ក្រសួងធនធានទឹកបញ្ឈរជើង លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកបន្ទាយមានជ័យ ដោយសារតែរឿងអាស្រូវ

ខេត្តបន្ទាយមានជ័យ៖ មានរឿងអាស្រូវ មិនប្រក្រតីមួយចំនួន ហើយទើបបែកធ្លាយថា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានផ្ទេរសិទ្ធិ (ដកបញ្ឈរជើង?) ដោយប្រគល់អោយលោក ម៉ក់ ចាន់ថា (ហៅ ឈុន ហាន) អនុប្រធានមន្ទីរ ទទួលដឹកនាំរួម តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦មក។ មកទល់ពេលនេះ មិនទាន់មានការសម្រេចជាថ្មី ពីជោគវាសនាមន្ត្រីម្នាក់នេះទេ។

មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ដែលស្និទ្ធនឹងលោក យឹម ប៊ុនរ៉ុម បានប្រាប់ថា “របៀបបែបបទរដ្ឋបាល ក្រសួងធនធានទឹក គឺលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរ ត្រូវឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ទេរសិទ្ធិ អោយលោក ម៉ក់ ចាន់ថា អនុប្រធានដឹកនាំរួម។ តែវាដូចបញ្ឈរជើងដែរ តែក្នុងលិខិតរដ្ឋបាល គ្មានប្រើពាក្យនោះទេ។ បើមន្ទីរផ្សេង ឬរដ្ឋបាលខេត្ត ការផ្ទេរសិទ្ធិបែបនេះ គឺអោយអនុប្រធាន ឬ រងខេត្ត ស្រុក ឡើងស្តីទី តែខាងណេះផ្សេង”។

ចំពោះមូលហេតុនៃ ការផ្ទេរសិទ្ធិនេះ ប្រភពបាននិយាយថា មកពីលោក យឹម ប៊ុនរ៉ុម មានកំហុស ដូចដែលមានរឿងអាស្រូវដែរ គឺក្នុងកំណត់ហេតុ អធិការកិច្ចក្រសួង រកឃើញ៣ចំណុចធំៗ ៖ ទី១- ពាក់ព័ន្ធសារពើភ័ណ្ឌនៃការគ្រប់គ្រងម៉ាស៊ីនបូមទឹកធំៗចល័ត។ ទី២-អត់បែងចែកតួនាទី ភារកិច្ច អនុប្រធាន និងមន្ត្រីផ្ទៃក្នុងមន្ទីរ ឲ្យច្បាស់លាស់ និងទី៣-រឿងអនុញ្ញាតដោយខុសច្បាប់ នូវការអោយកាយដី ស្តារពោះអូរម្កាក់ នៅស្ពានទី២ (ពីចំណុចវាលបឹងឈូក ដល់ទំនប់ភូមិអ្នកតា) ព្រោះក្រសួងធនធានទឹក ពុំបានឯកភាពឡើយ។ ពោលគឺអោយឈ្មួញរកស៊ីជីកកាយដី ដឹកដីលក់ រកប្រយោជន៍ផ្ទាល់ខ្លួន ដោយសំអាងថា លោក (ប្រធានមន្ទីរ) បានស្នើ និងបញ្ជូនជូនលោកអភិបាលខេត្ត សម្រេចប៉ុណ្ណោះ។ ប៉ុន្តែក្នុងច្បាប់ធនធានទឹក គឺទាល់តែរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល ទើបមានសិទ្ធិសម្រេច។

ប្រភពបានបន្តថា តែករណីនោះ អាចលោក យឹម ប៊ុនរ៉ុម កេងបន្លំ ពេលក្រសួងធនធានទឹក អោយស្តារអូរម្កាក់ ផ្នែកខ្សែទឹកខាងលើស្ពានទី២ ទៅដល់សង្កាត់ម្កាក់ ប្រវែង ១០ គីឡូម៉ែត្រ លោកក៏លួចអនុញ្ញាតអោយឈ្មួញ កាយដីក្នុងពោះអូរ នៅខ្សែទឹកខាងក្រោមដែរទៅ។ ប៉ុន្តែបើមើលទិដ្ឋភាព នៃការកាយដី នៅចំណុចវាលបឹងឈូក ទៅក្រោម គឺខុសគ្នាស្រឡះ ពីកាយស្តារខាងលើ ដែលធ្វើតាមបច្ចេកទេស ធនធានទឹក ដើម្បីសម្រួលផ្លូវទឹក បង្ការទឹកជំនន់ និងរំដោះទឹក។ រីឯការកាយពោះអូរ ខាងក្រោមគឺ កាយជ្រៅដល់ក្បាលប្រែត ដើម្បីយកដីលក់យកលុយ គឺអោយកាយពង្វាងដី ដែលឈ្មួញជាច្រើន បានរំលោភយកបឹងបួរ អូរស្ទឹង នៅម្តុំនោះ ដូចជាលោក ជួន សុផល ម្ចាស់ភោជនីយដ្ឋាន វាលបឹងឈូក ជាដើម។ មកទល់ពេលនេះ សកម្មភាពជីកកាយអាចម៍ដី ក្នុងពោះស្ទឺងម្កាក់ ខ្សែទឹកផ្នែកខាងក្រោមនោះ នៅតែបន្តដោយខុសច្បាប់ និងបំពានការណែនាំរបស់ ក្រសួងធនធានទឹកដដែល។

ករណីលោក យឹម ប៊ុនរ៉ុម នេះ ទាំងលោក សួន បវរ អភិបាលខេត្ត, លោក លី សារី អភិបាលរងខេត្ត និងមន្ត្រីអាជ្ញាធរដែន មន្ត្រីជំនាញ ដៃគូអភិវឌ្ឍន៍ រហូតដល់ពលរដ្ឋ បានចាត់ទុកលោកប្រធានរូបនេះថា ជាមនុស្សពិបាកធ្វើការជាមួយ ហើយកម្រឃើញលោក ចូលរួមការងារជំនាញ និងការងារសង្គម។ សូម្បីទូរស័ព្ទលោក ក៏មិនមិនងាយនឹងទទួល ពីនរណាហៅចូលឡើយ សូម្បីលោកអភិបាលខេត្តក៏ដោយ។ ពោលគឺលោកមានចរឹក ក្រអឺតក្រទម មិនសមជាមន្ត្រីសាធារណ:ទេ ហើយនៅការិយាល័យធ្វើការ ក៏លោកមិនសូវមក ។ ជាងនេះទៅទៀត ក្នុងអំឡុងការទទួលខុសត្រូវ ការដោះស្រាយបញ្ហា និងយុទ្ធនាការចែកទឹក ជូនពលរដ្ឋខ្វះទឹកផឹក និងទឹកប្រើប្រាស់ យ៉ាងមមាញឹក ក៏គេកម្រឃើញលោក យឹម ប៊ុនរ៉ុម មានវត្តមានណាស់។ ពោលគឺលោកបង្ហាញមុខ យកបុងតែពេលមន្ត្រីថ្នាក់ដឹកនាំធំៗ ចុះទៅប៉ុណ្ណោះ។

មិនអាចទាក់ទងសុំការបំភ្លឺបន្ថែម ពីលោក យឹម ប៊ុនរ៉ុម បានទេ ពីព្រោះគ្មានលេខទូរស័ព្ទ ៕

11

Loading...

Leave a Reply

Your email address will not be published. Required fields are marked *