ក្រសួងបរិស្ថានបំភ្លឺចំពោះក្រុមជនដែលបានប្រព្រឹត្តល្មើសនៅតំបន់ព្រៃឡង់ខេត្តក្រចេះ

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថានពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចំពោះក្រុមជនដែលបានប្រព្រឹត្តបទល្មើសនៅតំបន់ព្រៃឡង់ ភូមិសាស្ត្រខេត្តក្រចេះ។

១-ក្រុមជនល្មើសទាំង ៥ នាក់ រួមមាន ១. អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ២. ហេង ស្រស់ ៣. ផៃ សុផុន ហៅ ម៉ាន ម៉ាត់ ៤. តង ជាង ៥. ហេ រុន ដែលមន្ត្រីឧទ្យានុរក្សបានឃាត់ខ្លួនបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានអនុវត្តតាមនីតិវិធីច្បាប់ចំនួន ២ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រោយការសាកសួរនិងការប្រមូលភស្តុតាង៖

ទី១) ក្រុមជនល្មើសបានសារភាពថាពិតជាបានលួចចូលតំបន់ដែនជម្រកសត្វព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងបានធ្វើសកម្មភាពដោយគ្មានការអនុញ្ញាត ហើយបានធ្វើកិច្ចសន្យាចំពោះមុខមន្ត្រីក្រសួងបរិស្ថាន បញ្ឈប់សកម្មភាពចូលក្នុងតំបន់ការពារធម្មជាតិដោយគ្មានការអនុញ្ញាតគ្រប់រូបភាពដែលជាអំពើផ្ទុយនឹងច្បាប់រដ្ឋជាពិសេសផ្ទុយនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ទី២)នៅវេលាម៉ោង ១២និង២៥នាទីថ្ងៃទី៧ ខែកុម្ភៈនេះ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះបានបញ្ជូនសំណុំរឿងនិងប្រគល់ជនសង្ស័យទាំង ៥ រូបទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា លោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងគូកនបានលួចធ្វើសកម្មភាពដោយខុសច្បាប់។

២-មន្ត្រីឧទ្យានុរក្សជាមន្ត្រីនគរបាលយុត្តិធម៌ដែលមានតួនាទីភារកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ អនុវត្តតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិក្នុងការទប់ស្កាត់និងបង្ក្រាបសកម្មភាពខុសច្បាប់ទាំងឡាយដែលប្រព្រឹត្ត នៅក្នុងតំបន់ការពារធម្មជាតិ មិនថាជនណាឡើយ ឱ្យតែមន្ត្រីឧទ្យានុរក្សរកឃើញ និងប្រទះឃើញថាប្រព្រឹត្តមិនស្របតាមច្បាប់ ត្រូវអនុវត្តតាមច្បាប់ជាធរមាន។ គួររំឭកថាកាលពីខែមីនាឆ្នាំ២០២០ ក្រុមអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាបានធ្វើ សកម្មភាពខុសច្បាប់ម្តងរួចមកហើយ និងត្រូវបានតុលាការតម្រូវឱ្យផ្អាកសកម្មភាពរហូតដល់លោក អ៊ូច ឡេង ប្រធានអង្គការនេះទៅចុះបញ្ជីអង្គការខ្លួននៅក្រសួងមហាផ្ទៃជាមុនសិន មុននឹងធ្វើសកម្មភាពបន្តទៀត។

៣-ក្រុមជនល្មើសមួយចំនួនជ្រកក្រោមស្លាកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតាមច្បាប់ ឬគ្មានការអនុញ្ញាតនិងកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន បានធ្វើសកម្មភាពផ្សេងៗក្នុងតំបន់ការពារធម្មជាតិដោយគ្មានច្បាប់អនុញ្ញាតដើម្បីបង្កើតជារបាយការណ៍ ផលិតរូបភាពផ្សេងៗជាពិសេសបង្កើតរូបភាព និងរបាយការណ៍បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាដើម្បីស្វះស្វែងរកការគាំទ្រថវិកា និងកៀរគរស្វែងរកជំនួយដើម្បីក្រុមបក្ខពួកខ្លួន។

ចម្លើយរបស់ក្រុមជនល្មើសបានបញ្ជាក់ថាខ្លួនធ្វើសកម្មភាពនៅក្នុងតំបន់ការពារធម្មជាតិដើម្បីថតរូបភាពស្វែងរកជំនួយគាំទ្រផ្នែកថវិកាពីម្ចាស់ជំនួយនានា។ នេះបានបង្ហាញយ៉ាងច្បាស់នូវបំណងទុច្ចរិតរបស់ក្រុមជនមួយចំនួនដែលជ្រកក្រោមស្លាកអ្នកបរិស្ថាននិងសកម្មជនព្រៃឈើដែលប្រើវិធីសាស្ត្រស្មោគគ្រោកដើម្បីផលប្រយោជន៍បក្ខពួកខ្លួននិងបម្រើឱ្យរបៀបវារៈទុច្ចរិត។

៤-ក្រសួងបរិស្ថានសូមអំពាវនាវនិងលើកទឹកចិត្តដល់ម្ចាស់ជំនួយមួយចំនួនសូមធ្វើការផ្តល់ជំនួយគាំទ្រចំពោះសមាគមនិងអង្គការក្រៅរដ្ឋាភិបាលណាដែលបានចុះបញ្ជីត្រឹមត្រូវនិងគោរពច្បាប់ដើម្បីលើកស្ទួយការអនុវត្តច្បាប់ និងលើកទឹកចិត្តចំពោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលគោរពច្បាប់ត្រឹមត្រូវ និងមិនចិញ្ចឹមចលនាខុសច្បាប់ណាមួយឡើយ។

៥-ក្រសួងបរិស្ថានស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ តែត្រូវចូលតាមច្រកផ្លូវច្បាប់ជាធរមាន ដោយមិនមែនលួចធ្វើសកម្មភាពប្រាស់ចាកច្បាប់ជាធរមានឡើយ។ ជនទាំងឡាយដែលជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាន និងតែងតែប្រមាថច្បាប់ជាតិ គួររៀនគោរពច្បាប់ព្រោះកម្ពុជាជានីតិរដ្ឋ និងកុំចាត់ទុកខ្លួនជាក្រុមនៅក្រៅច្បាប់៕

Loading...