ក្រសួងយុត្តិធម៌សម្រេចស្នើសុំការលើកលែងទោស ដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច

ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានសម្រេចថា នឹងដាក់សំណើជូនសម្តេច អគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រសុំការប្រោសព្រះរាជទានទោស ដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចៗចំនួន១៦នាក់ឱ្យចេញពីពន្ធនាគារ មុនទិវាសិទ្ធិ នារីអន្តរជាតិ៨មីនា ដែលជាការឆ្លើយតបតាមអនុសាសន៍របស់សម្តេច ប្រមុខរាជរដ្ឋាភិបាលនោះ។

ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ក្រុមការងារបានសម្រេចក្នុងកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៥ថានឹងរៀបចំស្នើសុំការលើក លែងទោសស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីមានកូនរស់នៅជាមួយ ក្នុង ពន្ធនាគារចំនួន១៦នាក់ ដែលក្នុងនោះស្ត្រីដែលមានកូនតូចរស់នៅជាមួយក្នុងពន្ធនាគារមានចំនួន១៥នាក់ និងស្ត្រីមានផ្ទៃពោះម្នាក់។

ឯកឧត្តមបានបន្តទៀតថា ការសម្រេចនេះគឺពិនិត្យលើលក្ខខណ្ឌមួយចំនួន ក្នុងនោះលក្ខខណ្ឌសំខាន់បំផុតគឺស្ត្រីទាំង១៦នាក់នោះជាទណ្ឌិត ដែលមានសេចក្តីសម្រេចស្ថាពរពីតុលាការ និងជាគោល ការណ៍លើកលែងទោសដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចៗឱ្យចេញពីពន្ធនាគារមុនទិវាសិទ្ធិនារីអន្តរជាតិ០៨មីនា ។

ឯកឧត្តមបានគូសបញ្ជាក់ថា បើតាមស្ថិតិដែលក្រសួងយុត្តិធម៌ស្រង់បាន ស្ត្រីមានផ្ទៃ ពោះ និងស្ត្រីដែលមានកូនតូចៗរស់នៅជាមួយដែលកំពុងជាប់ឃុំឃាំង មានចំនួនជាង៦០នាក់ នៅក្នុងពន្ធនាគារទូទាំងប្រទេស ដែលក្នុងនោះ ស្ត្រីមានផ្ទៃពោះមានជាង២០នាក់ និងស្ត្រីដែលមានកូនតូចរស់នៅជា មួយក្នុងពន្ធនាគារមានជាង៤០នាក់ ។ ប៉ុន្តែការសម្រេចស្នើសុំការ លើកលែងស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីមានកូនរស់នៅជាមួយក្នុងពន្ធ នាគារចំនួន១៦នាក់ គឺជាជំហានដំបូង ដែលក្រុមការងារនឹងពិនិត្យបន្ត ដើម្បីឱ្យមានការលើកលែងទោសជាបន្តនៅមុនបុណ្យចូលឆ្នាំខ្មែរទៀត៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *