ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាន់យកគោល ការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ

ខេត្តកំពត៖ ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពការងារគម្រោងថែទាំ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ឋិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីធានាឱ្យគុណភាពនៃសំណង់អនុលោមតាមបទដ្ឋានបច្ចេកទេស និងស្របតាមសៀវភៅបន្ទុក ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់ សំដៅធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

គម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែង ៥៤,៣០គម ចែកជាពីរកំណាត់ គឺពីគម១៤៧+១០០ ដល់គម ១៨១+០០០ ប្រវែង៣៤គម ត្រូវបានជួស ជុល និងក្រាលកៅស៊ូAC ហើយ គម១៨១+០០០ ដល់គម២០១+៤០០ ប្រវែង២០គម ត្រូវធ្វើការជួសជុល ពង្រឹងឡើងវិញដោយធ្វើការលើកកម្ពស់តួផ្លូវចំនួន៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួផ្លូវ និងការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា អនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd។

កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ គ្រោងចំណាយថវិកាប្រមាណ១២.០៦១.៦៨៨,០៥ ដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានIDA Credit លេខ.៥៧៨៩-Kh បច្ចុប្បន្នគម្រោងផ្លូវនេះសម្រេចបាន៧៩,៦០% ក្នុងនោះរួមមានការសាងសង់ប្រព័ន្ធប្រឡាយរំដោះទឹក ការងារដាក់ប្រព័ន្ធលូ បំពាក់ស្លាកសញ្ញាសុវត្តិភាព និងគំនូសសញ្ញាចរាចរណ៍ផងដែរ។

សូមបញ្ជាក់ថា៖ បណ្តាខេត្តនានាឋិតនៅតាមឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តកំពត តែងតែទទួលរងនូវភ្លៀងធ្លាក់ និងជំនន់ទឹកភ្លៀងជាប់ជាប្រចាំនៅរដូវវស្សា បង្កឱ្យមានការខូចខាតដល់ផ្លូវ ថ្នល់ និងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ក្រសួង សាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាន់យកគោល ការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ (ធ្វើខាងមុខខូចខាងក្រោយ ធ្វើខាងមុខហើយធ្វើ ខាងក្រោយម្ដងទៀត)។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់កម្មវិធី ថែទាំផ្លូវ(Road Care Mobile App) ដើម្បីចូលរួមថែទាំផ្លូវថ្នល់យើងឱ្យបានគង់វង្សជាប់បានយូរ និង បានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូន កុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់បណ្តាលឱ្យផ្លូវឆាប់ខូច មិនត្រូវប្រើប្រាស់ចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្ម រំលោភបំពានដីចំណីផ្លូវ និងសូមចូលរួមគោរពច្បាប់ ចរាចរណ៍ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាផងដែរ។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយក្រសួង សាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាល កុំចែករំលែកព័ត៌មានទាំងឡាយណាដែលមិន មានប្រភពច្បាស់លាស់ ដើម្បីកុំឱ្យក្លាយទៅជាជនរងគ្រោះនៃការកេងចំណេញនយោបាយរបស់ជនអគតិ ។

កម្មវិធីថែទាំផ្លូវ – ROAD CARE Mobile App ត្រូវបានរៀបចំឡើងដើម្បី ផ្តល់លទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍​ពីផ្លូវដែលត្រូវជួសជុល ផ្លូវមានជង្ហុកសំបុកមាន់ ដើម្បីសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ និងជួសជុលឲ្យបានទាន់ពេលវេលា៕

Loading...