ក្រោយពីចាប់រថយន្តអ្នកកាសែតដឹកឈើ អ្នកកាសែតរូបនោះបានត្អូញត្អែរប្រាប់សមត្ថកិច្ចថាដោយរូបគាត់ជាអ្នកកាសែតអត់មានលុយថែទាំប្រពន្ធ ដោយប្រពន្ធរបស់គាត់ទើបតែសម្រាលកូនបាន២-៣ខែប៉ុណ្ណោះ។

បច្ចុប្បន្នអ្នកកាសែតរូបនេះត្រូវបានសមត្ថកិច្ចដោះលែងឲ្យទៅផ្ទះវិញ ចំណែករថយន្តនិងឈើត្រូវបានរក្សាទុកនៅទីបញ្ជាការប៉េអឹមស្រុកអូរយ៉ាដាវ។

លោកថា ក្នុងរយៈពេលជាង១ខែនេះកម្លាំងចម្រុះរបស់ស្រុកអូរយ៉ាដាវបានធ្វើតាមបទបញ្ជារថ្នាក់ខេត្តឲ្យធ្វើការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទជាពិសេសនោះបទល្មើសព្រៃឈើតែម្តង បង្ក្រាបបានជាច្រើនករណីក្នុងរយៈពេលជាង១ខែនេះរឹបអូសបានឈើគ្រប់ប្រភេទរាប់រយដុំក៏ប៉ុន្តែសមត្ថកិច្ចថ្នាក់ស្រុកនិងធ្វើកម្មវិធីប្រគល់វត្ថុតាងឈើទាំងអស់នោះនឹងបញ្ជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តតាមនិតិវិធី៕

Loading...