ក្រសួងសាធារណការ អំពាវនាវឲ្យ ក្រសួង ស្ថាប័ន អង្គការ និងស្ថានទូត ប្តូរបណ្ណ និងផ្លាកលេខយានជំនិះថ្មី

(ភ្នំពេញ)៖  ក្រសួងសាធាណការ និងដឹកជញ្ជូន បានស្នើក្រសួងស្ថាប័នរបស់រដ្ឋ អង្គារជាតិ-អន្តរជាតិ ស្ថានទូត និងប្រធានបេសកកម្មអង្គការសហប្រជាជាតិនៅកម្ពុជា ត្រូវធ្វើការផ្លាស់ ប្តូរបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះថ្មី ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងប្រកាសថ្មីរបស់ក្រសួងស្តីពីការផ្លាស់ប្តូរផ្លាកលេខសម្គាល់យានជំនិះឱ្យបានមុនថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ។

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពី ល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពី «ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខយានជំនិះ» ហើយខែមេសា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចេញសេចក្តីប្រកាសមួយស្តីពី «ការកំណត់ប្រភេទលេខសម្គាល់យានជំនិះជាសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័ន» ផងដែរ។

ការចេញអនុក្រឹត្យ និងប្រកាសថ្មីនេះ ក្នុងគោលបំណងគ្រប់គ្រងយានជំនិះជាសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័ននានា ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសិទ្ធិជាកម្មសិទ្ធិលើយានជំនិះរបស់ក្រសួង ស្ថាប័ន ជាពិសេសដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងផ្លាកលេខសម្គាល់យានជំនិះ។

ក្រសួងសាធារណការបានបញ្ជាក់បន្ថែមថា យោងលើហេតុផលនេះ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួល និងកំណត់លេខកូដសម្គាល់ផ្លាកលេខរបស់ក្រសួង ស្ថាប័នមួយចំនួនជាថ្មី តាមលំដាប់លេខកូដសម្គាល់ចាប់ពីរដ្ឋ០១ ដល់រដ្ឋ៣៦។

ក្រសួងសង្ឃឹម យ៉ាងមុតមាំថា ម្ចាស់គ្រប់គ្រងយានជំនិះជារបស់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការអនុវត្តតាមខ្លឹមសារជូនដំណឹងនេះ ដើម្បីប្រើប្រាស់បណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះឱ្យស្របតាមច្បាប់ដែលបានកំណត់៕

 

Loading...