ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ កម្ពុជារីករាយចំពោះការឆ្លើយតបរបស់កូរ៉េសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តាមសំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញប្រកាសយ៉ាងដូច្នេះថា៖

«នៅក្នុងជំនួបសម្ដែងការគួរសមរបស់ ឯកឧត្តម Oh Nak-young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការស្វាគមន៍ចំពោះការវិលត្រឡប់របស់ឯកឧត្តមឯកអគ្គរដ្ឋទូត មកក្នុងការងារការទូតជាថ្មីម្តងទៀត បន្ទាប់ពីបានចាកចេញពីកម្ពុជា កាលពី១០ឆ្នាំមុននេះ ហើយបានរំលឹកពីការជួបពិភាក្សាកាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងមកនេះ រវាងឯកឧត្តមផ្ទាល់ ជាមួយឯកឧត្តម Yoon Soon-Gu អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការនយោបាយរបស់សាធារណរដ្ឋកូរ៉េ ដែលផ្តោតជាសំខាន់ទៅលើការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិ- បត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី អាស៊ាន- កូរ៉េ និងមេគង្គ-កូរ៉េ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងក្តីរីករាយដែលបានវិលត្រឡប់មកបំពេញការងារការទូត នៅកម្ពុជាជាថ្មីម្តងទៀត និងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍដ៏ល្អប្រសើរក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៩៧។

ក្នុងការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ឯកឧត្តមទេសរដ្ឋមន្រ្ដី បានសម្តែងកតញ្ញូតាចំពោះជំនួយឧបត្ថម្ភលើគ្រប់វិស័យ ដែលរដ្ឋាភិបាលកូរ៉េបានផ្តល់ជូនកម្ពុជា និងបានវាយតំលៃខ្ពស់ចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលកូរ៉េទទួលយកសំណើសម្តេចតេជោនាយករដ្ឋមន្ត្រី ជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីការកត់សំគាល់ដោយក្តីរីករាយចំពោះគម្រោងទស្សនកិច្ចរបស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េមកកាន់បណ្តាប្រទេសអាស៊ាន និងការត្រៀមស្វាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះដំណើរទស្សនកិច្ចនេះ ដែលឯកឧត្តមវាយតំលៃថានឹងជារបត់ប្រវត្តិសាស្រ្តថ្មីមួយ ហើយនឹងរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីការរៀបចំកិច្ចប្រជុំលើកទី៤ របស់ គណៈកម្មការចម្រុះទ្វេភាគី ក្នុងឆមាសទីពីរ ឆ្នាំ២០១៨នេះ ដើម្បីរិះរកវិធីបង្កើនបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នៅក្នុងគោលដៅនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីលទ្ធភាពនៃការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ទៅកាន់សាធារណរដ្ឋកូរ៉េ ស្របពេលនឹងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការចម្រុះទ្វេភាគីនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាផងដែរអំពីការរៀបចំបង្កើតឲ្យមាន គណៈកម្មាធិការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាកុងស៊ុលរវាងប្រទេសទាំងពីរ ការរៀបចំឲ្យមានការជួបសន្ទនាការទូត និងសន្តិសុខ ថ្នាក់អគ្គនាយកនៃក្រសួងការបរទេសទាំងពីរ លទ្ធភាពនៃការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ និងការបង្កើនការផ្លាស់ប្តូរទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងក្របខណ្ឌនៃទំនាក់ទំនងអាស៊ាន- កូរ៉េ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីជំហរគាំទ្ររបស់កម្ពុជា ក្នុងឋានៈជាប្រទេសសម្របសម្រួលសំរាប់ទំនាក់ទំនងអាស៊ាន-កូរ៉េ ឲ្យមានការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន- កូរ៉េ ហើយនិងការខិតខំសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀតលើបញ្ហានេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតំលៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនងអាស៊ាន-កូរ៉។

ក្នុងក្របខណ្ឌនៃទំនាក់ទំនងមេគង្គ-កូរ៉េ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការស្វាគមន៍ដោយក្តីរីករាយរបស់រដ្ឋាភិបាលកូរ៉េ ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យតម្លើងកំរិតទំនាក់ទំនងមេគង្គ-កូរ៉េ ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ទៅកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ និងពីជំហររបស់រដ្ឋាភិបាលកូរ៉េ ក្នុងការខិតខំសម្របសម្រួលដើម្បីឲ្យមានការរៀបចំកិច្ចប្រជុំកំពូលនេះ ស្របពេលជាមួយកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កូរ៉េ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថាកម្ពុជានឹងខិតខំសម្របសម្រួលជាមួយបណ្តាប្រទេសសមាជិកមេគង្គផ្សេងទៀត ក្នុងការរៀបចំឲ្យមានកិច្ចប្រជុំកំពូលនេះ។

ចំពោះសភាពការណ៍នៅឧបទ្វីបកូរ៉េ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក្នុងការហុចដៃទៅរកប្រទេសកូរ៉េខាងជើង និងការវិវឌ្ឍជាវិជ្ជមានក្នុងរយៈចុងក្រោយនេះ នៃទំនាក់ទំនងនិងកិច្ចសន្ទនារវាងកូរ៉េទាំងពីរ ហើយនិងការលេចឡើងថ្មីៗនេះនូវនិន្នាការឈានទៅរកជំនួបកំពូលសហរដ្ឋអាមេរិក-កូរ៉េខាងជើង ដែលទាំងអស់នោះគឺជាជំហានវិជ្ជមានដ៏សំខាន់សម្រាប់សន្តិភាព និងស្ថេរភាពនៅឧបទ្វីបកូរ៉េ។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល។

ថ្ងៃ ច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ភ្នំពេញ, ថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៨

Loading...