ក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំចងកសម្លាប់ខ្លួនសង្ស័យថាតូចចិត្តរកបាយឲ្យម្ដាយហូបមិនបាន

ខេត្តបន្ទាយមានជ័យ ៖អ្នកភូមិក្បែរខាងផ្ទះក្មេងប្រុសម្នាក់អាយុ ១៣ឆ្នាំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការសង្វេគក្នុងចិត្តជាខ្លាំង បន្ទាប់ពីក្មេងនោះចងកសម្លាប់ខ្លួនឯងកាលពីថ្ងៃទី២៣ ធ្នូ កន្លងទៅ។ ប្រជាពលរដ្ឋបញ្ជាក់ថា ការសម្លាប់ខ្លួននេះដោយសារក្មេងនេះរស់ក្នុងគ្រួសារមានជីវភាព ក្រីក្រ និងពុំមានលទ្ធភាពដើរសុំបាយក្នុងពិធីរៀបមង្គលការគេ យកទៅឲ្យម្ដាយហូបប្រចាំថ្ងៃពុំបាន។ ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរភូមិអះអាងថា ក្មេងនោះសម្លាប់ខ្លួនអាចជាករណីផ្សេង និងពុំមែនដោយសារកត្តាជីវភាពក្រីក្រឡើយ។
អ្នកភូមិនៅក្រុងប៉ោយប៉ែត ភាគច្រើនលើកឡើងថា គ្រួសាររបស់ក្មេងប្រុសឈ្មោះ សៀង ដាំ អាយុ ១៣ឆ្នាំ រស់នៅពឹងផ្អែកលើការដើរសុំទានពីអ្នកស្រុក សម្រាប់ដោះស្រាយបញ្ហាក្រពះពីមួយទៅមួយថ្ងៃ។ ការខ្វះខាតអាហារហូបចុកប្រចាំថ្ងៃ ជាកត្តាសំខាន់ជំរុញឲ្យក្មេងប្រុសរូបនេះ បញ្ចប់ជីវិតដោយខ្លួនឯង។
ពលរដ្ឋក្បែរខាង គឺលោក ឡន ឆេងលី។ លោកថ្លែងថា ក្មេងប្រុសឈ្មោះ សៀង ដាំ អាយុ ១៣ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចងកសម្លាប់ខ្លួនកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ។ លោកបញ្ជាក់ថា កុមារា សៀង ដាំ តាំងពីតូចមក ពុំបានចូលសាលារៀនដូចកូនអ្នកស្រុកនោះទេ ដោយភាគច្រើនទៅសុំទានជាមួយម្ដាយនៅប្រទេសថៃ សម្រាប់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ហើយប្រមាណជា ៦ខែទើបត្រឡប់មកលេងស្រុកវិញម្ដង។ បុរសវ័យ ៣៤ឆ្នាំរូបនេះ បន្តដោយសម្ដីមួយៗថា ក្មេងនោះសម្លាប់ខ្លួនបន្ទាប់ពីម្ដាយរបស់គេវាយធ្វើបាបប្រមាណ កន្លះម៉ោង ដោយសារតែពុំបានទៅសុំបាយ និងនំចំណីក្នុងពិធីមង្គលការអ្នកស្រុកក្បែរខាង យកមកឲ្យម្ដាយហូបប្រចាំថ្ងៃ៖ «អ្នកភូមិទាំងខ្ញុំនៅទីនេះ អាណិតក្មេងដែលស្លាប់ណាស់ ពីព្រោះអាយុទើបតែ ១៣ឆ្នាំ ដល់ថ្នាក់រត់ទៅចងកស្លាប់ខ្លួនឯង។ ខ្ញុំមើលទៅក្មេងនេះរស់នៅគ្មានភាពកក់ក្ដៅពីឪពុកម្ដាយទេ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋក្បែរខាងម្នាក់ទៀត គឺលោកស្រី ប៊ិច ពុជ។ អង្គុយលើគ្រែក្រោមដើមស្វាយខាងមុខផ្ទះ ថ្លែងយោគខ្លួនចុះឡើងម្ដងម្កាលដោយសម្ដីញ័រៗថា លោកស្រីមានក្ដីសង្វេគក្នុងចិត្តជាខ្លាំង នៅពេលដែលឃើញម្ដាយវាយធ្វើបាបក្មេងនោះនៅចំពោះមុខខ្លួន ដោយសារតែជីវភាពខ្វះខាត ដែលពុំមានបាយហូបប្រចាំថ្ងៃ៖ «ខ្ញុំនៅ ជិតខាងមើលទៅឃើញថា ក្រុមគ្រួសាររបស់ក្មេងនេះមានជីវភាពខ្វះខាតខ្លាំងណាស់ សូម្បីតែអង្ករដាំបាយក៏គ្មានដែរ»។
ក្មេងប្រុសដែលស្លាប់នោះជាកូនទី២ ក្នុងចំណោមបងប្អូនចំនួន ៣នាក់ រស់នៅជាមួយម្ដាយឈ្មោះ លោកស្រី ធីដា អាយុ ៤៤ឆ្នាំ បន្ទាប់ពីឪពុករបស់គេបានស្លាប់កាលពីឆ្នាំ២០១៤ កន្លងទៅ។ អ្នកភូមិឲ្យដឹងថា គ្រួសារនេះរស់នៅអាស្រ័យការសុំទានគេដោះស្រាយជីវភាពប្រចាំថ្ងៃជាង ១០ឆ្នាំមកហើយ។ ក្រោយពីឪពុកបានស្លាប់ទៅ គ្រួសាររបស់ក្មេងនោះមានជីវភាពកាន់តែយ៉ាប់យ៉ឺនខ្លាំងទៅជា បន្តបន្ទាប់ រហូតដល់ថ្ងៃខ្លះនាំគ្នាផឹកទឹកជំនួសបាយក៏មាន។ ម្យ៉ាងទៀត ដោយសារគ្រួសារនេះគ្មានដីស្រែដីចម្ការសម្រាប់ដាំដុះផង និងការទៅសុំទាននៅប្រទេសថៃ ពុំបានប្រាក់ដូចកាលពីឪពុកនៅរស់ផង។
ឆ្លើយតបនឹងបញ្ហានេះ មេភូមិប្រជាធម្មលិច លោក កែវ សម្បត្តិ មានប្រសាសន៍ទទួលស្គាល់ថា ក្មេងប្រុសអាយុ ១៣ឆ្នាំនោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន ប៉ុន្តែលោកបដិសេធថា គ្រួសារនេះត្បិតតែធ្វើចំណាកស្រុកទៅក្រៅប្រទេសញឹកញាប់ក៏ដោយ តែក្មេងនោះពុំមែនសម្លាប់ខ្លួនដោយសារតែកត្តាជីវភាពក្រីក្រនោះ ទេ៖ «ផ្ទះការនោះជាបងប្អូនរបស់គាត់ទេ ហើយក្មេងនោះអត់ដាំបាយហូប ទើបម្ដាយឲ្យទៅយកបាយនៅក្នុងពិធីមង្គលការនោះយកមកហូបទាំងអស់ គ្នា តែកុមារនោះអត់ទៅ ដោយសារខ្មាសគេ។ ខ្ញុំមិនជឿឡើយពាក្យដែលថា ម្ដាយបង្ខំឲ្យកូនទៅសុំបាយគេមកហូបនោះ គឺគ្មានទេ»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ក្មេងប្រុសដែលស្លាប់នោះ ប្រសិនម្ដាយបង្កើតមិនបង្ខំក្មេងឲ្យទៅសុំបាយគេក្នុងពិធី មង្គលការយកមកហូបទេ នោះក្មេងនឹងមិនចងកសម្លាប់ខ្លួនបែបនេះឡើយ។ លោកថា លោកសោកស្ដាយចំពោះការស្លាប់របស់ក្មេង ដោយសារតែគ្រួសារខ្វះអាហារហូបចុកនេះ ថាជារឿងមួយដែលអាជ្ញាធរមិនគួរបណ្ដោយឲ្យបញ្ហានេះកើតមានក្នុង សង្គមបច្ចុប្បន្ននោះទេ៖ «អ៊ីចឹងទេ អាជ្ញាធរនៅក្រុងប៉ោយប៉ែត គួរតែពិនិត្យមើលឡើងវិញទៅលើប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ធ្វើយ៉ាងណាជួយពួកគាត់ឲ្យបានហូបបានចុកដូចគេដូចឯង កុំឲ្យពួកគាត់ស្លាប់ដោយអត់អាហារឲ្យសោះ»។
លោក ស៊ុំ ច័ន្ទគា ស្នើឲ្យអ្នកដែលមានហូបចុកហូរហៀរ កុំបោះចោលចំណីអាហារខ្ជះខ្ជាយពាសវាលពាសកាល ហើយគិតគូរបែងចែកចំណីអាហារទាំងនោះទៅដល់ប្រជាពលរដ្ឋក្រីក្រជាការ ប្រសើរ។
យ៉ាងណាក៏ដោយ ស្ត្រីជាម្ដាយរបស់ក្មេងនោះបានរត់គេចខ្លួនបាត់ បន្ទាប់ពីដឹងថា កូនរបស់គាត់បានចងកសម្លាប់ខ្លួននោះ។ រហូតមកទល់ពេលនេះ ស្ត្រីជាម្ដាយនោះនៅពុំទាន់ត្រឡប់មកផ្ទះវិញនៅឡើយទេ។ ចំណែកឯសពក្មេងប្រុសនោះ ត្រូវបានអ្នកភូមិ និងសាច់ញាតិ នាំគ្នាយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោក នឹងមិនឲ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយអត់អាហារឡើយ ប៉ុន្តែសង្គមស៊ីវិលមួយចំនួនលើកឡើងថា កន្លងមកប្រជាពលរដ្ឋទាំងអ្នកនៅទីប្រជុំជន និងទីជនបទ អ្នកដើរសុំទានមានចំនួនកាន់តែច្រើនឡើង ដែលបញ្ហានេះផ្ដើមចេញដោយសារកត្តាជីវភាពខ្វះខាតប្រចាំថ្ងៃ។
របាយការណ៍របស់ធនាគារពិភពលោក (World Bank) បង្ហាញថា ប្រជាជនជាង ៣លាននាក់មានជីវភាពក្រីក្រ ហើយជាង ៨លាននាក់មានជីវភាពជិតក្រ។ របាយការណ៍ដដែលបង្ហាញថា កុមារកម្ពុជា ប្រហែល ៤២% ដែលមានអាយុក្រោម ៥ឆ្នាំ គឺកង្វះអាហារូបត្ថម្ភ ហើយពាក់កណ្ដាលនៃប្រជាជនកម្ពុជា មិនទាន់មានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ៕

7c5dbcb5-051e-499c-83de-f949a90e9185

Loading...

Leave a Reply

Your email address will not be published. Required fields are marked *