ក្រសួងសុខាភិបាលកំណត់យកខេត្តស្វាយរៀងមួយទៀតជាភូមិសាស្រ្តអនុវត្តការផាកពិន័យការមិនពាក់ម៉ាស និងរក្សាគម្លាត

aភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសកំណត់យកខេត្តស្វាយរៀងមួយទៀត ជាភូមិសាស្ត្រអនុវត្តកាតព្វកិច្ចពាក់ ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ នេះបើតាមសេចក្តីប្រកាស។

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ភូមិសាស្រ្តខេត្តស្វាយរៀង ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍។

បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល នៅក្នុងខេត្តស្វាយរៀង ត្រូវអនុវត្តនូវការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលជាកាតព្វកិច្ច ដែលបានកំណត់ក្នុងប្រកាស ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវដី-១៩ ក្នុងសហគមន៍ របស់ក្រសួងសុខាភិបាល។ ទណ្ឌកម្មដែលមានចែងក្នុងអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នឹងត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
សូមជម្រាបថា គិតត្រឹមពេលនេះ រាជធានីខេត្តចំនួន៦ ហើយដែលត្រូវបានកំណត់ជាភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច​រក្សាគម្លាតសុវត្ថិភាព រួមមាន ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តស្វាយរៀង៕

Loading...