ក្រសួងទេសចរណ៍ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការស្វីសខន់ថាក់ ដើម្បីគាំទ្រលើការ  បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅភូមិភាគឥសាន្តសម្រាប់ឆ្នាំ២០២០-២០២៤

(ភ្នំពេញ) ៖កាលពី រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Naddia Ottiger នាយិការងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) បានអញ្ញើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នារវាងក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ លើកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់ កាលទី២ ឆ្នាំ២០២០-២០២៤ ដែលគម្រោងនឹងផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅ ខេត្តគោលដៅគម្រោងចំនួន០៥ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និងព្រះវិហារ។ កម្មវិធីអភិវឌ្ឍជំនាញជំហានទី២នេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាល ដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ក្នុងខេត្តគោលដៅខាងលើ ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ក្នុងជីវិត ក៏ដូចជាទទួលបានការងារមួយ សមរម្យ ជាមួយនឹងការបង្កើនប្រាក់ចំណូលរបស់ខ្លួនកាន់តែល្អប្រសើរ។

គម្រោងអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ធ្វើឡើងចំពេលវេលា និងស្របតាម ផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍ ជាពិសេសលើការ ជំរុញបណ្តុះបណ្តាលជំនាញថ្មី និងបន្ថែមក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក្នុងខេត្តគោលដៅទេសចរណ៍ទាំង០៥ ដើម្បី ទទួលបានចំណេះដឹង​ និងជំនាញ និងដើម្បីជាច្រកសម្រាប់បន្តការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម និង ពេញមួយជីវិត។ គម្រោងនេះ ក៏នឹងចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ ជាតិ និងក្រោមជាតិ ដែលបង្កើតបានមូលធនមនុស្សសម្រាប់វិស័យទេសចរណ៍លើការអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទខេត្តគោលដៅទេសចរណ៍ និងចូលរួមបង្កើតធនធានគ្រូបង្គោល និងអ្នកវាយ តម្លៃបង្គោលផងដែរ។ 

សូមរំលឹកផងដែរថា កន្លងមកតាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញជំហានទី១ ក្រសួងទេសចរណ៍បានធ្វើការ យ៉ាងជិតស្និតជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្វីសខន់ ថាក់ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដោយបានបណ្តុះបណ្តាលយុវជន យុវជនារី លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងកម្មវិធីសិក្សាពេញម៉ោងចំនួន ១៦០រូប (ស្រី៦០រូប) កម្មវិធីបណ្តុះ បណ្តាលខាងក្នុងចំនួន ៣៨៩រូប (ស្រី២០០រូប) ប្រជាសហគមន៍ទេសចរណ៍ចំនួន ៤៨០រូប (ស្រី៣៤០រូប) បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលចំនួន ៩១រូប និងបានវាយតម្លៃអ្នកជំនាញទេសចរណ៍ តាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ១.១៦៧រូប (ស្រី ៥៦១រូប) ៕ 

Loading...