ក្រសួងទេសចរណ៍ គាំទ្រជួយអភិវឌ្ឍន៍សហគមន៍ព្រៃកោងកាង ទឹកសាប ទឹកជប់ខ្នារពោធិ៍ ឱ្យក្លាយជាសហគមន៏អេកូទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្តសៀមរាប

ខេត្តសៀ​មរាប៖នៅក្នុងឱកាសចុះសំណេះសំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងប្រាប់ប្រជាសហគមន៍ថានឹងជួយអភិវឌ្ឍន៍សហគមន៍នេះ ឱ្យក្លាយទៅជាសហគមន៍អេកូទេសចរណ៍គំរូមួយនៅខេត្តសៀមរាប។

លោក ថោង ខុន បានបញ្ជាក់ទៀតថា កន្លងមកក្នុង ក្របខណ្ឌក្រុមការងារអន្តរក្រសួង ក្រសួងទេសចរណ៍បានសហការជាមួយ ក្រសួង បរិស្ថាន ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ភាគីពាក់ព័ន្ធ ជួយរៀបចំការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៏ ទេសចរណ៍ ធម្មជាតិ និង អេកូទេសចរណ៍បានមួយចំនួន ហើយដែលបានក្លាយជាសហគមន៍គំរូមិនត្រឹមតែថ្នាក់ជាតិទេ តែថ្នាក់តំបន់ និងពិភពលោកផងដែរ ក្នុងនោះរួមមានសហគមន៍អេកូទេសចរណ៍ជីផាត ឆាយអារ៉ែង ខេត្តកោះកុង និងសហគមន៍ទេសចរណ៍កោះទ្រង់ ខេត្តក្រចេះ សហគមន៏ ទេសចរណ៍ កំពង់ភ្លុក ក្នុងខេត្តសៀមរាម សហគមន៍ ទេសចរណ៍ បន្ទាយឆ្មារ ខេត្ត បន្ទាយមានជ័យ សហគមន៍ អេកូទេសចរណ៍ ម្លប់បៃតង ខេត្តកំពង់ស្ពី ។ល។

លោក រដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សម្រាប់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ គឺពិតជាមោទនភាពធំណាស់សម្រាប់ស្រុកសូទ្រនិគម ក៏ដូចខេត្តសៀមរាប និង ប្រទេសជាតិយើង ដោយសារយើងធ្លាប់តែឮ ព្រៃកោងកាង សមុទ្រ( ទឹក ប្រៃ) តែនេះនៅខេត្តសៀមរាប(ទឹកសាប)យើង ក៏មានដើមកោងកាងបានដុះជាច្រើន ជិត ១០០ ហិតា ហើយត្រូវបាន សហគមន៏ ព្រៃឈើ ក្រោមការយកចិត្តទុកដាក់ណែនាំពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និង នេសាទ ថែរក្សាបានយ៉ាងល្អដែលនេះជាផលិតផលទេសចរណ៏ទោល មួយទៀត សំរាប់ទឹកដីយើង ប្រទេសជាតិយើងដែលអាចបង្ហាញនឹងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើននៅតំបន់សៀមរាបអង្គរ(ក្រៅពីប្រាសាទ)យើងនេះ។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការបញ្ចូលសម្មភាពទេសចរណ៍មួយ ប្រកបដោយការទទួលខុសត្រូវវាអាចនឹងជួយរកចំណូលបន្ថែមឱ្យប្រជាពលរដ្ឋសហមន៏បានយ៉ាងច្រើន ប្រសិនបើប្រជាសហគមន៍ចេះថែរក្សាឱ្យបានគង់វង្ស និងរួមគ្នាទាញយកផលប្រយោជន៍ពីព្រៃឈើទាំងអស់នោះ តាមរយៈការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍ ផ្តល់សេវាទេសចរណ៍ ប្រកប ដោយគុណភាព និង បដិសណ្ឋារកិច្ចល្អ ពិសេស ក្នុង បរិបទ នៃដំណាក់កាល Covid -19 នេះ លោករដ្ឋមន្ត្រីបានរលឹកដល់ ប្រជាពលរដ្ឋសហគមន៏ ឲ្យយកចិត្តទុកដាក់អនុវត្តន៏ឲ្យបានមុឺងម៉ាត់នូវវិធានសុវត្តិភាព ទេសចរណ៍ ដែល រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ បានណែនាំ។

លោក ថោង ខុន បានបន្ថែមទៀតថា សម្រាប់បញ្ហាប្រឈមរបស់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នាពោធិ៍នេះដូចជា បញ្ហាផ្លូវ ចូលទៅសហគមន៍ សេវាទូរស័ព្ទ អុិនធើណែត អគ្គិសនីប្រើប្រាស់ បញ្ហាសំរាម លោកនឹងជួយស្នើទៅស្ថាប័នពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហានេះផងដែរ។ ដោយឡែក ពិសេសសម្រាប់កំណាត់ផ្លូវដែលលំបាកខ្លាំងប្រវែង ៣ គីឡូម៉ែត្រ ក្រសួងទេសចរណ៍នឹងជួយជួសជុលចំពោះមុខសិន។

នៅក្នុងឱកាសចុះជួបសំណោះសំណាលនោះដែរលោក រដ្ឋមន្ត្រី ថោង ខុន ក៏បាននាំយកអំណោយជូនដល់ប្រជាសហគមអេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ រួមមានក្នុងម្នាក់ទទួលបានសារុង ១ ថ្នាំពេទ្យTIFFY ៣ បន្ទះ ទឹកអាកុល ម៉ាស់និងថវិកា ២ ម៉ឺនរៀល។

សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ព្រៃកោងកាង តំបន់ទឹកជប់ខ្នារពោធិ៍ មានព្រំប្រទល់ខាងជើងជាប់នឹងឃុំត្បែង ស្រុកបន្ទាយស្រី ខាងត្បូងឃុំចាន់ស និងខាងលិចជាប់នឹងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខាងកើតជាប់ឃុំពពេល។ ឃុំនេះមានភូមិចំនួន ៨ ភូមិ ស្ថិតនៅភាគខាងជើងផ្លូវជាតិលេខ ៦ ចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីផ្លូវជាតិ និងមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។

ព្រៃសហគមន៍តំបន់ទឹកជប់ខ្នារពោធិ៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយស្ម័គ្រចិត្ត និងមានការឯកភាពគ្នារបស់ប្រជាជនក្នុងភូមិទាំងអស់របស់ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ព្រៃសហគមន៍នេះមានផ្ទៃដីសរុបប្រមាណ ១,០២២ ហិតា ដែលក្នុងនោះមានព្រៃកោងកាងភ្នំចំនួនប្រមាណ ៩០ ហិកតា ដែលមានសក្តានុពលអាចរៀបចំបង្កើតជាកន្លែងទេសចរណ៍ថ្មីមួយដ៏ទាក់ទាញសម្រាប់ខេត្តសៀមរាប៕

Loading...