ក្មេងកំព្រា៣នាក់បងប្អូនអង្គុយក្នុងតង់មួយយ៉ាងកម្សត់ ខណៈឪពុកឈឺធ្ងន់ស្លាប់រហូតដល់ហើមស្អុយរលួយ គ្មានអ្នកភូមិណាដឹង

ខេត្តរតនគីរី៖ ការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលអ្នកភូមិបានឃើញក្មេងកំព្រា ៣នាក់បងប្អូន អង្គុយក្នុងតង់មួយ ដោយសារឪពុកឈឺធ្ងន់បានស្លាប់ចោល នៅក្នុងខ្ទមក្បែរនោះ ដែលមានសភាពហើមស្អុយទៅហើយ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញ នៅចំណុចភូមិប៉ក់ញៃ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។

សពបុរសដែលស្លាប់ហើមស្អុយនោះ ឈ្មោះ ស៊ិន បូរ៉ា អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិកូនធ្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងប្រពន្ធឈ្មោះ សាន សុខុម ទើបតែស្លាប់ទៅបានជាង៦ខែមុន ដោយបន្សល់ទុកកូនកំព្រាចំនួន ៣នាក់នេះ កូនទី១.ឈ្មោះ រ៉ា សាន ភេទប្រុស អាយុ១៣ឆ្នាំ កូនទី២.ឈ្មោះ រ៉ា វិត ភេទស្រី អាយុ១១ឆ្នាំ និងកូនទី៣.ឈ្មោះ រ៉ា ស្រីម៉ៅ អាយុ៧ឆ្នាំ។

អ្នកភូមិដែលនៅកន្លែងកើតហេតុ បានប្រាប់ថា គ្រួសាររងគ្រោះមកពីខេត្តត្បូងឃ្មុំ និងចូលមករស់នៅភូមិខាងលើ ដោយមានជីវភាពក្រីក្រផង ប្រពន្ធឈឺធ្ងន់គ្មានថ្នាំព្យាបាល ក៏ស្លាប់បាត់ទៅ មិនបានប៉ុន្មានខែផងប្តីក៏ឈឺធ្ងន់ទៀត ទើបពលរដ្ឋនៅភូមិ ដែលជាជនជាតិភាគតិច ខ្លាចស្លាប់ក្នុងភូមិគេទៀត ក៏នាំគ្នាដេញគ្រួសារនេះចេញពីភូមិទៅ ហើយជនរងគ្រោះក៏នាំកូនមកសង់ខ្ទមនៅជិតចំការគេមួយកន្លែង ដោយពុំមានអ្នកណាដឹងទេ។ លុះរសៀលថ្ងៃកើតហេតុ មានប្រជាពលរដ្ឋដើររកផ្សិត ក៏ប្រទះឃើញក្មេងទាំង៣នាក់នេះ អង្គុយក្នុងតង់មួយ នៅជិតខ្ទមនោះ ប្រមាណជា២០ម៉ែត្រ ហើយក៏សួរទៅក្មេងៗ ទើបដឹងថា ឪពុកគេឈឺស្លាប់នៅក្នុងខ្ទមនោះ ៤-៥ថ្ងៃហើយ។ ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នាផ្អើលមកមើល និងបានរាយការណ៍ជូនសមត្ថកិច្ច ភ្លាមៗ លោក ងើយ ដន អធិការរងស្រុកអូរយ៉ាដាវ ក៏ដឹកនាំកម្លាំងចុះមកត្រួតពិនិត្យតែម្តង។

លោកអធិការរង ងើយ ដន បានឲ្យដឹងថា សពជនរងគ្រោះព្រោះតែមានភាពស្អុយរលួយទៅហើយនោះ ត្រូវបានបូរជា និងដុតទាំងខ្ទមតែម្ដង។ ចំណែកក្មេងទាំង៣នាក់ ត្រូវបានយកទៅចិញ្ចឹមសិន រង់ចាំខាងអង្កការយកទៅចិញ្ចឹម ៕

ds

33

Loading...

Leave a Reply

Your email address will not be published. Required fields are marked *