ក្រសួងទេសចរណ៍៖ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ដើម្បីជំរុញឱ្យខេត្តនេះក្លាយជាគោលដៅទេសចរណ៍មានភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក

(កែប)៖ ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប បាននិងកំពុងដំណើរការជាបណ្ដើរៗហើយ ក្រសួងទេសចរណ៍បានបង្ហាញនូវការជឿជាក់ចំពោះផែនការមេនេះ និងជួយឱ្យខេត្តកែបក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញអាចប្រកួតប្រជែងនៅក្នុងតំបន់ នឹងពិភពលោកថែមទៀត ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប នៅសាលាខេត្តកែបកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបបានលើកឡើងថា ចំពោះការគាំទ្រដល់ការសិក្សារៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំ ពីផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកែបនិងខេត្តមណ្ឌលគិរី ។

ឯកឧត្តមបានបន្តថា ដំណើរការនៃការសិក្សារៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខាងលើនេះ ចាប់ផ្តើមអនុវត្តតាំងពីខែធ្នូឆ្នាំ២០១៩ មកម្ល៉េះ ហើយពីនេះតទៅមុខនឹងប្រមូលធាតុចូល ហើយទទួលបានការគាំទ្រពីសំណាក់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញនៅថ្នាក់ខេត្ត ដើម្បីឱ្យការងាររៀបចំនេះបានគ្រប់ជ្រុងជ្រោយនិងការទទួលខុសត្រូវរួមគ្នា។ ឯកឧត្តមបន្តថា សេចក្តីព្រាងផែនការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកែបនេះ គ្រោងបញ្ចប់ដំណាច់ខែកក្កដាឆ្នាំ២០២០ ហើយគ្រោងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៅខែសីហាឆ្នាំ២០២០នេះ។ បន្ទាប់ពីមានការកែសម្រួល ឬមានការសម្រេចឯកភាពពីប្រមុខរាជរដ្ឋាភិបាល ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបនឹងចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២១ដល់ឆ្នាំ២០៣៥ ហើយក៏អាចមានការពិនិត្យនិងកែសម្រួលសម្រាប់ការអនុវត្តនៅឆ្នាំបន្តបន្ទាប់ផងដែរ ។

ឯកឧត្តម កែន សត្ថា បានបង្ហាញការគាំទ្រចំពោះសំណើរបស់ក្រសួងទេសចរណ៍ និងបានលើកសំណើគម្រោងផែនការមួយចំនួនដាក់បញ្ចូលទៅក្នុងផែនការមេខាងលើ ដូចជាការអភិវឌ្ឍឆ្នេរខ្សាច់ទេសចរណ៍ថ្មី (ចាប់ពីស្ថានីយចម្រោះទឹកកខ្វក់រហូតដល់ព្រៃកោងកាង) និងឆ្នេរខ្សាច់អង្កោល ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ក៏ដូចជាការបង្កើតកំពង់ផែទេសចរណ៍ខ្នាតតូចនៅកោះទន្សាយ ការរៀបចំឱ្យមានកន្ត្រកខ្សែរ៉កសម្រាប់ឱ្យទេសចរជិះលេងកម្សាន្តពីគោលដៅទេសចរណ៍មួយទៅគោលដៅមួយទៀតជាដើម។ 

ក្នុងឱកាសនោះ លោក ទិត ចន្ថា ក៏បានណែនាំដល់ក្រុមការងារដែលចូលរួមសិក្សារៀបចំផែនការមេនេះ ត្រូវរួមគ្នាគិតគូរទាំងភាពវិជ្ជមាន អវិជ្ជមាន និងការគ្រប់គ្រងហានិភ័យទៅលើផ្នែកបរិស្ថាន ប្រព័ន្ធទឹកស្អាត សំណង់ សូរិយោដី សាធារណការ និងផ្នែកពាក់ព័ន្ធដទៃទៀត សំដៅធ្វើឱ្យភ្ញៀវទេសចរដិតជាប់ការចងចាំចំណុចពិសេសៗ ក្រោយបានមកទស្សនាខេត្តនេះ។ ក្រសួងទេសចរណ៍ក៏បានស្នើឱ្យរដ្ឋបាលខេត្តកែបបង្កើតក្រុមការងារជំនាញមួយ ដើម្បីគាំទ្រ និងចូលរួមក្នុងការសិក្សាស្រាវជ្រាវជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីឱ្យការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ សម្រេចបានប្រកបដោយភាពត្រឹមត្រូវ សមភាព តម្លាភាព និងធានាបាននិរន្តរភាព ៕

Loading...