ដំណើរចេញពីភាពអវិជ្ជា ព្រមទាំងអតីតកាលដ៏ឃោរឃៅឆ្ពោះទៅកាន់ជង្រុកចំណេះដឹងនាបច្ចុប្បន្នភាពរបស់ក្មេងប្រុស ម៉ុន វាសនា ដែលត្រូវគេធ្វើទារុណកម្មចងស្លាបសេក អូសទៅជ្រមុជទឹកពាងព្រោះតែទង្វើលួចដូង ៤ ផ្លែនោះ ហាក់មិនរលូនដូចការរំពឹងទុករបស់សប្បុរសជនឡើយ។
ជាមួយនឹងការចំណាយទុន ២ ម៉ឺនដុល្លារស្ដារអនាគតក្មេងប្រុស វ័យ ១៤ ឆ្នាំរូបនេះ ម្ចាស់ជំនួយនៅសាលាអន្តរជាតិ ហ្វ្រេដហ្វត បានប្រកាសថានឹងបញ្ជូន ម៉ុនវាសនា ឲ្យទៅបន្តការសិក្សាជំនាញវិស្វករគ្រឿងម៉ាស៊ីន នៅប្រទេស ចិន និង ជប៉ុន។
ព័ត៌មានដែលផ្អើលពេញប្រព័ន្ធផ្សព្វផ្សាយនេះត្រូវបានមនុស្សជាច្រើនលាន់មាត់សរសើរវាសនារបស់កុមារនៅខេត្តព្រៃវែងថា បានងើបផុតពីនរកហើយទ្វារឋានសួគ៌កំពុងតែបើកចំហស្វាគមន៍។ បញ្ច្រាសពីការរំពឹងទុករបស់មនុស្សជាច្រើន ពេលនេះម្ចាស់ជំនួយលោក មុំ វ៉ារិន បានពោលទាំងដកដង្ហើមធំថា៖ «វាសនា បានធ្វើឲ្យអស់សង្ឃឹមណាស់»។
ក្រោយពីការផ្ទុះព័ត៌មានជុំវិញការជ្រមុជទឹកក្មេងប្រុស ម៉ុន វាសនា ហៅ ទិត្យ ក្នុងពាងទឹកស្អុយស្ទើរស្លាប់ខ្លួន កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៤ ម្ចាស់ជំនួយខាងលើបាននាំក្មេងប្រុសម្នាក់ដែលកើតក្នុងគ្រួសារក្រីក្រ មានបងប្អូន ៦ នាក់ និងមានឪពុកម្តាយជាអ្នកផ្ទុកមេរោគអេដស៍ទៀតផងនោះ ធ្វើដំណើរចេញពីទឹកដីស្រុកពារាំង ខេត្តព្រៃវែង មកកាន់ទីជម្រកនៃអនាគតថ្មីនៅរាជធានីភ្នំពេញ។
ក្រោយពីបានចិញ្ចឹមថែទាំ និងផ្ដល់ការអប់រំដល់ក្មេងប្រុសរូបនេះបានប្រមាណ ៤ ខែមកលោក មុំ វ៉ារិន ម្ចាស់ជំនួយបានសម្គាល់ថា៖ «ម៉ុន វាសនា ប្រហែលជាមិនអាចសម្រេចគោលដៅដែលខ្ញុំគ្រោងទុកចង់ឲ្យគេក្លាយខ្លួនជាវិស្វករគ្រឿងម៉ាស៊ីនក្រែងបានជួយកែប្រែវាសនាក្រុមគ្រួសារគេនោះទេ មើលទៅ!»។
ម្ចាស់ជំនួយដែលមិនជាប់សាច់ឈាមជាមួយនឹងក្មេងលួចដូងរងទារុណកម្មព្រៃផ្សៃនោះ បានរៀបរាប់ថា៖ «វាសនា បើទោះជាទទួលបានការលើកទឹកចិត្ត និងការថែទាំដោយយកចិត្តទុកដាក់ពីអ្នកមើលថែដិតដល់យ៉ាងណា គេហាក់មិនទទួលយកការរស់នៅក្នុងសង្គមបែបនេះទេ។ ការសិក្សារបស់គេក៏ដូចគ្នា គេមិនទទួលយកតែម្តង។អារម្មណ៍គេ ហាក់ផ្ទុយពីអ្វីដែលជាបំណងរបស់ខ្ញុំគ្រោងទុក»។
នាយកសាលាអន្តរជាតិ ហ្វ្រេដហ្វតដែលជាបុគ្គលម្នាក់ធ្លាប់ហែលឆ្លងជីវិតជាកូនកសិករ ក្រីក្រនៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងពេលនេះក្លាយជាឪពុកទី ២ របស់ក្មេងប្រុសម៉ុន វាសនា នោះបានបញ្ជាក់ទៀតថា៖ «ពេលខ្លះវាសនា គេសុំឈប់រៀន និងប្រាប់ថា គេរៀនមិនចូលទេ ហើយពេលខ្លះទៀតនោះ ក៏រកសម្លាប់ខ្លួនឯងក៏មាន»។
ទោះជាយ៉ាងណាក៏ដោយក៏លោក មុំ វ៉ារិន អះអាងថា មិនបោះបង់គម្រោងជួយផ្លាស់ប្តូរអនាគតក្មេងដែលធ្លាប់មានប្រវត្តិលួចដូងម្នាក់នេះឡើយ។
លោកថ្លែងពីគម្រោងបន្ទាប់ទៀតថា៖ «បើគេមិនអាចទទួលយកសិក្សាចំណេះដឹងទូទៅ ឲ្យបានខ្ពង់ខ្ពស់បានទេខ្ញុំនឹងរៀបចំឲ្យគេសិក្សាជំនាញវិញ។
លោកថា អ្វីដែល វាសនា មិនទទួលយកសម្រាប់ពេលនេះនោះដោយសារមុននោះគេរស់នៅក្នុងសង្គមមួយមិនល្អ ហើយទំនងគេជ្រុលខ្លួនខ្លះផងក្នុងសង្គម និងបរិស្ថានជុំវិញពេលនោះ ទើបគេមិនងាយទទួលយកការរស់នៅបែបថ្មីពេលនេះ។ តែខ្ញុំនឹងមិនបោះបង់គម្រោងជួយសង្គ្រោះគេទេ ខ្ញុំបានពិភាក្សាជាមួយឪពុកម្តាយគេដែរថានឹងចង់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវិញ តែមិនទាន់កំណត់ទេចាំមើលបន្តិចទៀតសិន»។
លោក មុំ វ៉ារិន ដែលតែងនាំក្មេងប្រុសម៉ុន វាសនា រួមដំណើរជាមួយក្រុមគ្រួសាររបស់លោកទៅដើរលេងកម្សាន្ត ទទួលទានអាហារជុំគ្នា និងទៅលេងស្រុកជុំបងប្អូនឪពុកម្តាយនោះបានអះអាងថា លោកមិនចង់ឃើញភាពបរាជ័យក្នុងការស្រោចស្រង់កូនចិញ្ចឹមម្នាក់នេះឡើយ។
លោកពោលថា៖ «បើការជួយរបស់ខ្ញុំបរាជ័យ ហើយគេវិលទៅស្រុកវិញ ប្រាកដណាស់ ជីវិតគេនឹងប្រឈមនឹងរឿងមិនល្អលើសអ្វីដែលគេជួបមុននេះ ដោយមិនអាចគេចផុតឡើយ ហើយពេលនោះអនាគតគេនឹងមិនមានឱកាសស្តារបានទេ»។
ដូចការបរិយាយរបស់ឪពុកទី២នោះដែរ ឪពុកបង្កើតរបស់ កុមារា ម៉ុន វាសនា ក៏ទទួលស្គាល់ថា កូនរបស់លោកទំនងមិនអាចសម្រេចគោលដៅដែលម្ចាស់ជំនួយជ្រោមជ្រែងទេ។
លោក ទុយ ម៉ុន ជាឪពុកបង្កើតបានសារភាពថា៖ «កូនខ្ញុំពិតជាមិនចង់រៀនមែន បើទោះជាមានអ្នកណែនាំលើកទឹកចិត្តល្អៗយ៉ាងណាក្តី គេមិនទទួលយកទេ។ ដូចដែលលោកនាយកសាលា ហ្វ្រេដហ្វត និយាយអ៊ីចឹងពេលខ្លះគេរកសម្លាប់ខ្លួនក៏មានពេលយើងបង្ខំឲ្យរៀន»។
ថ្លែងបែបទាល់ច្រក ឪពុកបង្កើតរូបនេះនិយាយទៀតថា៖ «ខ្ញុំមិនដឹងធ្វើម៉េចទេ ធ្វើម៉េចវាសនាគេចារមកអ៊ីចឹងហើយមានតែតាមហ្នឹងទៅ»។
ឪពុកវ័យ ៤១ ឆ្នាំដែលត្រូវបានលោក មុំ វ៉ារិន យកមកឲ្យធ្វើជាងសំណង់បានប្រាក់កម្រៃមួយថ្ងៃ ៤ ម៉ឺនរៀលដែរនោះ មានការរំពឹងថា កូនប្រុសលោកបើបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រហែលជាអាចសង្ឃឹមច្រើន។
លោក ទុយ ម៉ុន និយាយយ៉ាងខ្លីថា៖ «កន្លងមកខ្ញុំធ្លាប់យកគេមកធ្វើសំណង់ជាមួយ មើលទៅគេយល់ច្រើនមិនដូចឲ្យទៅរៀនទេ»៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍