ក្រសួងធនធានទឹកក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយព្យាករថា ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី៩-១៥ ខែកញ្ញា ឆ្នាំ២០២០

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈតាមដាន នៃការវិវឌ្ឍ និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប អូសបន្លាយឆ្លងកាត់ ភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម។ ខណៈខ្យល់មូសុងនិរតី មាន ល្បឿនជាមធ្យមបក់មកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ នៅក្នុងប្រទេស ពីតិចទៅបង្គួរ។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ហើយនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅបង្គួរ ។ ក្នុងនោះក៏មានផ្នែកមួយចំនួន នៃបណ្ដាខេត្ត នាភាគខាងត្បូង និងភាគពាយព្យ អាចនឹងមានភ្លៀងធ្លាក់ច្រើន។ រីឯបណ្ដាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន វិញ មានសីតុណ្ហភាពអប្បបរមា ពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមា ពី ២៧-២៩°C ហើយអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ។

ដោយឡែកបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២៦-២៧°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ហើយអាចនឹងមានភ្លៀងធ្លាក់ ពីមធ្យមទៅបង្គួរ។ រីឯ រលកសមុទ្រ អាចមានកម្ពស់ពី ០,២៥-០,៧៥ម៉ែត្រ។

ជាមួយគ្នានេះដែរ ក្រសួងធនធានទឹកក៏សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន ជាយថាហេតុ នៅតាមតំបន់ចំនួន៕

Loading...