ក្រសួងចេញលិខិតឲ្យផ្អាករាល់ការសាងសង់សំណង់រឹងមាំនៅជុំវិញតំបន់បឹងព្រែកទប់

ខេត្តព្រះសីហនុ៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញលិខិតផ្អាករាល់ការសាងសង់សំណង់រឹងមាំ និងផ្អាកចេញប័ណ្ណកម្មសិទ្ធិដីធ្លីនៅជុំវិញតំបន់ជាប់មាត់បឹង ព្រែកទប់ ដែលជាប្រភពស្តុកទឹកស្អាត ឬទឹកសាប ទុកប្រើប្រាស់ទូទាំងក្រុងព្រះសីហនុ។ វិធានការនេះ ត្រូវមន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គម បានរិះគន់ថា អាជ្ញាធរខេត្តពាក់ព័ន្ធខេត្តព្រះសីហនុ អនុវត្តមិនមានប្រសិទ្ធភាព និងមិនបានផ្សព្វផ្សាយឲ្យបានទូលំទូលាយនោះទេ។
លិខិតអន្តរាគមន៍នេះចុះហត្ថលេខា និងបោះត្រាដោយរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក លឹម វាន់ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលវិទ្យុអាស៊ីសេរី ទើបទទួលបាននៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ បានជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ឲ្យទប់ស្កាត់រាល់ការសាងសង់សំណង់រឹងផ្សេងៗ និងពន្យារពេលផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនប្រជាពលរដ្ឋជាបណ្ដោះអាសន្ន នៅជុំវិញមាត់បឹងព្រែកទប់។ វិធានការនេះ គឺដើម្បីរង់ចាំការពិនិត្យដោះស្រាយ ឬអនុវត្តឲ្យបានពេញលេញតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងលិខិតចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
លិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលសុំកិច្ចអន្តរាគមន៍ជំរុញការអនុវត្តវិធានការទប់ស្កាត់ការសាងសង់ សំណង់ផ្សេងៗ និងពន្យារពេលបណ្ដោះអាសន្ននៃការផ្តល់ប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋ ដែលស្ថិតនៅជុំវិញតំបន់បឹងព្រែកទប់ ដើម្បីពិនិត្យដោះស្រាយការថែរក្សានូវបរិស្ថាន និងប្រភពទឹកសាបសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅទូទាំងក្រុង ព្រះសីហនុ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
ទោះជាបែបនេះក្តី មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គមមួយចំនួន បានឲ្យដឹងថា ការចេញលិខិតផ្អាកសង់សំណង់រឹងមាំរបស់ក្រសួងរៀបចំដែនដី នៅតំបន់ជាប់មាត់បឹងព្រែកទប់ អាជ្ញាធរខេត្តព្រះសីហនុ អនុវត្តមិនទាន់មានប្រសិទ្ធភាពទេ។ មន្ត្រីសង្គមស៊ីវិលចោទថា រាល់ថ្ងៃនេះ ឃើញមានបុគ្គល និងមន្ត្រីមានអំណាចមួយចំនួន បានបន្តសង់វីឡា ភូមិគ្រឹះ និងសង់ការដ្ឋានក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ជាដើម បន្តធ្វើសកម្មភាពរាល់ថ្ងៃដោយគ្មានអាជ្ញាធរហាមឃាត់ទេ។
បញ្ហានេះ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍនសង្គម និងជាអ្នកវិភាគឯករាជ្យ ដែលបានចុះស្រាវជ្រាវទៅលើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មានដីកោះ ដីតំបន់ឆ្នេរ និងដីចំណីបឹងធម្មជាតិ ជាដើម ដល់មូលដ្ឋានខេត្តព្រះសីហនុ បានរិះគន់ថា រដ្ឋាភិបាលគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋមិនទាន់បានល្អទេ។ លោកបន្តថា ទ្រព្យសម្បត្តិរបស់រដ្ឋ មានឆ្នេរ កោះ និងបឹងធម្មជាតិ មានបឹងព្រែកទប់ ជាដើម ដែលការពារដោយរដ្ឋធម្មនុញ្ញ ត្រូវបុគ្គលមានអំណាច និងឈ្មួញ ឃុបឃិតទន្ទ្រានធ្វើកម្មសិទ្ធិ ហើយបន្តសង់វីឡាធំស្កឹមស្កៃ សង់ជាភូមិគ្រឹះ និងសង់ការដ្ឋានក្រុមហ៊ុនលាយស៊ីម៉ងត៍នៅជាប់ខាងមាត់បឹងព្រែកទប់ យ៉ាងអនាធិបតេយ្យ៖ «ក្នុងនាមជានគរបាល ជាថ្នាក់ដឹកនាំខេត្ត ឬជាកូនអ្នកធំនេះអ្នកធំនោះក្តី តែងបានទៅទន្ទ្រានរំលោភយកទ្រព្យសម្បត្តិរដ្ឋ និងឃុបឃិតលក់ដូរបន្ត នាំឲ្យបាត់បង់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាបន្តបន្ទាប់នាពេល កន្លងមក។ បញ្ហានេះ ខ្ញុំគិតថា ទ្រព្យសម្បត្តិជាតិមួយចំនួន បើបានបំផ្លាញអស់ទៅហើយ រដ្ឋាភិបាលត្រូវទទួលខុសត្រូវ ប៉ុន្តែបើទ្រព្យសម្បត្តិជាតិ មានដូចជាឆ្នេរ ឬបឹងធម្មជាតិដែលនៅសេសសល់ រដ្ឋាភិបាលត្រូវរក្សាទុកឲ្យបានល្អ ប្រសើរជាជាងនាំគ្នាបំផ្លាញខ្លួនឯង»។
ត្រង់ចំណុចនេះ លោក កែម ឡី មានទស្សនៈថា បរិស្ថាននៅជុំវិញមាត់បឹងព្រែកទប់ ឬផ្ទៃរងទឹកភ្លៀងបឹងស្តុកទឹកសាប មានទីតាំងនៅក្បែរឆ្នេរឯករាជ្យខេត្តព្រះសីហនុ គួរត្រូវរាជរដ្ឋាភិបាលថែរក្សាឲ្យបានគង់វង្ស ដោយមិនត្រូវឲ្យមានសកម្មភាពរំលោភដីចំណីមាត់បឹងធម្មជាតិមួយនេះ ធ្វើកម្មសិទ្ធិ ហើយអនុញ្ញាតឲ្យមានសំណង់ផ្ទះវីឡាធំស្កឹមស្កៃ និងការដ្ឋានក្រុមហ៊ុន បន្តកើតមានដូចរាល់ថ្ងៃនេះទៀតទេ។
ផ្ដើមពីបញ្ហានេះ មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គមមួយចំនួន បានទទូចឲ្យរដ្ឋាភិបាលដកហូតដីចំណីមាត់បឹងព្រែកទប់ ដែលជាបឹងធម្មជាតិស្តុកទឹកសាបដ៏សំខាន់ ទុកប្រើប្រាស់នៅទូទាំងក្រុងទេសចរណ៍មួយនេះ មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងអភិរក្ស ដោយមិនត្រូវអនុញ្ញាតឲ្យបុគ្គលមានអំណាច ឬឈ្មួញមួយចំនួន បន្តសង់វីឡា ភូមិគ្រឹះ និងសំណង់រឹងមាំផ្សេងទៀតនៅជាប់មាត់បឹងនេះទៀតទេ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ដែលបានចុះពិនិត្យផ្ទាល់ដល់មាត់បឹងព្រែកទប់ នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ក៏បានរិះគន់ថា បទបញ្ជារបស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសគោលការណ៍ណែនាំផ្សេងៗដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឲ្យអនុវត្ត ទាក់ទងវិធានការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីចំណីមាត់បឹងព្រែក ទប់ គឺអាជ្ញាធរខេត្តនេះអនុវត្តមិនទាន់មានប្រសិទ្ធភាពទេ។ លោកសង្កត់ធ្ងន់ថា សំណង់វីឡាធំៗ សំណង់ភូមិគ្រឹះ និងសំណង់ការដ្ឋានក្រុមហ៊ុនលាយស៊ីម៉ងត៍ កំពុងបន្តសាងសង់នៅផ្នែកខាងលើមាត់បឹងព្រែកទប់ ដោយមិនខ្វល់នឹងគោលការណ៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបទបញ្ជារបស់ លោក ស ខេង នោះទេ៖ «សូមឲ្យអាជ្ញាធរខេត្តព្រះសីហនុ ត្រូវមានវិធានការតាមផ្លូវច្បាប់ទៅលើជនទាំងឡាយ ដែលរំលោភបំពានដីជាសម្បត្តិសាធារណៈរបស់រដ្ឋ ទន្ទ្រានធ្វើកម្មសិទ្ធិ មិនថាដីនៅតំបន់បឹងព្រែកទប់ ឬនៅតំបន់ឆ្នេរជាដើមនោះទេ ត្រូវតែនាំមកផ្ដន្ទាទោស។ ហើយបញ្ហានេះ មន្ទីរពាក់ព័ន្ធដែលជាមន្ទីរជំនាញគ្រប់គ្រងលើដីធ្លី សូមឲ្យមានវិធានការទៅតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង»។
ចំណែកលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១១ ខែវិច្ឆិកា ដែលដាក់ឲ្យប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ ទប់ស្កាត់សំណង់រឹងមាំ មិនឲ្យសាងសង់នៅជុំវិញបរិវេណមាត់បឹងព្រែកទប់ លោក សុខ សុខុម សង្កេតឃើញថា អាជ្ញាធរពាក់ព័ន្ធ ឬមន្ទីរសុរិយោដីខេត្តព្រះសីហនុ មិនបានផ្សព្វផ្សាយឲ្យបានទូលំទូលាយទេ។ ជាងនេះទៀត ក៏ឃើញមានសកម្មភាពសាងសង់ភូមិគ្រឹះ ឬសំណង់វីឡាធំស្កឹមស្កៃ ដែលជាកម្មសិទ្ធិរបស់ឧកញ៉ា និងបុគ្គលមានអំណាចក្នុងជួររដ្ឋាភិបាល កំពុងបន្តសាងសង់ជិតរួចជាស្ថាពរ ប៉ុន្តែអាជ្ញាធរខេត្តនេះ មិនមានវិធានការផ្លូវច្បាប់ណាមួយទៅលើម្ចាស់សំណង់ទាំងនោះទេ។
សំណង់វីឡាធំស្កឹមស្កៃដែលកំពុងបន្តសាងសង់ជិតរួចរាល់ជាស្ថាពរ នៅជាប់ខាងលើមាត់បឹងព្រែកទប់រាល់ថ្ងៃនេះ មន្ត្រីសង្គមស៊ីវិល និងមន្ត្រីរាជការខេត្តព្រះសីហនុ អះអាងថា ជាកម្មសិទ្ធិរបស់ លោក តាក់ វណ្ណថា អតីតស្នងការនគរបាលខេត្តព្រះសីហនុ ហើយបច្ចុប្បន្នមានតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ។ សំណង់ភូមិគ្រឹះសង់នៅជាប់របងវត្តក្រោម ជាប់ខាងលើមាត់បឹងព្រែកទប់ ជាកម្មសិទ្ធិរបស់បុគ្គលមានទ្រព្យមានងារជាឧកញ៉ា។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ បានផ្តល់បទសម្ភាសន៍ នាមាត់បឹងព្រែកទប់ ថា បទបញ្ជា ឬអនុសាសន៍របស់ លោក ស ខេង ពិសេសគោលការណ៍ណែនាំផ្សេងៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងវិធានការទប់ស្កាត់ការទន្ទ្រានកាន់កាប់ចំណីដីមាត់បឹងព្រែក ទប់ អាជ្ញាធរអនុវត្តមិនទាន់បានល្អនោះទេ។ ជាងនេះទៀត ក៏មិនទាន់ឃើញថ្នាក់ដឹកនាំខេត្តនេះ មានចំណាត់ការតាមផ្លូវច្បាប់ទៅលើជនជាប់ពាក់ព័ន្ធសកម្មភាពរំលោភ ចាក់ដី ឬម្ចាស់សំណង់វីឡាធំស្កឹមស្កៃ សំណង់ការដ្ឋានក្រុមហ៊ុនលាយស៊ីម៉ងត៍ និងសំណង់ភូមិគ្រឹះដទៃទៀត ដែលសង់នៅលើមាត់បឹងព្រែកទប់ជាប់វត្តក្រោមនោះទេ។
ផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់ ដែលជាប្រភពទឹកទឹកសាបទុកប្រើប្រាស់នៅទូទាំងក្រុងជាប់សមុទ្រមួយ នេះ បានរងការរំលោភបំពានធ្វើកម្មសិទ្ធិឯកជនច្រើនឆ្នាំមកហើយ ហើយករណីនេះ បានឈានដល់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានធ្ងន់ៗជាសាធារណៈមិនបញ្ចេញឈ្មោះទៅលើមន្ត្រីរដ្ឋាភិបាល ទាំងឡាយណា ដែលជាប់ពាក់ព័ន្ធសកម្មភាពរំលោភយកដីចំណីមាត់បឹងព្រែកទប់ ឲ្យដកខ្លួនជាបន្ទាន់ បើចង់សុខខ្លួន។
បញ្ហានេះ អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង បានឲ្យដឹងដែរថា នៅពេលរូបលោកបានមកដឹកនាំមូលដ្ឋាននេះ ឃើញមានសំណង់រឹងមាំផ្សេងៗ មានដូចជា សំណង់វីឡា ភូមិគ្រឹះ និងការដ្ឋានក្រុមហ៊ុនលាយស៊ីម៉ងត៍ ជាដើម បានសាងសង់នៅផ្នែកខាងលើមាត់បឹងព្រែកទប់ ដោយគ្មានច្បាប់សាងសង់ទេ ប៉ុន្តែលោកមានចម្ងល់ថា អាជ្ញាធរអាណត្តិមុនៗ ហេតុអ្វីបានជាមិនបានហាមឃាត់ និងអនុញ្ញាតឲ្យម្ចាស់សំណង់ទាំងនោះសង់ល្មើសច្បាប់ទៅវិញ៖ «ពាក់ព័ន្ធ ការងារនេះ សាងសង់សំណង់រឹងមាំមួយចំនួននៅផ្នែកខាងលើមាត់បឹងព្រែកទប់ ក្នុងសង្កាត់លេខ៣ ខ្ញុំបានដាក់ឲ្យអភិបាលរងក្រុងព្រះសីហនុ ម្នាក់ ចុះស្រាវជ្រាវរកឯកសារផ្លូវច្បាប់សម្រាប់ការសាងសង់សំណង់រឹងមាំ មានដូចជាភូមិគ្រឹះ និងសំណង់ការដ្ឋានលាយស៊ីម៉ងត៍ ដែលសង់នៅផ្នែកខាងលើមាត់បឹងព្រែកទប់ នៅជាប់របងវត្តក្រោមនោះរួចហើយ ហើយបើមិនមានឯកសារច្បាប់សាងសង់ត្រឹមត្រូវទេ ខ្ញុំនឹងស្នើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត មានចំណាត់ការទៅលើសំណង់ទាំងនោះនាថ្ងៃខាងមុខ»។
បន្ថែមលើនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា អាជ្ញាធរមិនអនុញ្ញាតឲ្យចេញប័ណ្ណកម្មសិទ្ធិដីនៅជុំវិញបរិវេណមាត់ បឹងព្រែកទប់ និងសកម្មភាពទន្ទ្រានយកដីចំណីមាត់បឹងព្រែកទប់ទៀតទេ។ ជាងនេះ អាជ្ញាធរស្ថាប័នពាក់ព័ន្ធ បានរួមគ្នាអនុវត្តអនុសាសន៍ពង្រឹងការពារបឹងព្រែកទប់ ឲ្យស្របតាមការចង្អុលបង្ហាញរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងបទបញ្ជាផ្សេងៗរបស់ប្រមុខដឹកនាំដោយយកចិត្តទុកដាក់។ លោក យន្ត មីន ដែលធ្លាប់ដើរហាត់ប្រាណតាមផ្លូវក្រាលកៅស៊ូនៅជាប់មាត់បឹងព្រែក ទប់ស្ទើរជារៀងរាល់ល្ងាចពេលទំនេរពីការងារ បានបញ្ជាក់ថា ក្នុងរយៈពេល ៣ខែ ដែលរូបលោកបានមកដឹកនាំខេត្តនេះ បានហាមមិនឲ្យស្ថាប័នណាមួយចេញប័ណ្ណកម្មសិទ្ធិដីនៅជុំវិញបឹង ព្រែកទប់ទៀតទេ។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ថា តើនៅពេលណាអាជ្ញាធរ ឬរដ្ឋាភិបាល រឹបអូសយកដីចំណីមាត់បឹងព្រែកទប់ ដែលរងការរំលោភធ្វើកម្មសិទ្ធិពីបុគ្គលមួយចំនួនកន្លងមក ដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញនោះទេ។
បច្ចុប្បន្ននេះ ផ្ទៃរងទឹកភ្លៀង ឬដីចំណីមាត់បឹងព្រែកទប់ មានទីតាំងនៅក្នុងសង្កាត់៣ ក្រុងព្រះសីហនុ គិតត្រឹមថ្ងៃសៅរ៍ ទី១២ ខែធ្នូ គេសង្កេតឃើញមានរបងថ្មបានបន្តហ៊ុមព័ទ្ធទុកចោល និងឃើញមានសំរាម ត្រូវបានគេចាក់គរចោលនៅលើមាត់បឹង និងចាក់ចូលផ្ទៃបឹង ជាពិសេសឃើញមានសំណង់វីឡាធំស្កឹមស្កៃ កំពុងបន្តសាងសង់ដោយគ្មានអាជ្ញាធរហាមឃាត់។ វីឡាធំស្កឹមស្កៃដែលបន្តសាងសង់ និងជិតរួចជាស្ថាពរនៅផ្នែកខាងលើផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់ រាល់ថ្ងៃនេះ មន្ត្រីសាលាខេត្តព្រះសីហនុ បញ្ជាក់ថា ជាកម្មសិទ្ធិរបស់ លោក តាក់ វណ្ណថា អតីតស្នងការនគរបាលខេត្តព្រះសីហនុ ហើយបច្ចុប្បន្នមានតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ។
បេក្ខភាពប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ អាណត្តិថ្មី លោក នួន ប៉ុក មានប្រសាសន៍ថា ទីតាំងដីសង់វីឡារបស់ លោក តាក់ វណ្ណថា គឺម្ចាស់កម្មសិទ្ធិនេះបានស្នើប័ណ្ណកម្មសិទ្ធិត្រឹមត្រូវពីមន្ទីរ ជំនាញខេត្តនេះ ប៉ុន្តែចំពោះសំណង់នេះសង់មានច្បាប់អនុញ្ញាត ឬបែបណានោះ ស្ថាប័នលោកមិនបានដឹងទេ៖ «ខាងស្ថាប័នជំនាញខ្ញុំមិន មានសិទ្ធិចាត់ចែងច្បាប់សំណង់ ឬច្បាប់សាងសង់ទេ ប៉ុន្តែខាងដីធ្លីវិញ ត្រូវម្ចាស់សំណង់វីឡានេះបានស្នើសុំប័ណ្ណកម្មសិទ្ធិយូរមកហើយ»។
សំណង់វីឡាធំស្កឹមស្កៃជាកម្មសិទ្ធិរបស់ លោក តាក់ វណ្ណថា ត្រូវមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ថ្លែងថា សង់មិនខ្វល់បទបញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ពិសេសគោលការណ៍ណែនាំផ្សេងៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ហើយអាជ្ញាធរខេត្តនេះ ក៏មិនបានទប់ស្កាត់ដែរ។
ត្រង់ចំណុចនេះ អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមសង្គមស៊ីវិល កំពុងរង់ចាំមើលចំណាត់ការរបស់ប្រមុខដឹកនាំរដ្ឋាភិបាល នឹងមានវិធានការតាមផ្លូវច្បាប់បែបណាទៅលើជនទាំងឡាយ ដែលបន្តប៉ុនប៉ងរំលោភដីចំណីបឹងព្រែកទប់ធ្វើជាកម្មសិទ្ធិ ជាពិសេសម្ចាស់សំណង់វីឡាធំស្កឹមស្កៃ សំណង់ភូមិគ្រឹះ និងការដ្ឋានក្រុមហ៊ុនស៊ីម៉ងត៍ ដែលកំពុងសាងសង់នៅផ្នែកខាងលើជាប់មាត់បឹងព្រែកទប់រាល់ថ្ងៃនេះ នៅពេលណា៕

image

image២

Loading...

Leave a Reply

Your email address will not be published. Required fields are marked *