ក្មេងស្ទាវប្រចាំភូមិមួយក្រុម បានស្ទាក់វាយភ្ញៀវ ដែលទៅចូលរួមក្នុងពិធីមង្គលការកូនអ្នកភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ បណ្តាលអោយរងរបួសចំនួន ៣ នាក់ នៅម៉ោងជាង ៣ រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥។
ជនរងគ្រោះដោយសារក្រុមក្មេងស្ទាវព្រួតគ្នាវាយនេះ ១.ឈ្មោះ ហ៊ន ស៊ីប្រាង ភេទប្រុស អាយុ ២០ឆ្នាំ រងរបួសក្បាលដេរ ២០ ថ្នេរ ២.ឈ្មោះ ហ៊ន សុជាតិ ភេទប្រុស អាយុ ២៥ឆ្នាំ របួសក្បាលដេរ ៦ ថ្នេរ និង៣.ឈ្មោះ ផៃ សារឿន ភេទប្រុស អាយុ ២១ឆ្នាំ របួសបែកមាត់។ ជនរងគ្រោះទាំង ៣ នាក់ មានទីលំនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ក្រោយពីត្រូវក្មេងស្ទាវព្រួតវាយឡើងចាស់ដៃរួចមក ជនរងគ្រោះទាំង ៣ នាក់ បានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្លាមៗផងដែរ។ ជនរងគ្រោះ បានរៀបរាប់ប្រាប់ប៉ូលិសថា នៅមុនពេលកើតហេតុ ពួកគេបានទៅចូលរួមក្នុងពិធីមង្គលការកូនអ្នកភូមិភូមិថ្មី
ឃុំផ្សារ ក្រោយហូបការហើយ ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ លុះមកដល់ពាក់កណ្តាលផ្លូវ ត្រូវក្មេងស្ទាវទាំងនោះ មានគ្នាប្រម៉ាណជាង ១០ នាក់ ប្រដាប់ដោយដំបងដែកបំពង់ទីបដំបងគល់ឬស្សី និងដំថ្ម បានគប់ និងព្រួតគ្នាវាយមកលើពួកខ្លួនយ៉ាងចាស់ដៃតែម្តង៕ ជនរងគ្រោះបានប្រាប់ប៉ូលិសអោយដឹងទៀតថា ក្នុងចំណោមជនដៃដល់ទាំងនោះ ខ្លួនបានស្គាល់ឈ្មោះមនុស្ស ៣ នាក់ មានឈ្មោះ ប៉ូច (មេក្លោង) ឈ្មោះ ក្រា និងឈ្មោះ ឆក។
ពួកគេទាំង ៣ នាក់នេះមានទីលំនៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ហើយពួកមិនដែលមានបញ្ហាទំនាស់អ្វីជាមួយនឹងក្រុមក្មេងស្ទាវទាំនោះឡើយ៕