ក្រសួងពាណិជ្ជកម្ម ស្នើសុំធនាគារអភិវឌ្ឍន៍ ពិនិត្យលទ្ធភាព ផ្តល់ប្រាក់កម្ចី ដល់ម្ចាស់ររោងម៉ាស៊ីកិនស្រូវ សម្រាប់ស្តុបទុក ដើម្បីទប់ស្តាត់ការធ្លាក់ថ្ងៃស្រូវអីអ៊ែរ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានអំពីការធ្លាក់ចុះនៃថ្លៃស្រូវ ប្រភេទអ៊ីអ៊ែរ ក្រសួងពាណិជ្ជកម្មបានសហការជាមួយ អាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវ និងប្រមូលព័ត៌មាននៅ តំបន់ផលិតស្រូវសំខាន់ៗ ដូចជាបាត់ដំបង កំពង់ធំ កំពង់ចាម ព្រៃវែង និងតាកែវ ក៏បានរកឃើញ មូលហេតុដែល ឲ្យថ្លៃស្រូវអ៊ីអ៊ែរ ធ្លាក់ចុះប្រមាណ ១៥ ភាគរយ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ធៀបនឹងថ្លៃស្រូវ កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយ នាល្ងាចថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៨នេះ ។

ទន្ទឹមគ្នានេះដែរ ក្រសួងពាណិជ្ជកម្មបាន បើកកិច្ចប្រជុំពិភាក្សា បន្ទាន់មួយ ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញអង្ករ និងតំណាងធនាគារអភិវឌ្ឍន៍ជនបទ (RDB) ដើម្បីស្វែងយល់បន្ថែមពីការប្រឈម និងរិះរកវិធានការណ៍នានាដើម្បីទ្រទ្រង់តម្លៃស្រូវ ដែលជាប្រភពចំណូលសំខាន់របស់ប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះ បានរកឃើញមូលហេតុមួយចំនួន ដែលនាំឲ្យស្រូវប្រភេទអីអ៊ែរធ្លាក់ថ្លៃ រួមមាន៖កំណើនកំពស់ទឹក និងការធ្លាក់ភ្លៀងជញ្ជ្រាំបណ្ដាលឲ្យមានសំណើមខ្លាំង រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញមានកង្វះខាតទុនបន្វិលក្នុងការទិញស្រូវស្ដុកទុក គួបផ្សំនឹងការធ្លាក់ថ្លៃនៃអង្ករអ៊ីអ៊ែរក្នុងទីផ្សារអន្តរជាតិចំនួន ៥០ ដុល្លារក្នុងមួយតោនផងដែរ។

ដើម្បីដំណោះស្រាយ សម្រាប់ទ្រទ្រង់តម្លៃស្រូវជូនប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មបានប្រឹក្សាយោបល់ជាមួយធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការពិនិត្យលទ្ធភាពប្រើប្រាស់នីតិវិធី សម្រាប់ផ្ដល់ប្រាក់កម្ចីជូនម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញយក ទៅធ្វើជាទុនបង្វិល ដើម្បីប្រមូលទិញស្រូវអ៊ីអ៊ែរពីប្រជាកសិករយកទុកស្តុបទុក ដោយយកស្រូវនៅក្នុងស្ដុកជាវត្ថុបញ្ចាំ ។ ជាមួយនោះដែរ ក្រសួងពាណិជ្ជកម្មនឹងបន្តសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីអង្កេតមើលតម្លៃស្រូវអ៊ីអ៊ែរបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាឲ្យទាន់ហេតុការណ៍ជូនប្រជាកសិករទាន់ពេលវេលា៕

 

Loading...