ក្បួនព្យុហយាត្រា បុណ្យទន្លេលើកទី៤ នៅខេត្តកណ្ដាល នឹងធ្វើនៅលើផ្ទៃទឹកទន្លេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគនៈកម្មការរៀបចំបុណ្យទន្លេ លើកទី៤ លោក ថោង ខុន បានថ្លែងថា ពិធីបុណ្យទន្លេឆ្នាំនេះ ធ្វើឡើង ក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍ The River of Peace Friendship and Sustainable of Tourism» ដែលនឹងប្រព្រឹត្តទៅនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ប៉ុន្តែអ្វីដែលប្លែកគឺ ការហែក្បួនព្យុះហយាត្ត្រា នៅលើផ្ទៃគង្គារ ដោយទូកទេសចរណ៍ អមដោយការតុបតែងលម្អ ឲ្យស្របតាមប្រធានបទខាងលើ។ ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រី បានធ្វើឡើង ក្នុងកិច្ចប្រជុំប្រជុំជាមួយសាលាខេត្តកណ្ដាលនិងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រកាស និងប្រគល់ការចាត់តាំងគណៈកម្មការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៤ កាលពីព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៨នៅទីស្តីការក្រសួងទេសចរណ៍។

លោក រដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបង្កើតគណៈកម្មការត្រៀមរៀបចំបុណ្យទន្លេមួយ ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ជាប្រធាន ក្នុងនោះមានអនុគណៈកម្មការចំនួន៤ទៀត និងលេខាធិការដ្ឋាន១ ដែលរួមមាន៖ អនុគណៈកម្មការរៀបចំទស្សនីយភាពសិល្បៈ ពិព័រណ៍ និងផ្សព្វផ្សាយ អនុគណៈកម្មការរៀបចំសកម្មភាពកីឡា អនុគណៈកម្មការរៀបចំខ្លឹមសារ និងអនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កន្លងមក ក្រសួងទេសចរណ៍ សាលាខេត្កណ្តាលល និង ស្ថាប័នពាក់ព័ន្ធបានប្រជុំត្រៀមខ្លះៗហើយ តែពេល នេះ យើងធ្វើការប្រកាសសមាសភាពអនុគណៈកម្មការ និងបញ្ជាក់ប្រគល់ភារកិច្ចឲ្យបានច្បាស់លាស់បន្ថែម ។

ពិធីបុណ្យនេះនឹងមានទស្សនីយភាពសិល្បៈប្លែកៗ និងពិព័រណ៍កសិផល សិប្បកម្ម ប្រពៃណី នឹងមានការតាំងពិព័រណ៍ម្ហូបអាហារជាប្រពៃណី មកពីខេត្តជាប់ទន្លេ ព្រោះម្ហូបអាហារឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណីរបស់សហគមន៍ ម្យ៉ាងដើម្បីឲ្យស្របតាមនយោបាយទេសចរណ៍ថ្មីរបស់អាស៊ាន ស្តីពី Gastronomy ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ។ អ្វីដែលពិសេសក្នុងពិធីបុណ្យទន្លេនេះ គឺមានការរៀបចំព្យុហយាត្រាលើផ្ទៃទន្លេតែម្តង ។

ដោយតាមទីតាំងភូមិសាស្ត្រ ទីរួមខេត្តកណ្ដាលនៅជិតរាជធានីភ្នំពេញ យើងរំពឹងថាអាចនឹងមានប្រជាជននិងទេសចរចូលរួមកម្សាន្តយ៉ាងតិចតប្រមាណ ជាង ១លាននាក់។ លោកបន្តថា បុណ្យទន្លេមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងពីនយោបាយមួយដែលឆ្លើយតបនឹងសក្តានុពលទេសចរណ៍ ដោយបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ក្នុងយុទ្ធនាការផ្សព្វផ្សាយអាស៊ាន ដែលជាផលិតផលទេសចរណ៍ ឆ្លើយតបនឹងក្របខណ្ឌនយោបាយយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការអាស៊ាន មេគង្គ-ឡាងឆាង មហាអនុតំបន់មេគង្គ មេគង្គ-គង្គា ពិសេសវាបានរំលេចនូវសក្ដានុពល សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍នៅតាមដងទន្លេមួយនេះ ព្រោះប្រជាពលរដ្ឋថរាប់លាននាក់ទទួលបានផលប្រយោជន៍ច្រើនណាស់ពីទន្លេមេគង្គនេះ។

សូមជម្រាបថា ទន្លេមេគង្គ ជាទន្លេដែលវែងជាងគេលំដាប់ទី១៧ ក្នុងពិភពលោក និងទី១២ក្នុងទ្វីបអាស៊ី។ ទន្លេមេគង្គមានប្រវែង ៤,២០០គីឡូម៉ែត្រ ហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ដោយឡែកកម្ពុជាទន្លេមេគង្គហូរឆ្លងកាត់ប្រវែងប្រមាណជាង ៥០០គីឡូម៉ែត្រ និងបានបែកចេញជាទន្លេសាប និងទន្លេតូចជាច្រើនទៀត ទាំងនៅប៉ែកខាងលើប៉ែកខាងក្រោម មានប្រជាជនរាប់លាននាក់រស់នៅតាមដងទន្លេ និងទទួលបានផលប្រយោជន៍ពីទន្លេនេះ៕

 

Loading...