ក្រសួងធនធានទឹកបញ្ជាក់អំពីមូលហេតុទឹកទន្លេមេគង្គនិងទឹកទន្លេសាបម្ខាងល្អក់ម្ខាងថ្លា

ភ្នំពេញ៖ ថ្មីៗនេះមានការចែកចាយនៅលើបណ្តាញសង្គម អំពីរូបភាពនៃខ្សែទឹកទន្លេសាបម្ខាង ល្អក់ និងម្ខាងទៀតខ្សែទឹកទន្លេមេគង្គ​ថ្លា។ នៅពេលទឹកទន្លេសាប នឹងទន្លេមេគង្គហូរជួបគ្នានៅរាជធានីភ្នំពេញ ខ្សែទឹកទាំងពីរ មិនហូរចូលគ្នាដោយហូរម្ខាងៗ ដែលទឹកទន្លេសាបមានពណ៌រាងល្អក់ ហើយទឹកទន្លេមេគង្គថ្លា។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា ខ្សែទឹកទន្លេទាំងពីរឆ្លាស់វេនគ្នាល្អកថ្លាតាមរដូវ។ លោកប្រាប់ថា ជួនកាលទឹកទន្លេមេគង្គក៏ល្អក់ជួនកាលទឹកទន្លេសាបថ្លា ក្នុងករណីដែលទឹកទន្លេសាបល្អក់ កន្លងមកមានដូចជាកការលាងសម្អាតអាងទឹកដើម្បីជម្រះល្បាប់នោះក៏ធ្វើឲ្យល្អករយៈពេលខ្លី។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា នៅខាងទន្លេសាប ប្រសិនបើគ្មានសកម្មភាព ឬភ្លៀង គ្មានការលាងល្បាប់អ្វីនោះទេ នៅខែនេះខ្សែទឹកគឺរងថ្លាល្អជាធម្មតា ដែលរបបទឹកទន្លេសាបនៅពេលដែល រដូវវស្សាទឹកហូរចូល គឺនាំដីល្បាប់ចូល ប៉ុន្តែនៅពេលរដូវប្រាំងពេលដែលទឹកហូរចេញមកវិញ ក៏នាំដីល្បាប់ចេញមកវិញដែរ នេះជាកត្តាវិជ្ជមាន។

លោកថ្លែងថា “ប្រសិនបើហូរចូលហើយ អត់ចេញមកវិញ នោះគឺទន្លេសាបឆាប់គោករាក់ ប៉ុន្តែលក្ខណៈពិសេសនៃរបបជលសាស្ត្ររបស់ទន្លេសាបពេលដែលរដូវវស្សាមកដល់គឺហូរចូលនាំល្បាប់ ដែលមានទឹកទន្លេមេគង្គដែលហូរចូលទន្លេសាប ដូច្នេះ ទន្លេសាបមិនងាយនិងគោករាក់ទេ ប្រសិនបើឃើញទឹកល្អក់ចេញពីទន្លេសាប គឺជាសញ្ញាវិជ្ជមានទៅវិញទេ”។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកបញ្ជាក់ថា ទន្លេមេគង្គនៅក្នុងរដូវប្រាំងជាទូទៅគឺទឹកមានសភាពថ្លាល្អ ប៉ុន្តែការដាក់វេនគ្នា ១០ ខែហើយហូរចូលមក ឬមួយក៏ពេលខ្លះមានការលាងល្អាងសម្អាតចេញពីអាងក៏អាចធ្វើឲ្យមានទឹកល្អក់។

នៅរដូវសម្រកទឹកទន្លេនៅបាសាក់ចតុមុខទាបជាងកម្ពស់ទឹកនៅទន្លេសាប មានន័យថាហូរចេញមករវិញ ហើយនាំទាំងល្បាប់មកដែរ។

លោក ចាន់ យុត្ថាប្រាប់ថា ខាងទន្លេមេគង្គក៏ធ្លាប់មានករណីល្អក់ដែរ ដោយមានកត្តាពីរយ៉ាងដែលធ្វើឲ្យល្អកនោះគឺ ទី១ ពេលដែលមានភ្លៀងកក់ខែ ហើយហូរចូលមកទន្លេ បានន័យថាកក់ខែនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ហើយភ្លៀងនោះ ហូរចូលមកទន្លេមេគង្គធ្វើឲ្យទឹកទន្លេមេង្គល្អក់ និងកត្តាទី២ ដោយសារលាងសម្អាតអាងទឹក។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងរូបភាពដែលចែកចាយនៅលើបណ្តាញសង្គម លោកកំពុងឲ្យក្រុមការងារស្រាវជ្រាវ ពីករណីខ្សែទឹកម្ខាងល្អក់ ម្ខាងថ្លានោះ៕

Loading...