ក្រសួងបរិស្ថាន រៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានរៀបចំបើក«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១» នាទីស្តីការក្រសួងបរិស្ថាន។ពិធីនេះដែរប្រព្រឹត្តិឡើង ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ភ្ញៀវកិតិ្តយសជាតិ អន្តរជាតិ ជាច្រើនរូបចូលរួម។

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការបានថ្លែងឱ្យដឹងសន្និបាតនេះ គឺជាវេទិកាប្រចាំឆ្នាំធំបំផុតរបស់ក្រសួងបរិស្ថាន សម្រាប់ធ្វើការពិនិត្យ និងវាយតម្លៃលើសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ ទស្សនាទាន មេរៀន បទពិសោធ និងគំនិតផ្តួចផ្តើមថ្មីៗ សម្រាប់ជាធាតុចូលក្នុងការរិះរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាលើវិស័យបរិស្ថាន និងដាក់ចេញទិសដៅការងារឱ្យបានសមស្រប សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា តាមរយៈសន្និបាតនេះ យើងទាំងអស់គ្នានឹងមានឱកាសពេញលេញ ក្នុងការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដែលជាកិច្ចការចម្បងរបស់យើងទាំងអស់គ្នា ក្នុងការចូលរួម និងរិះរកដំណោះស្រាយសមស្របចំពោះបញ្ហានានា ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោកសាយ សំអាល់ បានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ប្រែក្លាយអនុសាសន៍ ដែលកើតចេញពីសន្និបាតនេះ ទៅជាគំនិតផ្តួចផ្តើមគោលនយោបាយ ផែនការសកម្មភាព គម្រោង និងវិធានការជាក់ស្តែងនានា សំដៅធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ព្រមទាំងការអភិវឌ្ឍនិងការរស់នៅដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។

លោករដ្ឋមន្ត្រី បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់របស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានធ្វើពលិកម្ម បូជាកម្លាំងកាយ និងកម្លាំងចិត្តដោយឥតរួញរាក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។ ទន្ទឹមនឹងនេះ លោកបានថ្លែងអំណរគុណ ដោយស្មោះចំពោះក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូទាំងអស់ ដែល បាន ផ្តល់កិច្ចសហការល្អ និងចូលរួមចំណែកក្នុងការ សម្រេច បានសមិទ្ធផលការងារក្នុងបុព្វហេតុវិស័យបរងិស្ថាន។

គួរបញ្ជាក់ថា «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១» របស់ក្រសួងបរិស្ថាន ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២០ដោយមានបទបង្ហាញ កិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់ជាច្រើន លម្អិតអំពីបញ្ហាប្រឈម មេរៀន បទពិសោធន៍ សំណូមពរ និងអនុសាសន៍ផ្សេងៗ របស់អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអង្គភាពក្រោមឱវាទក្រសួងបរិស្ថាន៕

 

Loading...