ក្រសួងពាណិជ្ជកម្មថៃផ្សព្វផ្សាយច្បាប់ដល់អាជីវករខ្មែរនៅផ្សាររុងក្លឿ

ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ មកផ្សព្វផ្សាយអប់រំដល់អាជីវករខ្មែរនៅផ្សាររុងក្លឿកំពុងប្រឈមរងការបង្រ្កាបពីសមត្ថកិច្ចថៃពាក់ព័ន្ធ និងអាជីវករខ្មែរមួយចំនួនធំ ដែលរងការចោទប្រកាន់ថាលក់ទំនិញនិងអីវ៉ាន់រំលោកភកម្មសិទ្ធិបញ្ញាខុសច្បាប់នៅក្នុងប្រទេសថៃ។

ការផ្សព្វផ្សាយបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងនោះក៏មានការចូលរួមពីលោក ម៉ែន សុភ័ណ អភិបាលរងក្រុងប៉ោយប៉ែត និងមានអាជីវករខ្មែរជាង១ពាន់នាក់ផងដែរ។

ការផ្សព្វផ្សាយគ្រាដែលនៅព្រឹកថ្ងៃដដែលនោះដែរ គេមើលឃើញថា អាជីវករខ្មែរប្រហែល២០០នាក់ បានលើកគ្នាមកប្រមូលផ្តុំនៅខាងមុខសាលាក្រុងប៉ោយប៉ែត ដើម្បីសុំការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយជូនដល់ពួកគាត់ដែលកំពុងប្រឈមរងការបង្រ្កាប និងចាប់ឃាត់ខ្លួនពីសំណាក់សមត្ថកិច្ចថៃ ក្នុងការអនុវត្តច្បាប់រំលោភកម្មសិទ្ធិបញ្ញា ដែលសមត្ថកិច្ចថៃអនុវត្តតាមបណ្តឹងរបស់ក្រុមហ៊ុនបរទេសដោយពិនិត្យរកឃើញថាមានអាជីវករខ្មែរមួយចំនួនធំកំពុងប្រកបមុខរបរលក់ទំនិញអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញានៅផ្សាររុងក្លឿនោះ។

ការផ្សព្វផ្សាយនោះដែរ មន្រ្តីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្មថៃប្រាប់ឱ្យដឹងថា ថ្នាក់លើរបស់ថៃគឺនៅតែប្រកាន់គោលជំហរតឹងរ៉ឹងបង្រ្កាបទំនិញអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញាដោយមិនអាចលើកលែងបានឡើយ ។

លោក ម៉ែន សុភ័ណ អភិបាលរងក្រុងប៉ោយប៉ែត ដែលបានចូលរួមស្តាប់នៃការផ្សព្វផ្សាយច្បាប់រំលោភកម្មសិទ្ធិបញ្ញា បានប្រាប់ឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃដែលចុះមកផ្សព្វផ្សាយ ក៏មិនសូវស្គាល់ច្បាស់ និងស្លាកសញ្ញាយីហោរទំនិញអីវ៉ាន់ដែលរំលោភកម្មសិទ្ធិបញ្ញានោះផងដែរ គ្រាដែលអាជីវករខ្មែរបានសាកសួរទៅមន្រ្តីជាន់ខ្ពស់ថៃ នៅពេលនោះ។

អាជីវករខ្មែរក៏បានលើកឡើងថាពួកគាត់មួយចំនួនក៏មិនបានដឹងច្បាស់ថា តើទំនិញនិងអីវ៉ាន់ប្រភេទអ្វីខ្លះ ដែលរំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់នោះ ពីព្រោះកន្លងមកគ្មានការផ្សព្វផ្សាយទំនិញអីវ៉ាន់យីហោរ ដែលជាមុខសញ្ញារំលោភកម្មសិទ្ធិបញ្ញានោះ។ ការផ្សព្វផ្សាយគេក៏បានចែកយីហោរទំនិញអីវ៉ាន់ដែលជាមុខសញ្ញារំលោភកម្មសិទ្ធិបញ្ញា ដើម្បីឱ្យអាជីវករខ្មែរបានយល់ដឹងនិងបញ្ឈប់ការតាំងលក់ទំនិញនិងអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញា។

លោកអភិបាលរងក្រុងបានប្រាប់ឱ្យដឹងទៀតថា៖ នៅពិធីផ្សព្វផ្សាយនោះផងទៀត អាជីវករខ្មែរក៏បានសាកសួរមន្រ្តីជាន់ខ្ពស់ថៃថាតើត្រូវឱ្យអាជីវករខ្មែរ យកទៅទំនិញត្រឡប់ចូលដីខ្មែរវិញរឺយ៉ាងណា មន្រ្តីជាន់ខ្ពស់ថៃមិនបានឆ្លើយតប និងចោទសួររបស់អាជីវករខ្មែរបែបឡើយ ដោយបង្វែរទៅបកស្រាយរឿងផ្សេងទៀតទៅវិញ។

សូមរំលឹកថាពាក់ព័ន្ធនិងបញ្ហាខាងលើនោះដែរកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ បានបើកកិច្ចប្រជុំដោះស្រាយបញ្ហារបស់អាជីវករខ្មែរនោះដែរ ប៉ុន្តែភាគីថៃគេមិនយល់ព្រមតាមការស្នើសុំ របស់ភាគីកម្ពុជា ដែលបានសុំឱ្យភាគីថៃពន្យាពេលនៃការចុះបង្រ្កាបរបស់សមត្ថកិច្ចថៃ មកលើអាជីវករខ្មែរនោះសិន រងចាំការដោះស្រាយរវាងថ្នាក់លើនៃប្រទេសទាំងពីរនោះសិន។ ប៉ុន្តែការស្នើសុំរបស់ភាគីកម្ពុជា ត្រូវបរាជ័យ ដោយភាគីថៃគេនៅតែប្រកាន់គោលជំហរតឹងរឹងត្រូវតែចាត់វិធានការទៅលើអាជីវករខ្មែរដែលបានលក់ទំនិញនិងអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញា ដែលមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីថ្នាក់លើរបស់ថៃ៕ ពាយព្យ

 

Loading...