ក្នុង​មួយ​យប់​ យន្តហោះ​គ្មាន​មនុស្ស​បើកបរ​យ៉ាងតិច​៥​គ្រឿង​ហោះ​ពីលើ​ទី​ក្រុងប៉ារីស​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សន្តិសុខ​បារាំង​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ថា​ ក្នុង​មួយ​យប់​ យន្តហោះ​គ្មាន​មនុស្ស​បើកបរ​យ៉ាងតិច​៥​គ្រឿង​បាន​ហោះ​ពីលើ​ទី​ក្រុងប៉ារីស​ ហើយ​រហូត​ម​ដល់​ពេល​នេះ​កម្លាំង​ជំនាញ​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​ថា​ តើ​យន្តហោះ​ទាំងនោះ​មាន​ប្រភព​ចេញពី​ខាង​ណា​។​

​ប្រភព​បន្ត​ថា​ យន្តហោះ​ទី​១​បាន​ហោះ​ពីលើ​ទីតាំង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ប្រទេស​បារាំង​។​ ហោះ​ពីលើ​ទីតាំង​និមិត្តរូប​ Eiffel​ Tower,​ ពីលើ​ Place​ de​ la​ Concorde​ និង​ហោះ​ពីលើ​សារមន្ទីរ​យោធា​ Invalides​ ផង​ដែរ​នៅ​ក្នុង​រាត្រី​នោះ​។​

​ប្រភព​ដែល​ស្នើ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា​ «​វា​អាច​ជា​ការ​ឈ្លប​យ​ការណ៍​ ប៉ុន្តែ​យើង​មិនដឹង​ប្រាកដ​ទេ​ នៅ​ពេល​នេះ​។​ យើង​បាន​ព្យាយាម​គ្រប់យ៉ាង​ដើម្បី​តាម​ចាប់​ប្រតិបត្តិការ​ខាងលើ​នេះ​ ប៉ុន្តែ​យើង​មិន​ទទួល​បាន​ជោគជ័យ​»​។​

​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ប្រទេស​បារាំង​ស្រាប់តែ​មាន​លេចឡើង​នូវ​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ហោះ​ពីលើ​ជា​ញឹកញាប់​ ។​ កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ យន្តហោះ​គ្មាន​មនុស្ស​បើកបរ​បាន​ហោះ​ពីលើ​វិមាន​ប្រធានាធិបតី​បារាំង​ ហើយ​នៅ​ពេល​មិនយូរ​ក្រោយមក​ទៀត​ គេ​ឃើញ​យន្តហោះ​នេះ​ប្រមាណ​២០០​គ្រឿង​បាន​ហោះហើរ​ពីលើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ វត្តមាន​យន្តហោះ​ទាំងនេះ​បាន​ស្ងាត់​មួយ​រយៈពេល​ ហើយ​ទើបតែ​មក​ដល់​យប់​ថ្ងៃ​អង្គារ​ ទី​២៤​ ខែកុម្ភៈ​នោះ​ទេ​ ដែល​ក្នុង​មួយ​យប់​ គេ​ឃើញ​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​រហូត​ដល់​៥​គ្រឿង​ហោះ​ពីលើ​ទី​ក្រុងប៉ារីស​។​

​ច្បាប់​របស់​ប្រទេស​បារាំង​បាន​ហាមឃាត់​យន្តហោះ​ធុន​តូច​,​ យន្តហោះ​គ្មាន​មនុស្ស​បើក​ស៊ី​វិល​ចូល​ទៅ​ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ​ ឬ​ទីតាំង​ហាម​ការ​ហោះហើរ​ទៅ​ក្បែរ​ក្នុង​ចម្ងាយ​២.៥​គីឡូម៉ែត្រ​ និង​ពីលើ​កម្ពស់​ ១​ពាន់​ម៉ែត្រ​។​

​គេហទំព័រ​ France​ 24​ បាន​បញ្ជាក់​ថា​ នៅ​ប្រទេស​បារាំង​ច្បាប់​បាន​អនុញ្ញាត​ឲ្យ​មានការ​ទិញ​ ឬ​រក្សាទុក​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ដើម្បី​សកម្មភាព​កម្សាន្ត​ និង​តម្រូវការ​ផ្សេងៗ​ទៀត​។​ យន្តហោះ​ទាំងនេះ​អាច​ហោះហើរ​បាន​ដោយ​មិន​ចាំបាច់​សុំ​ច្បាប់​ ប្រសិនបើ​នៅ​ក្នុង​ដែនអាកាស​ត្រឹម​កម្ពស់​ក្រោម​៥០០​ហ្វី​ត​ (​ប្រហាក់ប្រហែល​១៥២​ម៉ែត្រ​)​។​ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ហោះ​ពីលើ​តំបន់​ប្រជុំជន​,​ ទីតាំង​ទ័ពអាកាស​ ក៏​ដូច​ទីតាំង​សំខាន់ៗ​ដទៃ​ផ្សេង​ទៀត​មាន​ដូច​ជាទី​តាំង​យោធា​ និង​រោងចក្រ​នុយក្លេអ៊ែរ​ផង​ដែរ​។​

​ប្រទេស​បារាំង​កំពុង​ស្ថិត​ក្រោម​ការ​ប្រុង​ជើងការ​ខ្ពស់​ក្នុង​បញ្ហា​ការពារ​សន្តិសុខ​ ខ្លាចក្រែង​មានការ​វាយប្រហារ​ពី​ក្រុម​វ​ភេរវកម្ម​កើតឡើង​សា​ជា​ថ្មី​ ។​ ប៉ូលិស​បារាំង​ រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​កំណត់​បាន​អត្តសញ្ញាណ​ថា​ នរណា​មួយ​ជា​អ្នក​ដែល​ស្ថិត​នៅ​ពីក្រោយ​សកម្មភាព​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​ឡើយ​។​ អ្នកជំនាញ​អះអាង​ថា​ យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ធុន​តូច​ មិន​អាច​ជា​ការ​គំរាមកំហែង​បាន​ឡើយ​ បើ​ទោះបី​បុក​ជាមួយ​រោងចក្រ​នុយ​ក្លែ​អ៊ែ​រ​ក៏​ដោយ​ ៕​ យ៉ា​ត​ សុមេធ​

eiffel

Loading...

Leave a Reply

Your email address will not be published. Required fields are marked *