ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យដំណើរការជាផ្លូវការនូវមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ តម្លៃជាង ១៥ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ៖ រថយន្តមន្ទីរពិសោធន៍ចល័ត (Mobile Lab for Petroleum Products) ផ្នែកប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលមានតម្លៃសរុបចំនួន ១៥២,៩៨២.៤៩ ដុល្លារអាមេរិក ត្រូវបានដាក់ឲ្យដំណើរការ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ថ្លែងនៅក្នុងពិធីសម្ពោធរថយន្តនេះ លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា មន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ គឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីរថយន្តមន្ទីរពិសោធន៍ចល័តទី១ផ្នែកត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ កាលពីចុងឆ្នាំ២០១៦។ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈម៉ាក Ford ម៉ូដែលឆ្នាំ២០១៦ ទី២នេះបង្កើតឡើងក្នុងគោលបំណងជួយការពារផលប្រយោជន៍អ្នកប្រើប្រាស់ប្រេងឥន្ធនៈគ្រប់មជ្ឈដ្ឋាន ដែលអាចវិភាគរកនូវប៉ារ៉ាម៉ែត្រពាក់ព័ន្ធនឹងផលិតផលទំនិញជាប្រេងឥន្ធនៈទាំងលើផ្នែកគុណភាព និងបរិមាណ ហើយនេះក៏ជាការបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្ម ភារកិច្ចត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណ និងបង្ក្រាបអំពើក្លែងបន្លំ លើមុខទំនិញគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា មន្ទីរពិសោធន៍ចល័តនេះ មានតួនាទី និងសារៈប្រយោជន៍ ដូចជា ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើគុណភាព និងបរិមាណប្រេងឥន្ធនៈដែលកំពុងចរាចរ និងចែកចាយ, ធានាភាពជឿជាក់ជូនប្រជាពលរដ្ឋ ក្នុងការទទួលបានទំនិញជាប្រេងឥន្ធនៈប្រកបដោយគុណភាព និងបរិមាណត្រឹមត្រូវ ព្រមទាំងធានានូវការធ្វើធុរកិច្ចប្រកបដោយសមធម៌ និងរក្សាសណ្តាប់ធ្នាប់ទីផ្សារប្រេងឥន្ធនៈគ្រប់ប្រភេទដូចជា ប្រេងម៉ាស៊ូត, ប្រេងសាំង (ស៊ុបពែរ និងសាំងធម្មតា) និងប្រេងម៉ាស៊ីន។ល។ ម្យ៉ាងវិញទៀតក៏ធានាទប់ស្កាត់ និងដាក់វិធានការណ៍ទាន់ពេលវេលាចំពោះការផ្គត់ផ្គង់ចែកចាយបរិមាណប្រេង មិនគ្រប់ចំនួន និងបញ្ហាគុណភាពប្រេងឥន្ធនៈ ជាអាទិ៍មានដូចជា៖ ការលាយបញ្ចូលនូវសារធាតុប្រេងដែលមានតម្លៃថោក ទៅក្នុងប្រេងដែលមានតម្លៃថ្លៃ, ការបន្លំកម្រិតសន្ទស្សន៍អុកតានប្រេងសាំង, ការបន្លំអំពីប្រភេទសាំងធម្មតា-ស៊ុបពែរ និងការដាក់ស្លាកបន្លំពីសញ្ញាគុណភាពប្រេងម៉ាស៊ីន ជាដើម។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា នៅក្នុងរថយន្តមន្ទីរពិសោធន៍ចល័តនេះ ត្រូវបានបំពាក់នូវឧបករណ៍សំខាន់ៗ ចាំបាច់មួយចំនួន ដើម្បីពិនិត្យរកឃើញភ្លាមៗ នូវប៉ារ៉ាម៉ែតគុណភាព និងបរិមាណប្រេង ដែលក្នុងនោះមានដូចជាកម្រិតលំអៀងខុសគ្នានៃមាឌ (Volume) ដែលបាញ់បញ្ចូលក្នុង Reservoir យានយន្ត ចំណុះ ៥លីត្រ,១០លីត្រ, ២០លីត្រ, និង៥០លីត្រ, ដង់ស៊ីតេ, Color,សន្ទស្សនៃចំនួនអុកតានរបស់ប្រេងសាំង ប្រេងម៉ាស៊ូត, កម្រឹតនៃការហួតហើរ (Volatility) របស់ប្រេងសាំង និងក្នុងករណីមានការតម្រូវចាំបាច់មន្ទីរពិសោធន៍នឹងបូមយកគំរូប្រេងម៉ាស៊ីន ដើម្បីវាយតម្លៃអំពីគុណភាពដែលអះអាងនៅលើស្លាកសញ្ញា ទៅតាមយថាប្រភេទប៉ារ៉ាម៉ែត្រផ្សេងៗទៀត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនដែលជាអាជីវករ ពាណិជ្ជករ ម្ចាស់ស្ថានីយ៍ ឬដេប៉ូចែកចាយទាំងអស់ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនិងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្ទាល់ សូមចូលរួមសហការជាមួយមន្រ្តីជំនាញកាំកុងត្រូល ដើម្បីធ្វើយ៉ាងណាធានាការពារផលប្រយោជន៍របស់យើងទាំងអស់គ្នា៕

Loading...