ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះស្រាវជ្រាវ និងណែនាំឲ្យអនុវត្ត តាមវិធានបច្ចេកទេសគ្រប់គ្រង និងប្រើប្រាស់ថ្នាំកសិកម្ម

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ឱ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋាននីតិកម្មកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ចុះធ្វើការស្រាវជ្រាវ និងណែនាំដល់បណ្តាក្រុមហ៊ុន និងដេប៉ូផ្គត់ផ្គង់ចែកចាយ និងអ្នកប្រើប្រាស់ទាំងអស់អនុវត្ត ឱ្យបានត្រឹមត្រូវតាមវិធានបច្ចេកទេសក្នុងការគ្រប់គ្រង និងប្រើប្រាស់ថ្នាំកសិកម្ម ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មឱ្យមានប្រសិទ្ធភាពខ្ពស់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដូចខាងក្រោម៖

១៖ អនុញ្ញាតឲ្យក្រុមហ៊ុន​ ធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម​ និងដេប៉ូផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម ដំណើរការនាំចូល និងផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មឡើងវិញ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងបទបញ្ញាត្តិពាក់ព័ន្ធផ្សេងទៀត។

២៖ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំការ នៅមាត់ច្រកព្រំដែនអន្តរជាតិ ច្រកទ្វេភាគី ច្រករបៀង និងច្រកចេញចូលផ្សេងៗទៀត មានសមត្ថកិច្ចជួយសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្មឱ្យបានល្អប្រសើរ និងជួយទប់ស្កាត់នូវករណីរត់ពន្ធខុសច្បាប់ឱ្យមានប្រសិទ្ធភាព។

៣៖ នាយកដ្ឋាននីតិកម្មកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ត្រូវជំរុញពង្រឹងការផ្សព្វផ្សាយបច្ចេកទេស និងលើកកម្ពស់ការយល់ដឹងដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់ថ្នាំកសិកម្មទាំងអស់ឱ្យបានយល់ដឹងពីហានិភ័យដែលបង្កឡើងដោយថ្នាំកសិកម្ម។

៤៖ ក្នុងករណីមានបទល្មើសនាំចូលថ្នាំកសិកម្មខុសច្បាប់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត​ត្រូវរួមសហកម្មការជាមួយនាយកដ្ឋាននីតិកម្មកសិកម្ម ចុះទប់ស្កាត់បង្រ្កាបឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ជៀសវាង ការបង្កផលប៉ះពាល់ដល់ការងារបងកបង្កើនផលរបស់ប្រជាកសិករនារដូវវស្សាខាងនេះ ៕

 

Loading...