ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុន នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេសជប៉ុន បានអញ្ជើញ​មក​​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២១ ដល់២២ ខែសីហា ឆ្នាំ២០២០ ដើម្បីពង្រឹង​ពង្រីក​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយ​បានចូលជួបសម្តែងការគួរសម សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និងចូលរួមពិសាអាហារថ្ងៃត្រង់រៀបចំដោយសម្តេចតេជោ ហ៊ុន សែន ​ព្រម​ទាំង​ជួប​ពិភាក្សាទ្វេ​ភា​គី​​ជាមួយ ​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រី្ត​ការបរទេស និង​សហប្រតិបតិ្តការអន្តរជាតិ។

ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ បានសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលសម្រេចបានវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមយ៉ាងខ្លាំងក្លា និងទប់ស្កាត់បានដោយជោគជ័យនូវការឆ្លងរីក​រាលដាល​ជំងឺកូវីដ-១៩ ក្នុង​ប្រទេសកម្ពុជា។ ភាគីកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុនដែល​បានចូល​រួម​​ចំណែកធំធេង​ដល់​​សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយថ្មីៗនេះ បានផ្តល់ជំនួយដល់កម្ពុជា​ដើម្បី​ប្រយុទ្ធនឹងជំងឺ កូវីដ-១៩ និងបានជួយឧបត្ថម្ភដល់ពលរដ្ឋ និងកម្មសិក្សាការីខ្មែរស្នាក់នៅជប៉ុន ដែល​ជួបការលំបាកដោយសារជំងឺរាលដាលនេះ។ ភាគីកម្ពុជា កោតសរសើរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជន ជប៉ុនដែលបានចាត់វិធានការម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងការរាលដាលជំងឺកូវីដ‑១៩។ ភាគីទាំងពីរបាន ប្តេជ្ញាចិត្តជាមួយគ្នាថា នឹង​បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធនឹងជំងឺនេះ ទន្ទឹមគ្នានឹងការស្តារ សេដ្ឋកិច្ច​‑សង្គមឡើងវិញ។

ភាគីទាំងពីរ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ​ព្រមទាំងបានឯកភាពគ្នាបន្តពូនជ្រុំឱ្យកាន់តែល្អប្រសើរថែមទៀត។ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ និងសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំង២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ភាគីទាំងពីរបានឯកភាពឲ្យបើកឡើងវិញតាមដំណាក់កាល និងជា បណ្តើរៗនូវការធ្វើដំណើរឆ្លងដែនរវាង​កម្ពុជា និងជប៉ុន ​សម្រាប់អ្នក​ដំណើរក្នុងគោលដៅបំពេញការងារ និងធុរកិច្ច ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ជំងឺរាតត្បាត។ ភាគីទាំងពីរនឹងធ្វើការជាមួយអាជ្ញាធរមានសមត្ថកិច្ចរៀងខ្លួនដើម្បីចាប់ផ្តើមការធ្វើដំណើរឆ្លងដែនសម្រាប់ការស្នាក់នៅរយៈពេលយូរលើស១៤ថ្ងៃ «ច្រកចូលសម្រាប់ការស្នាក់នៅ» នៅដើមខែកញ្ញា ឆ្នាំ២០២០ និងពន្លឿនកិច្ចពិភាក្សាស្តីពីការអនុវត្តការធ្វើដំណើរឆ្លងដែនសម្រាប់ការស្នាក់នៅរយៈពេលខ្លីជាង១៤ថ្ងៃ «ច្រកសម្រាប់ធុរកិច្ច» ។
ភាគីកម្ពុជាបានអរគុណរដ្ឋាភិបាលជប៉ុនដែលបន្តផ្តល់ជំនួយដើម្បីអភិវឌ្ឍន៍​ធនធានមនុស្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចរបស់កម្ពុជា។ ឯកឧត្តម ម៉ូតេហ្គី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការបន្តគាំទ្រកិច្ចប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល​កម្ពុជាក្នុងការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់​ជីវភាពរស់នៅរបស់​ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជា​លើគ្រប់វិស័យ។​​​ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីដំណើរ​ការអនុវត្តគម្រោងសំខាន់ៗនៅកម្ពុជា រួមទាំងគម្រោងអភិវឌ្ឍន៍កំពង់​ផែក្រុងព្រះសីហនុ ផែកុងតឺន័រថ្មីនៅ​ក្រុងព្រះសីហនុ និងផ្លូវជាតិលេខ៥ ដែលនឹងរួមចំណែកដល់ការពង្រីកសកម្មភាពវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ខណៈ ដែលកម្ពុជាបានប្តេជ្ញាបន្តខិតខំកែលំអបរិយាកាសធុរកិច្ច និង​វិនិយោគ​ឱ្យ​​កាន់តែ​ប្រសើរ​ឡើងថែមទៀត។
ភាគីទាំងពីរ ក៏បានសម្តែងសេចក្តីប្រាថ្នារួមក្នុងការពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ និង​វប្បធម៌។ ភាគីជប៉ុន បានសម្តែងនូវឆន្ទៈគាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសមត្ថភាពឧស្សាហកម្មកែឆ្នៃកសិផល និងឧស្សាហកម្មប្រើបច្ចេកវិទ្យាទំនើប និងពង្រីកកិច្ចសហប្រតិបតិ្តការអភិរក្ស ប្រាសាទបុរាណនៅកម្ពុជា។ ​ភាគីកម្ពុជា បានសម្តែងការពេញចិត្តចំពោះសកម្មភាព​ជំរុញការ​ប្រាស្រ័យទាក់ទងផ្នែកវប្បធម៌ និងអប់រំ របស់ការិយាល័យ​ទំនាក់ទំនងមជ្ឈមណ្ឌល​អាស៊ីនៃ​មូលនិធិជប៉ុន នៅភ្នំពេញ ហើយស្វាគមន៍ឱ្យ​ការិយាល័យនេះបន្តតាំងនៅជាអចិន្រ្តៃយ៍​ក្នុង​ប្រទេសកម្ពុជា​។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនលើបញ្ហាក្នុងតំបន់និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍រួម ដូចជា បញ្ហាសមុទ្រចិនខាងត្បូង កិច្ចខិតខំដើម្បីសម្រេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការលុបបំបាត់អាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ គំនិតនៃទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ ដែល ផ្តួចផ្តើមដោយជប៉ុន។ ភាគីទាំងពីរ បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ និងធ្វើការជិតស្និទ្ធ ដើម្បីធ្វើការបន្ស៊ីគ្នានូវរាល់គំនិតផ្តួចផ្តើមទាំងអស់ ដែលមានគោលដៅក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ ភាគីកម្ពុជាអរគុណជប៉ុនចំពោះការគាំទ្រគម្រោងអភិវឌ្ឍន៍ក្រោមក្របខណ្ឌតំបន់ ជាពិសេស កិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុន និងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រប់គ្រងភាពអាសន្នសុខភាពសាធារណៈ និងជំងឺឆ្លង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការរីករាយក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន ដែលនឹងរៀបចំឡើងនៅដើមឆ្នាំ ២០២១ នៅប្រទេសជប៉ុន។ ឯកឧត្តម ម៉ូតេហ្គី បានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ជប៉ុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងរៀបចំដោយកម្ពុជា នៅពាក់កណ្តាលឆ្នាំ ២០២១ ឱ្យទទួលបានជោគជ័យ៕

Loading...