ក្មេងស្រីម្នាក់ ធ្វើការតាមផ្ទះឲ្យគេ​ បែរជាលួចលុយនិងទ្រព្យសម្បត្តិរបស់គេ!

ភ្នំពេញ: ក្មេងស្រីជាអ្នកបម្រើការងារតាមផ្ទះដែលទើបតែមានអាយុ១៦ឆ្នាំម្នាក់ ត្រូវបានម្ចាស់ផ្ទះចាប់ឃាត់ខ្លួនយកមកប្រគល់ ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ក្រោយពីរូបនាងបានធ្វើសកម្មភាពលួចយកលុយវៀតណាម និងទ្រព្យសម្បត្តិ របស់គេមួយចំនួន ហើយម្ចាស់ផ្ទះគេចាប់ឆែកររកឃើញ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៦២H ផ្លូវលេខ២០៥ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីជាប់ចោទខាងលើមានឈ្មោះ ឆ.រ.ម.ន អាយុ១៦ឆ្នាំ ។ ចំណែកឯស្ត្រីរងគ្រោះ មានឈ្មោះ កង ឡាង អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ ជាម្ចាស់ផ្ទះកើតហេតុ។

មុនពេលកើតហេតុ ស្ត្រីជាម្ចាស់ផ្ទះនៅលក់ដូរនៅជាន់ខាងក្រោម ហើយក្មេងស្រីជាជនសង្ស័យក៏បានឡើងទៅរៀបចំនៅក្នុងបន្ទប់កូនស្រីរបស់គាត់នៅជាន់លើ ពេលនោះរូបនាងក៏បានធ្វើសកម្មភាពបើកហិបលួចវៀតណាមចំនួន ២ ១៤០ ០០០ ដុង ចិញ្ជៀន ខ្សែក ខ្សែដៃ កាឡៃមួយ ឈុត រួមទាំង ខោអាវ និង គ្រឿងសម្អាងមួយចំនួនទៀតផងដែរ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះកូនស្រី របស់គាត់ក៏មកពីរៀនវិញ និងឡើងទៅបើកហិបលុយរបស់ខ្លួនមើលទើបដឹងថា បាត់លុយរបស់ខ្លួនអស់ រួមទាំងគ្រឿងអលង្ការកាឡៃ គ្រឿងសម្អាង និង ខោអាវមួយចំនួនទៀត ស្របពេលនោះ ក្មេងស្រីជាជនសង្ស័យក៏៏បានសុំឈប់ ធ្វើការ និង រៀបចំវិលត្រឡប់ទៅផ្ទះវិញនោះ ក៏បានរកឃើញលុយត្រូវបាននាងលាក់ទុកនៅក្នុងអាវទ្រនាប់ ហើយរបស់របរផ្សេងៗទៀតនាងលាក់ទុកក្នុងកាបូបស្ពាយ និង ធ្វើការចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យកម្លាំងមានសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកក៏បានធ្វើការប្រគល់ប្រាក់ចំនួន ២,១៤០,០០០ ដុង និង ចិញ្ជៀន ខ្សែក ខ្សែដៃកាឡៃ គ្រឿងសម្អាង និង ខោអាវ ដែលរកឃើញទៅឲ្យស្ត្រីជាម្ចាស់ផ្ទះវិញ។ ចំណែកឯក្មេងស្រីជាជនសង្ស័យត្រូវធ្វើកំណត់ហេតុ បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៀត៕

 

Loading...