ក្រសួងការបរទេស ប្រកាសផ្អាកផ្ដល់ទិដ្ឋាការដល់ជនបរទេស៥ ប្រទេសចូលមកកម្ពុជាដើម្បីទប់ស្កាត់ជំងឺ

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានជូនដំណឹងទៅឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំនៅបរទេសទាំងអស់ ស្តីពីការដាក់បម្រាមផ្អាកមិនឱ្យចូលមកប្រទេសកម្ពុជា និងមិនផ្ដល់ទិដ្ឋាការដល់ជនបរទេស ដែលមកពីប្រទេសចំនួន៥ ដូចជា៖ បារាំង អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

យោងតាមលិខិតផ្លូវការដែលចុះហត្ថលេខាដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំក្រសួងការបរទេស នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសសូមណែនាំដល់គ្រប់ស្ថានតំណាងទាំងអស់ ត្រូវផ្អាកការផ្ដល់ទិដ្ឋាការគ្រប់ប្រភេទ ដល់ជនបរទេសដែលមកពីប្រទេសទាំង៥ខាងលើ ចាប់ពីថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២០ រយៈពេលមួយខែសិន។ ចំពោះទិដ្ឋាការដែលបានផ្ដល់រួចហើយដល់ជនបរទេស ដែលចេញមកពីប្រទេសទាំង៥ខាងលើ ស្ថានតំណាងទាំងអស់ ត្រូវបង្វែរសង់ថ្លៃទិដ្ឋាការជូនទៅសាម៉ីជនវិញ។

ក្រសួងការបរទេស បញ្ជាក់ថា មូលហេតុដែលកម្ពុជាសម្រេចហាមមិនឲ្យជនបរទេសដែលមកពីប្រទេសទាំង ៥ ចូលមកកាន់កម្ពុជានោះ គឺដោយយោងតាម របាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលបានបង្ហាញថា ការឆ្លងនៃជំងឺកូវីដ-១៩ ក្នុងប្រទេសទាំង៥ មានការរាតត្បាតលឿនគួរឲ្យកត់សម្គាល់ ខណៈដែលជំងឺនេះបានរាតត្បាតដល់ប្រទេសចំនួន ១១៧ហើយ នៅទូទាំងពិភពលោក។

សូមជម្រាបថា នាព្រឹកព្រលឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសចេញវិធានការដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុងប្រទេសកម្ពុជា រយៈពេល ៣០ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ តទៅ។ ការសម្រេចនេះ ជាវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ស្របពេលដែលកម្ពុជាបានរកឃើញករណីវិជ្ជមាននៃជំងឺកូវីដ-១៩ ចំនួន៧ករណី ៕

Loading...