ក្រសួងពាណិជ្ជកម្មបញ្ចប់ជាស្ថាពរក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩

ភ្នំពេញ: ដោយយោងតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សម្រាប់មន្ត្រីរាជការក្រោមឱវាទនៃក្រសួងពាណិជ្ជកម្មចំនួនសរុប ១,៣៦៤នាក់ បានទទួលចាក់រួចរាល់ហើយ គឺវ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ (Sinovac)។

មានប្រសាសន៍ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ កាលពីថ្ងៃទី៦ ខែមេសា កន្លងទៅ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វ៉ាក់សាំងនេះ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្រ្គោះជីវិតមនុស្សដែលជួយបុគ្គលមិនឱ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងប្រើប្រាស់នៅកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងដំណើរការចាក់បានរាប់សិបលាននាក់ផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ដែលបានទទួលវ៉ាក់សាំងរួចហើយ ត្រូវបន្តតាមដានពិនិត្យសុខភាព ត្រៀមលក្ខណៈដើម្បីចាក់លើកទី២ និងត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយក រដ្ឋមន្ត្រី និងវិធានការរបស់ក្រសួងសុខា ភិបាល ក្នុងការការពារ ការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩ ជាពិសេសត្រូវបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ឲ្យបានល្អប្រសើរចៀសវាងពីការឆ្លងនៃជំងឺដ៏កាចសាហាវមួយនេះ។

សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានចាត់តាំងឲ្យគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សហការជាមួយក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំង ជាលក្ខណៈទ្រុងទ្រោយធំទូទាំងប្រទេស ដោយពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលស្ថិតក្នុងក្រុមអាទិភាព នៃការចាក់វ៉ាក់សាំងចូលរួមទទួលវ៉ាក់សាំង ដោយស្ម័គ្រចិត្ត ដើម្បីការពារខ្លួន និងក្រុមគ្រួសារកុំឲ្យឆ្លងកូវីដ១៩៕

Loading...