ក្បួនរថយន្តដឹកជញ្ជូនឈើ៦គ្រឿងបានរងការបង្ក្រាបពីកម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ មន្ត្រីព្រៃឈើខេត្តស្ទឹងត្រែង បានប្រើកណ្តាប់ដៃប្រដេញស្ទាក់ចាប់រថយន្តដឹកឈើ៦គ្រឿង ពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូនចេញ ពីស្រុកថាឡាបរិវ៉ាត់ ឆ្លងកាត់ស្ពានមេគង្គ ចូលមកដីក្រុងស្ទឹងត្រែង ហើយក៏ត្រូវបានមន្ត្រីព្រៃឈើខេត្ត ស្ទាក់ចាប់បាន នៅម៉ោងប្រមាណជា១២ថ្ងៃត្រង់ ថ្ងៃ១៣ធ្នូនេះ ស្ថិតនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។

មន្ត្រីព្រៃឈើខេត្តបានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបរថយន្តដឹកជញ្ជូនឈើទាំង៦គ្រឿងនោះ គឺដោយសារមើលឃើញពីភាពរញ៉េរញ៉ៃ នៅក្នុងការដឹកឈើឆ្លងដែនដីខេត្ត ព្រោះរថយន្តទាំងនេះ បានផ្ទុកទៅដោយឈើមូល ជាឈើប្រភេទលេខ២ ដែលឈ្មួញបានដឹកជញ្ជូនចេញពីស្រុកថាឡាបរិវ៉ាត់ ឆ្លងកាត់ដីក្រុងស្ទឹងត្រែង ក្នុងគោលបំណងនាំឆ្ពោះទៅកាន់ ខេត្តក្រចេះ ។

មន្ត្រីដដែលបានបន្តឲ្យដឹងទៀតថា រថយន្តសាំយ៉ុងទាំងនេះ បានផ្ទុកទៅដោយឈើមូលវែងៗ ធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ៩ និងផ្លូវជាតិលេខ៧ អាចបង្កការគ្រោះថ្នាក់ និងភ័យខ្លាច ដល់អ្នកប្រើប្រាស់ទ្រូងផ្លូវឯទៀត ព្រោះរថយន្តសាំយ៉ុងដឹកឈើទាំងនេះ បានបើកបរនៅក្នុងកម្រិតល្បឿនលឿន ដោយមិនបានគិតពីសុវត្ថិភាពអ្នកដទៃនោះឡើយ។ លោកថា ដោយសង្កេតឃើញសភាពបែបនេះ មន្ត្រីព្រៃឈើខេត្ត បានចុះទប់ស្កាត់ និងបង្ក្រាបរថយន្តដឹកឈើបាន៦គ្រឿង ៥គ្រឿងចាប់នៅជិតគល់ស្ពានមេគង្គ និង១គ្រឿងទៀត មន្ត្រីព្រៃឈើបានសហការជាមួយ កម្លាំងនគរបាលត្រួតពិនិត្យចរាចរខេត្ត នៅចំណុចជិតថ្នាលបណ្តុះកូនឈើ ភ្នំក្រហម ក្នុងដីក្រុងស្ទឹងត្រែង ។

ក្រោយការបង្ក្រាបនោះរួច រថយន្តដឹកជញ្ជូនឈើទាំង៦គ្រឿងនោះ ត្រូវបានមន្ត្រីព្រៃឈើ នាំយកមកកាន់ផ្ទះស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង ចាត់ការតាមច្បាប់ ។ ចំណែក ឈើនៅក្នុងរថយន្តដែលរងការបង្ក្រាបនោះ នៅមិនទាន់ដឹងពីចំនួនម៉ែត្រគូបនោះទេ ព្រោះត្បិតមិនទាន់បានធ្វើការវាស់វែងនៅឡើយ ៕

Loading...