ក្រសួងទេសចរណ៍រៀបចំកញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងការីទេសចរណ៍ជាច្រើន បានសហការគ្នារៀបចំ ឲ្យមានកញ្ចប់ទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាប និងតំបន់ផ្សេងៗ រួមនឹងការផ្សព្វផ្សាយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ក្នុងតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត ការទស្សនាកន្លែងដែលថ្មីៗ ជាមួយនឹងមគ្គុទ្ទេសក៍ទេសចរណ៍ និងការទទួលទានម្ហូបអាហារដ៏មានឱជារស គួរជាទីគាប់ចិត្ត ក្នុងបរិយាកាសដ៏ល្អសាកសមបំផុតក្នុងដំណើរកម្សាន្តផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០
ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានប្រាប់ថា គោលដៅសំខាន់នៃកញ្ចប់ទស្សនកិច្ចកម្សាន្តនេះ ដើម្បីជំរុញទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តតាមរយៈកញ្ចប់ទស្សនកិច្ច ដែលបង្កើតជាតម្លៃ ពិសេសសម្រាប់ដំណើរកម្សាន្ត និង បទពិសោធន៍ថ្មី ហើយធានាបាននូវសុវត្ថិភាពជូនទេសចរក្នុងដំណាក់កាលជំងឺកូវីដ-១៩ និង ត្រៀមទទួលទេសចរនា អំឡុងពេលឈប់សម្រាកការងារពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០នេះផងដែរ ។

លោក ឈុន មករា បានបន្ថែមថា ដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ ជាដំណើរកញ្ចប់ទស្សនកិច្ចលំដាប់ផ្កាយ៥ ដោយអ្នកទេសចរទាំងអស់ អាចសម្រាកនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងតម្លៃយ៉ាងពិសេសបំផុតមិនធ្លាប់មានពីមុនមក ហើយគោលដៅនៃដំណើរកម្សាន្តនេះ បានផ្តោតសំខាន់ទៅលើខេត្តសៀមរាបដជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា។

កញ្ចប់ទស្សនកិច្ចកម្សាន្តពិសេសនេះ បានរៀបចំទុកជាមុន និងជាទីទំនុកចិត្តសម្រាប់អ្នកទេសចរក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ដែលមានរយៈពេល២ថ្ងៃ និងរយៈពេល៣ថ្ងៃ ហើយកញ្ចប់នេះសម្រាប់អ្នកដែលមានចំណូល តិច និងចំណូលមធ្យមក៏អាចចូលរួមបានផងដែរ។

ក្រសួងទេសចរណ៍ក៏សូមអំពាវនាវឱ្យអាជីវកម្មទេសចរណ៍ទាំងអស់សូមយោគយល់លើការកំណត់តម្លៃសេវាកម្មឱ្យបានសមរម្យ និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីបង្កើតមុខមាត់ថ្មីដល់វិស័យទេសចរណ៍កម្ពុជា ជាគោលដៅមានសុវត្ថិភាព និងប្រកបដោយភាពកក់ក្តៅ ពិសេសត្រូវត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងអំឡុងថ្ងៃឈប់សម្រាកខាងមុខ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋគាំទ្រដល់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍មិនមែនសម្រាប់តែទេសចរបរទេសនោះទេ ។

លោក ឈុន មករា តំណាងឱ្យក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណដល់ការីទេសចរណ៍ដែលមាន Beltei Tour, Charming (Cambodia), Khmer Selfie Tours, MYT Tours, Nelin Star, World Express និង Loro Asia Tours ដែលបានផ្តល់កិច្ចសហការបញ្ចុះតម្លៃកញ្ចប់ពិសេសសម្រាប់ទាក់ទាញទេសចរផ្ទៃក្នុងទៅកាន់ខេត្តសៀមរាប និងខេត្តផ្សេងៗ និងសណ្ឋាគារលំដាប់ផ្កាយ៥ ដូចជា Meridien. Angkor, Regency Angkor និង Empress Angkor ដែលបានផ្តល់តម្លៃពិសេសក្នុងកញ្ចប់ទស្សនកិច្ចនេះផងដែរ៕

 

Loading...