ក្រសួងមហាផ្ទៃចេញបទបញ្ជាឲ្យផ្អាកការចូលបំពេញការងារបណ្តោះអាសន្នមន្ត្រីរាជការដែលបម្រើការងារក្នុងបរិវេណក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី៧ ធ្នូនេះ បានចេញបទបញ្ជាមួយចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបញ្ជាឲ្យផ្អាការចូលមកបំពេញការងារជាបណ្តោះអាសន្នចំពោះមន្ត្រីរាជការដែលបម្រើការងារនៅក្នុងបរិវេណក្រសួងមហាផ្ទៃ។

នៅក្នុងបទបញ្ជានេះក្រសួងមហាផ្ទៃបានអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយអនុវត្តតាមបទបញ្ជាចំនួន៥ចំណុច ដូចជា ផ្អាកការចេញចូលបំពេញបណ្តោះអាសន្នក្នុងក្រសួងមហាផ្ទៃចាប់ពីថ្ងៃទី៧ ធ្នូ រហូតមានការជូនដំណឹងថ្មី។

ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងមហាផ្ទៃដែលមិនទាន់យកសំណាកធ្វើរោគវិនិច្ឆ័យវីរុសកូវីដ-១៩ ត្រូវរួសរាន់មកយកសំណាកក្នុងបរិវេណក្រសួងមហាផ្តៃ។

អំឡុងពេលផ្អាកការចេញចូលបំពេញការងារបណ្តោះអាសន្ននេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងមហាផ្ទៃត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ និងណែនាំដល់ក្រុមគ្រួសារឲ្យអនុវត្តវិធានការការពារជំងឺកូវីដ-១៩ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍។ ថ្នាក់ដឹកនាំ មន្ត្រីរាជការត្រូវធ្វើការពីចម្ងាយតាមអនឡាញដើម្បីធានានិរន្តរភាពការងារក្នុងក្រសួងមហាផ្ទៃ។

អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃត្រូវប្រមូលមកវិញប័ណ្ណចេញចូលទីស្តីការក្រសួង ដោយរៀបចំប័ណ្ណចេញចូលថ្មីជូនថ្នាក់ដឹកនាំ មន្ត្រីរាជការដែលត្រូវបានចាត់ឲ្យមកប្រចាំការនៅទីស្តីការក្រសួងមហាផ្ទៃ ។

ខាងក្រោមនេះគឺជាបទបញ្ជាស្តីពីការផ្អាកការចូលបំពេញការងារបណ្តោះអាសន្នចំពោះមន្ត្រីរាជការដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ៖

Loading...