ក្រសួងការបរទេស ចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃដំបូង ដែលបានចាប់ផ្តើមពីថ្ងៃទី០៩ ខែកញ្ញា ឆ្នំា២០២០ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣កិច្ចប្រជុំបានកត់សម្គាល់វឌ្ឍនភាពនៃសមិទ្ធផលសំខាន់ៗសម្រាប់ឆ្នាំ២០២០ រួមមានការត្រួតពិនិត្យពាក់កណ្តាលអាណត្តិលើការអនុវត្តផែនការលម្អិតនៃសហគមន៍អាស៊ាន ការត្រួតពិនិត្យ លើការអនុវត្តធម្មនុញ្ញអាស៊ាន ហើយក៏បានពិភាក្សាក្រោយ ឆ្នាំ២០២៥។

ខាងក្រោមនេះគឺជាខ្លឹមសារនៃសេចក្តីប្រកាសស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ៖

 

 

សេចក្តីប្រកាសព័ត៌មាន

ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ

ថ្ងៃទី០៩​ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ

******

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស​ និង​សហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃដំបូង ដែលបានចាប់ផ្តើមពីថ្ងៃទី០៩ ខែកញ្ញា​ ឆ្នំា២០២០​ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ 

កិច្ចប្រជុំបានកត់សម្គាល់វឌ្ឍនភាពនៃសមិទ្ធផលសំខាន់ៗសម្រាប់ឆ្នាំ២០២០ រួមមានការ
ត្រួត​ពិនិត្យពាក់កណ្តាលអាណត្តិលើការអនុវត្តផែនការលម្អិតនៃសហគមន៍អាស៊ាន ការត្រួតពិនិត្យ លើការអនុវត្តធម្មនុញ្ញអាស៊ាន ហើយក៏បានពិភាក្សាលើការ​រៀបចំ​ទស្សន​វិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ២០២៥ ។

កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការស្តារសេដ្ឋកិច្ច ក្រោយពី​ជំងឺរាតត្បាតកូវីដ-១៩
ដោយ​កិច្ច​សហប្រតិបត្តិការ​ត្រូវបានផ្តោតទៅលើការទទួល​បានវ៉ាក់សាំង​សម្រាប់ជំងឺកូវីដ-១៩
ដែល​មានតម្លៃសមរម្យ ការគាំទ្រសហគ្រាស​ធុនតូច​និងមធ្យម​ ការលើក​លែងការ​រឹតត្បិត
ការ​ធ្វើដំណើរដែលចំា​បាច់នៅក្នុងតំបន់ និង​​ការចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ (RCEP) ឱ្យបានឆាប់ក្នុងឆ្នាំនេះ ។ 

កិច្ចប្រជុំក៏បានគូសបញ្ជាក់អំពី​សារៈសំខាន់​នៃការតភ្ជាប់តំបន់ ជាពិសេស ការរក្សាខ្សែ​ចង្វាក់​ផ្គត់ផ្គង់​លំហូ​រ​​ដោយសេរី​នៃ​ពាណិជ្ជកម្ម និង​ការផ្គត់ផ្គង់ទំនិញសំខាន់ៗ ការវិនិយោគ និង​ការ​បំលាស់ទីរបស់​ប្រជាជន​ក្នុងចំណោម​​​ប្រទេស​សមាជិក​អាស៊ាន និងប្រទេសដៃគូសន្ទនា។

កិច្ចប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន នៅក្នុង​
ទំ​នាក់​ទំនងជាមួយដៃគូអាស៊ានខាងក្រៅ តាមរយៈយន្តការដឹកនាំដោយអាស៊ាន ដើម្បីកសាង​ទំនុកចិត្ត និងការ​ជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាការពង្រឹងនិម្មាបនកម្ម​តំបន់ដែល​បើកចំហ មាន​តម្លាភាព ប្រកបដោយ​បរិយាប័ន្ន និងផ្អែកទៅលើវិធាន​ច្បាប់ ដោយមានអាស៊ានជាស្នូល។​ 

កិច្ចប្រជុំបានអនុម័តលើផែនការការងាររយៈពេល៥ឆ្នាំ របស់អង្គការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស(AICHR) និងកម្មវិធីអាទិភាព និងថវិការបស់AICHR សម្រាប់ឆ្នាំ២០២១ ។ ដើម្បីពង្រឹងទំនាក់ទំនងជាមួយដៃគូអាស៊ានខាងក្រៅ កិច្ចប្រជុំបានអនុម័តលើសំណើ​របស់​បារាំង

និងអ៊ីតាលី ដើម្បីក្លាយជាដៃគូអភិវឌ្ឍន៍អាស៊ាន។ ដើម្បីពង្រឹងយន្តការវេទិកាតំបន់អាស៊ាន កិច្ចប្រជុំបានអនុម័តសេចក្តីណែនាំស្តីពីដំណើរការនីតិវិធីការអនុវត្ត និងពិធីសារ​សម្រាប់​វេទិកា​តំបន់​អាស៊ាន ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរទស្សនៈ​លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជា​ក្តី
ព្រួយ​បារម្ភ និងផលប្រយោជន៍រួម ដូចជាសន្តិសុខលំហសមុទ្រ បញ្ហា​ឧបទ្វីប​កូរ៉េ រដ្ឋរ៉ាខាញ រួមទាំង​ការ​លើក​កំពស់ការកសាងសហគមន៍អាស៊ាន សន្តិភាព និងវិបុលភាព និង​ពង្រឹង​ការចូលរួម​ពីដៃគូ​ខាង​ក្រៅតាមរយៈ​ការប្រើប្រាស់​ទស្សនៈវិស័​យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក(AOIP) ក្នុងចំណោម​យន្តការ​ផ្សេងទៀត។

នៅក្នុងបទអន្តរាគមន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើអាស៊ានឱ្យ​ធ្វើ​ការងារ​ឈាន​ទៅរក​ការ​បង្កើត «ច្រករបៀង​ធ្វើ​ដំណើរ​» (Travel Corridor) ដើម្បីជួយ​សម្រួល​ដល់ការ​ធ្វើដំណើរធុរកិច្ច​ ប្រកបដោយសុវត្ថិ​ភាព និងជាបណ្តើរៗ​​ ក្នុងអំឡុងពេលនៃការរាត​ត្បាតជំងឺ
កូវីដ-១៩ ហើយត្រូវរៀបចំ​ជា​​ផែនការ​សកម្មភាព​ជាក់ស្តែង​​មួយ​ឱ្យបានឆាប់រហ័ស។ ឯកឧត្តម          ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នៅក្នុងភាពតានតឹងប្រឈមដាក់គ្នារវាងមហាអំណាច និង​ការ​ដើរ​ថយក្រោយពហុភាគីនិយម អាស៊ានមិនមានចំណាប់អារម្មណ៍ក្នុងការកាន់ជើងភាគីណាមួយទេ អាស៊ានត្រូវប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវស្មារតីនៃការឯកភាព និងមជ្ឈភាពអាស៊ាន ដើម្បីអនុវត្តនូវ​គោលការណ៍ «មាគ៌ាអាស៊ាន» ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់ សកម្មភាពមីន (ARMAC) នឹងមាននាយកប្រតិបត្តិថ្មីនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២០
ហើយក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម ស្តីពី «មិត្តរបស់ARMAC»
ក្នុង​គោល​បំណង​ដើម្បីកៀរគរ​ការគាំទ្របន្ថែមទៀតដល់មជ្ឈមណ្ឌល ។ 

កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)

កិច្ចប្រជុំបានកត់សំគាល់វឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាពនៃសន្ធិសញ្ញាគ្មានអាវុធ
នុយក្លេអ៊ែរ​​ នៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨-២០២២ ។ កិច្ចប្រជុំបានឯកភាពថា ការ​ថែរក្សា​តំបន់អាស៊ាន ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធមហា​ប្រល័យផ្សេងទៀត មាន​សារៈ​សំខាន់​ណាស់ ហើយបានឯកភាពក្នុងការលើក​កម្ពស់សន្ធិសញ្ញា​នេះនៅ​វេទិកាអន្តរជាតិ។ 

កិច្ចប្រជុំបានឯកភាពបន្តពិគ្រោះយោបល់ផ្ទៃក្នុង និងពិគ្រោះយោបល់រវាងរដ្ឋភាគីនៃ​សន្ធិសញ្ញា SEANWFZ ជាមួយនឹងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងប្រាំ ដើម្បីដោះស្រាយបញ្ហាលេច​ធ្លោ នានា ក្នុងគោលបំណងឆ្ពោះទៅរក​ការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា SEANWFZ ។ 

កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៧ 

ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការស្តារឡើងវិញ ក្រោយ​​ពី​ជំងឺរាតត្បាត​កូវីដ-១៩ កិច្ចប្រជុំសម្របសម្រួលក្រុមប្រឹក្សាអាស៊ានលើកទី២៧ បានអនុម័ត​ឯកសារ​ទស្សនា​ទាន ស្តីពី​ក្របខ័ណ្ឌស្តារឡើងវិ​ញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដែលកំណត់ទិសដៅ និងការណែនាំ​សម្រាប់សក​ម្ម​ភាព​សមូហភាពរបស់​អាស៊ាន ក្នុងការងើបឡើ​ងពីផលប៉ះពាល់​ដោយសារជំងឺ
កូវីដ-១៩ និងដើម្បីបើកចំហសេដ្ឋកិច្ចឡើងវិញ។ កិច្ចប្រជុំក៏​បានប្រគល់ភារ​កិច្ច​ឱ្យលេខា​ធិការ​ដ្ឋាន​អាស៊ាន បង្កើតសេចក្ដីព្រាងដំបូងនៃក្របខ័ណ្ឌ និងផែនការអនុវត្តជាក់ស្តែងសម្រាប់​ប្រទេស​សមាជិក​​អាស៊ានពិនិត្យ មុននឹង​ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៣៧ ក្នុង​ខែ​វិច្ឆិកា
ឆ្នាំ​២០២០ ។ កិច្ចប្រជុំបានអនុម័តក្រមប្រតិបត្តិនៃការ​ស្តុក​​បំរុងសម្ភារវេជ្ជសាស្ត្រក្នុងតំបន់អាស៊ាន​សម្រាប់ភាព​បន្ទាន់ផ្នែកសុខភាព​សាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើង​ពីតួនាទីសំខាន់របស់ដៃគូខាងក្រៅ​ ក្នុងការកៀរ​គរ​ធនធាន​បន្ថែម ដើម្បីគាំទ្រដល់មូល​និធិអាស៊ានប្រឆាំង​ជំងឺកូវីដ-១៩ ដែលត្រូវបាន​បង្កើត​ឡើង​នាពេល​ថ្មីៗនេះ និងសម្រាប់សកម្មភាព​ទប់ស្កាត់​បន្ទាន់ ចំពោះ​​ភាព​អាសន្ន​សុខភាព​សាធារណៈ​ផ្សេងៗទៀតក្នុង​តំបន់។

កិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីការអភិវឌ្ឍអនុតំបន់

កិច្ចប្រជុំបានទទួលស្គាល់តួនាទីដ៏សំខាន់នៃការអភិវឌ្ឍអនុតំបន់ ដែល​រួម​វិភាគទាន​ដល់​កិច្ច
ប្រឹង​ប្រែង​របស់អាស៊ាន​ក្នុងកា​រ​កាត់បន្ថយគម្លាតអភិវឌ្ឍន៍ លើកកម្ពស់ការតភ្ជាប់ និង​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព និងសមធម៌ សម្រាប់ផលប្រយោជន៍​របស់ប្រជាជននៅក្នុងតំបន់។ កិច្ចប្រជុំ​បាន​កត់​សំគាល់លើការរាយការណ៍​សង្ខេបរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់
អាស៊ា​ន​ និង​អាស៊ីបូព៌ា(ERIA) និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ស្តីពីការ​សំ​យោ​គ​ និង​ការបំពេញបន្ថែ​ម​ឱ្យគ្នា​នៃការអភិវឌ្ឍអនុតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើសំយោគនៃ យន្តការ​កិច្ចសហប្រតិបត្តិការអនុតំបន់នានាដែលមានស្រាប់ និងជំរុញការបំពេញបន្ថែមអោយគ្នា ទៅវិញទៅមក រវាងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអនុតំបន់ទាំងនោះ ដោយផ្អែកទៅលើ គោលការណ៍បើកចំហ បរិយាប័ន្ន និងភាពជាម្ចាស់​​។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូស បញ្ជាក់​ពីសារៈសំខាន់នៃការពង្រឹងនូវក្របខណ្ឌអនុតំបន់ដែលមានស្រាប់ ដើម្បីធ្វើឱ្យកម្មវិធី​​អភិវឌ្ឍន៍​របស់ពួកគេកាន់​តែ​​មានប្រសិទ្ធភាព។ 

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២១

កិច្ចប្រជុំបានទទួលស្គាល់ការគាំទ្រ និងការរួមចំណែករបស់ប្រទេសបូកបី ដល់គំនិតផ្តួចផ្តើមរបស់ អាស៊ានក្នុងការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ក្នុងនោះរួមមាន មូលនិធិអាស៊ានឆ្លើយតបទៅនឹង ជំងឺកូវីដ-១៩ និងការស្តុក​បំរុងសម្ភារវេជ្ជសាស្ត្រក្នុងតំបន់អាស៊ានសម្រាប់ភាព​បន្ទាន់ផ្នែកសុខភាព​សាធារណៈ។

កិច្ចប្រជុំ​បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជួយដល់ប្រជាជន និងអាជីវកម្មដែលទទួលផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងសារៈ​សំខាន់​នៃ​ការរក្សា​ទី​ផ្សារ​បើក​ចំហសម្រាប់​ការ​ធ្វើ​ពាណិជ្ជ​កម្ម និង​ការ​វិនិយោ​គ​​ ដើម្បី​ពង្រឹងភាព​រឹង​មាំ និង​និរន្តរ​​ភាព​នៃ​បណ្តាញ​​ផ្គត់​ផ្គង់​ក្នុង​តំបន់​ និង​រក្សា​លំហូរ​ទំនិញ​ និង​សេវា​កម្ម​ចាំ​បាច់​។ ​ 

កិច្ច​ប្រជុំបាន​បញ្ជាក់​​នូវ​ការ​ប្ដេជ្ញា​ដើម្បី​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច
​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) នៅ​ឆ្នាំនេះ ដែល​ជាកាតាលីករ​​​​​ដ៏​ល្អ​មួយ​សម្រាប់​ស្ដារ​សេដ្ឋ​កិច្ច
​ឲ្យ​មាន​ភាព​​ប្រសើ​រ​ឡើង​វិញ​បន្ទាប់​ពី​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​​។

កិច្ចប្រជុំបានចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២​១​។ 

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតម្រូវការក្នុង​ការបង្កើតស្តុក​បំរុង​នៃសម្ភារៈ​វេជ្ជសាស្ត្រ​ចាំបាច់​របស់អាស៊ានបូកបី និងបានថ្លែងអំណរគុណដល់អាស៊ានបូកបី ចំពោះ​ការ​ចូលរួម​​ចំណែក​ក្នុង​មូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺ​កូវីដ-១៩។ ឯកឧត្តម ក៏បាន​ថ្លែង​អំណរគុណ​ដល់ប្រទេស​ជប៉ុន​​ចំពោះការ​គាំទ្រដល់ការបង្កើត​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់ភាព​បន្ទាន់​ផ្នែកសុខភាព​សាធារណៈ និងជំងឺដែលកំ​ពុ​​​ង​កើតមាន។ ឯកឧត្តម បានសង្កត់ធ្ងន់​លើ​ភាព​បន្ទាន់​ ដែល​RCEP ត្រូវចុះហត្ថលេខានៅចុងឆ្នាំនេះ។

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការសហការ​បន្ថែម​ទៀតជាមួយ​ប្រទេស​​បូកបី​ដើម្បី​​​ជំរុញ​លើការផ្លាស់ប្តូរឌីជីថល និងការតភ្ជាប់ ដើម្បីគាំទ្រដល់​ប្រព័ន្ធអេកូឌីជីថល​របស់ រដ្ឋាភិបាល ធុរកិ​ច្ច​ឌីជីថល និងប្រព័ន្ធសិក្សា​ឌីជីថល នៅក្នុងតំបន់។ ឯកឧត្តម​ ក៏បានលើកទឹកចិត្ត ដល់អាស៊ានបូកបី ឱ្យខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍគោលការណ៍​ណែ​នាំ​និងក្របខ័ណ្ឌក្នុងតំបន់​ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត។

កិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១០

កិច្ចប្រជុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវកិច្ចប្រជុំ​កំពូល
អា​ស៊ី​​បូព៌ា ដែលជាវេទិកាសម្រាប់​ថ្នាក់ដឹកនាំផ្លាស់ប្តូរកិច្ចសន្ទ​នា​ និងកិច្ចសហប្រតិបត្តិការ​ទូលំទូលាយ លើបញ្ហា​យុទ្ធសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដែលជាក្តីកង្វល់រួម។ ឆ្នាំនេះ គឺជា​ខួប​លើកទី១៥ នៃកិច្ចប្រជុំ​កំពូល​​អាស៊ីបូព៌ា។

កិច្ចប្រជុំបានទទួលស្គាល់លើវឌ្ឍនភាពនៅក្រោមផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បី​ជំរុញ​ការអនុវត្តសេចក្តីថ្លែងការណ៍ក្រុងភ្នំពេញស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍកិច្ចប្រជុំកំពូលអាស៊ីបូព៌ា​​ឆ្នាំ២០១៨-២០២២។

កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ពហុភាគីនិយម និងសណ្តាប់ធ្នាប់​អន្តរជាតិផ្អែក​លើវិធាន​ច្បាប់​ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពតំបន់។ កិច្ចប្រជុំក៏បាន​កត់​សម្គាល់​ពីភាពចាំបាច់ក្នុងការធ្វើការរួមគ្នា​ដើម្បីដោះស្រាយ​បញ្ហា​ប្រឈមមិនប្រពៃណី ដូចជាការ​ឆ្លើយតបជាបន្ទាន់​អំពីការថែទាំសុខភាព និងតម្រូវការ​នៃ​ការទទួលបានវ៉ាក់សាំង​ប្រកប​ដោយ​សមធម៌។

កិច្ចប្រជុំបានចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី បូព៌ាលើកទី១០។​  

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់​​ សុខុន បានគូសបញ្ជាក់ពី​សារៈសំខាន់​នៃ​ការ​ពង្រឹងការគាំទ្រ គ្នាទៅវិញទៅមក និងកិច្ចប្រឹង​ប្រែង​រួមគ្នា ដើម្បីប្រយុទ្ធ​ប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ឱ្យបាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព រួមទាំងជំរុញកិច្ចសហប្រតិបត្តិការ​លើបញ្ហា​សុខ​ភាព​ពិភពលោក និងជំងឺរាតត្បាត​ និងលើកកម្ពស់ការស្តារ​សេដ្ឋកិច្ចឡើងវិញ​ក្រោយជំងឺកូវីដ-១៩។ 

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន

កិច្ចប្រជុំបានកត់សម្គាល់ដោយក្ដីសោមនស្ស​នូវវឌ្ឍភាពខ្ពស់ ក្នុងការអនុវត្តផែនការសកម្មភាពដើម្បី អនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាព (២០១៦-២០២០)។ កិច្ចប្រជុំបានស្វាគមន៍ចំពោះការកំណត់យកឆ្នាំ២០២១ ជាឆ្នាំនៃ​ការ​អភិវឌ្ឍប្រកបដោយចីរភាព និងការដាក់ឲ្យដំណើរការឆ្នាំសេដ្ឋកិច្ចឌីជីថលអាស៊ាន-ចិន កាលពីខែមិថុនា នាឆ្នាំ២០២០នេះ។

កិច្ចប្រជុំបានសម្តែងអំណរគុណ​ ចំពោះការគាំទ្ររបស់ចិនដល់មូលនិធិអាស៊ាន​ដើម្បី​ឆ្លើយតបជំងឺ​កូវីដ​-១៩ និងបានលើកទឹកចិត្តដល់ប្រទេសចិនឱ្យបន្តការគាំទ្រថែមទៀតដល់ការអនុវត្តក្របខ័ណ្ឌ ស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ានក្រោយវិបត្តិកូវីដ-១៩។ កិច្ចប្រជុំបានកោត​សរសើរ​ដល់​ប្រទេស​ចិន ដែលបានប្រកាសចាត់ទុកវ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ជាទំនិញសកល សម្រាប់​មនុស្ស​ជាតិ​ទាំងអស់។​

កិច្ចប្រជុំបានទទួលស្គាល់អំពីសារៈសំខាន់នៃការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវការតភ្ជាប់
ក្នុងតំបន់តាមរយៈការលើកកម្ពស់បណ្តាញតភ្ជាប់ និងការសំយោគរវាង​ផែនការមេស្ដីពី ការតភ្ជាប់​អាស៊ាន (MPAC) ២០២៥ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ចិន និង​ទន្ទឹងរង់​ចាំ​ការអនុវត្តសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិនស្តីពី ការ​សំយោគ​រវាង MPAC ២០២៥ និង BRI

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តប្រទេសចិនឱ្យគាំទ្រថែមទៀតដល់កិច្ចខិតខំប្រឹងប្រែង​រួមរបស់អាស៊ាន ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ​របស់អង្គការ សហប្រជាជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានផ្តល់ ការគាំទ្រដល់ការអនុវត្តផែនការការងារ នៃគំនិតផ្តួច​ផ្តើមគំនិតសម្រាប់សមាហរណកម្មអាស៊ាន​ (IAI)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលេចអំពីសារៈសំខាន់ដ៏ចម្បងនៃកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីកម្ពុជា-ចិន (ACFTA) និងបានលើកទឹកចិត្តជំរុញការអនុវត្តកិច្ចព្រមព្រៀងក្រោមក្របខ័ណ្ឌ ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ក្នុងទិសដៅ​ខាងមុខ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រទេសចិន ធ្វើការបង្កើនកិច្ចសហប្រតិ​បត្តិការបន្ថែមទៀតក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តាមរយៈការផ្លាស់ប្តូរឧត្តម្មានុវត្តន៍ និងបច្ចេកវិទ្យានានា។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ជប៉ុន៖

កិច្ចប្រជុំបានស្វាគមន៍ការធ្វើសំយោគ​រ​វាងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន  ឆ្នាំ២០២៥ និង «​ការពង្រីកភាពជាដៃគូ​​​សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបគុណភាព» និងបានទន្ទឹមរង់ចាំ​​នូវសកម្មភាព​និងគម្រោងកិច្ច​​សហប្រតិបត្តិការជាក់លាក់នានា  ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ​ក្នុងការលើកកម្ពស់ការតភ្ជាប់ និងលើកស្ទួយហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃភាពជាដៃគូសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ដោយសារភាគីទាំងពីរមាន​គុណតម្លៃ និងចក្ខុវិស័យរួមគ្នា ក្នុងការលើកកម្ពស់ប្រព័ន្ធសេដ្ឋកិច្ច​ពហុភាគី​ដែលបើកចំហ ប្រកបដោយបរិយាប័ន្ន​ និងផ្អែកលើច្បាប់។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីដ៏​សំខាន់​របស់ជប៉ុនក្នុងការគាំទ្រប្រទេសសមាជិកអាស៊ាន នៅក្នុងវិស័យសុខភាពសាធារណៈ​ តាមរយៈ​ «គំនិតផ្តួចផ្តើមសុខាភិបាល​អាស៊ាន-ជប៉ុន» និង​«គំនិត​ផ្តួចផ្តើម​សុខភាព​ និង​សុខុមាលភាព​អាស៊ី» ។  ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានកោត​សរសើរ​ចំពោះ​ «ការពង្រីកភាពជាដៃគូ​​​សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយ​គុណភាពរបស់ជប៉ុន» និង​ «គំនិត​ផ្តួចផ្តើម​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-ជប៉ុន» និងបាន​លើកទឹក​​ចិត្តជំរុញការសំយោគ​​រវាងគំនិត​ផ្តួច​ផ្តើម​​ទាំងនេះ​ ជាមួយនឹងអាទិភាព​នានារបស់​អាស៊ាន។ ​​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ ឡើងវិញនូវការគាំទ្ររបស់កម្ពុជាចំពោះយុទ្ធសាស្ត្រឥណ្ឌូ​-ប៉ាស៊ីហ្វិកសេរី និងបើកចំហឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានថ្លែង​អំណរគុណ​ដល់​ជប៉ុន​ដែល​បាន​គាំទ្រ​ដល់​ការ​អនុវត្ត​ផែន​ការ​ការ​ងារ
នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និង​​មជ្ឈម​ណ្ឌល​​​ ARMAC ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សាធារណរដ្ឋកូរ៉េ   

កិច្ចប្រជុំបានកោតសរសើរសាធារណរដ្ឋកូរ៉េ ដែលបានអនុវត្តន៍គោលនយោបាយទិសខាងត្បូងថ្មី ជាមួយនឹងគំនិតផ្តួចផ្តើម និងគម្រោងថ្មីៗ ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំបានអនុម័តផែនការសកម្មភាពអាស៊ាន – សាធារណរដ្ឋកូរ៉េ (២០២១-២០២៥) ។

កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈកិច្ច​ព្រម​ព្រៀង​ ពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ ជាអាទិ៍​។

កម្ពុជាបានសំដែងនូវសេចក្តីសង្ឃឹមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ជាតិអាស៊ាន (NTOs) និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីអនុវត្ត និងគ្រប់គ្រងដោយ​ប្រសិទ្ធភាពនូវវិស័យទេសចរណ៍ ប្រកបដោយចីរភាព និងបរិយាប័ន្ន​ ក្រោយវិបត្តិជំងឺកូវីដ-១៩។ នៅពេលដែលអាស៊ានកំពុងទទួលយកនូវបដិវត្តឧស្សាហកម្មជំនាន់ទី៤ (IR4.0) កម្ពុជាក៏​បានស្នើសាធារណរដ្ឋកូរ៉េគាំទ្រការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពី វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ឆ្នាំ២០១៦-២០២៥ និងផែនការមេឌីជីថលអាស៊ានឆ្នាំ២០២៥។ កម្ពុជា ក៏ទន្ទឹងរង់ចាំផងដែរនូវផែនការរបស់សាធារណរដ្ឋកូរ៉េក្នុងការ​បង្តើត «ភូមិ​ប្រមូលផ្តុំបច្ចេកវិទ្យា​ព័ត៌មាន និងគមនាគមន៍អាស៊ាន និងសាធារណរដ្ឋកូរ៉េ» នៅទីក្រុងប៊ូសាន និង «មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន និងសាធារណរដ្ឋកូរ៉េ»។ កម្ពុជាក៏បាន កោតសរសើរផងដែរនូវការបើកឱ្យ​ដំណើរការការចរចាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕ 

ថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤

                                       រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០

 

 

 

 

Loading...