ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍តំបន់ឆ្នេរ ដោយមិនបង់ប្រាក់

ខេត្តកំពត៖ ក្រសួងទេសចរណ៍ បានបើកវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកមគ្គទ្ទេសក៍ទេសចរណ៍តំបន់ឆ្នេរ នៅសាលាខេត្តកំពត ដោយមិនបង់ថ្លៃជាលើកដំបូងនៅកម្ពុជា កម្មវិធីនេះគាំទ្រដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ (ADB Loan No.3194-CAM) សហការជាមួយនាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍។ ពិធីក្រោមវត្តមានរបស់លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

លោក រដ្ឋមន្ត្រីបានថ្លែងជំរុញដល់មគ្គទេ្ទសក៍ដែលជាសិក្ខាកាមជំនាន់ទី២ទាំងអស់ត្រូវខិតខំត្រងត្រាបក្រេបជញ្ជក់ពីវាគ្មិនជំនាញ ព្រោះវគ្គនេះវាមិនត្រឹមតែចូលរួមដោះស្រាយបញ្ហាកង្វះខាតមគ្គទ្ទេសក៍ទេសចរណ៍នៅតំបន់ឆ្នេរ ប៉ុណ្ណោះទេ។ ប៉ុន្តែបានផ្តល់ឱកាសសម្រាប់សិស្ស-និស្សិត យុវជន ដែលមានចំណេះដឹង តែពុំមានលទ្ធភាពសិក្សាលើជំនាញមគ្គទ្ទេសក៍ទេសចរណ៍ អាចចូលរៀនដោយឥតគិតថ្លៃ និងចាប់យកអាជីពជាមគ្គទ្ទេសក៍ទេសចរណ៍ដើម្បី រួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យទេសចរណ៍តំបន់ឆ្នេរ ដែលកំពុងត្រូវការធនធានមនុស្សជាច្រើនពាននាក់មកមកបម្រើការងារលើសេវានាំភ្ញៀវនេះ ។

លោក រដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាមាសបៃតង និងកំពុងបោះជំហានរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ ក្នុងអត្ត្រាប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ឱកាសការងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត ។

លោក បណ្ឌិតថ្លែងសង្កតធ្ងន់ថា រយៈពេល៩ខែដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៣,៩១២,៧៦១នាក់ កើនឡើងប្រមាណ ១១.៥%។ ដោយឡែកតំបន់ឆ្នេរទទួលបានទេសចរអន្តរជាតិចំនួន ៥៥៤,៦១៣នាក់ កើនឡើង ១៥.៧%។ តាមការព្យាករណ៍ នៅឆ្នាំ២០២០ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ ជាមួយនឹងចំណូលប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ ១លាននាក់ផងដែរ ។

ទន្ទឹមនិងកំណើនយ៉ាងឆាប់រហ័សនៃចំនួនភ្ញៀវទេសចរចូលមកទស្សនាកម្ពុជានេះ លោកបានស្នើដល់បណ្តាប្រតិបត្តិករទេសចរណ៍ និងមូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ បន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន និងរៀបចំកែទម្រង់អាជីវកម្ម ស្របតាមស្តង់ដារគុណភាពសេវាកម្ម ទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ និងបន្តគិតគូរដល់ការរៀបចំឲ្យមានខ្សែទស្សនកិច្ចក្នុងស្រុក ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗឲ្យបានច្រើន ដើម្បីចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុកផងដែរ ។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃ២០ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៧នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនក្នុងក្រុងកំពតការសិក្សាធ្វើឡើងចំនួន៦ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ។ សូមជម្រាបថា គិតត្រឹមខែកញ្ញាឆ្នាំ២០១៧នេះ កម្ពុជាមានមគ្គទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ដែលមានអាជ្ញាប័ណ្ណចំនួន ៥,១១២នាក់ ក្នុងនោះមានមគ្គទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាបចំនួន ៤,១៨៧នាក់ ភ្នំពេញមាន៨៨៧នាក់ រីឯតំបន់ឆ្នេរទើបមានចំនួនចំនួន ៣៨នាក់ខណៈដែលតំបន់ឆ្នេរខេត្តទាំង ៤ ត្រូវការមគ្គទ្ទេសក៍ទេសចរណ៍ជាច្រើននាក់នៅឆ្នាំ២០២០ខាងមុខ ៕

Loading...