ក្រសួងកសិកម្ម ផ្តល់ពូជត្រីអណ្តែង ជូនប្រជាពលរដ្ឋ ៦០គ្រួសារ នៅក្នុងខេត្តឧត្តរមានជ័យ !

 

ខេត្តឧត្តរមានជ័យ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ហាស់ សារ៉េត បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពី ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បាននាំយកពូជត្រី អណ្តែង ចំណីត្រី វីតាមីន រួមនឹងតង់ប្លាស្ទិកដាក់ត្រី ទៅចែកជូនប្រជាពលរដ្ឋ ៦០គ្រួសារ នៅក្នុងដំណាក់ កាល នៃវិបត្តិជំងឺកូវីដ១៩ ដ៏គួរឲ្យព្រួយបារម្ភ ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងក្នុងសហគមន៍ ឲ្យមានភាពប្រសើរឡើង។ ពិធីចែកពូជត្រីនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១១តុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ លោក សូត្រ ស៊ីសុខឃាង បានឲ្យដឹងថា ពូជត្រីដែលត្រូវចែកជូនបងប្អូនពលរដ្ឋនៅពេលនេះ គឺធ្វើឡើងក្នុងជំហានទី១ មាន៦០គ្រួសារ ក្នុងនោះ មានពូជត្រីអណ្តែង ចំណីត្រី វីតាមីន និងតង់ប្លាស្ទិក ដោយក្នុង១ក្រួសារៗ ទទួលបានពូជត្រី អណ្តែង ៧០០កូនត្រី ចំណីត្រី ៤ការ៉ុងធំ តង់ប្លាស្ទិកទំហំ៤×៦សំរាប់ចិញ្ចឹមត្រី ចំនួន១ វីតាមី ៣កញ្ចប់ និងផ្តល់ការជួយផ្តល់បច្ចេកទេស ពីពិធីសាស្រ្តផ្សេងៗ សម្រាប់ការតាមដានក្នុងការចិញ្ចឹមត្រី ជូនពួកគាត់ មានរយះពេល ២ខែ ពីមន្រ្តីជំនាញកសិកម្ម ផងដែរ។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ហាស់ សារ៉េត មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ភ្លាមៗ និងដោយមើលឃើញជីវភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមមូលដ្ឋាន ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-19 នេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហា ប្រឈមនានា របស់បងប្អូនប្រជាពលរដ្ឋ ដែលជាកសិករចិញ្ចឹមត្រីជាលក្ខណះគ្រួសារ ដើម្បីបង្កើន និងលើក កម្ពស់ជីវភាពរស់នៅរបស់បងប្អូន ឲ្យកាន់តែប្រសើរឡើងនោះ រដ្ឋាភិបាល បានចំណាយថវិកាជាច្រើន សំរាប់ជួយលើវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង ជួយដល់ប្រជាពលរដ្ឋ តាមរយះក្រសួងកសិកម្ម។

លោករដ្ឋលេខាធិការក្រសួង បានបន្តថា បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ទទួលបានការផ្តល់ ជូនពូជត្រី ចំណីត្រី តង់ប្លាស្ទិក វីតាមីន និងសម្ភារៈនានាជាច្រើនទៀត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ សម្រាប់ជាទុកក្នុងការប្រកបរបរចិញ្ចឹមជីវភាព នៅក្នុងដំណាក់កាល នៃវិបត្តិជំងឺកូវីដ១៩នេះ។ លោកបានបញ្ជាក់ថា កក្តាទាំងអស់នេះហើយ អាចធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋាន និងសហគមន៍ ក្នុងការបង្កើតមុខរបរលើការចិញ្ចឹមត្រី ហើយបងប្អូនក៏ត្រូវខិតខំដាំដំណាំរួមផ្សំនានា ដើម្បី ជួយលើកស្ទួយជីវភាពរស់នៅ ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត៕

 

Loading...