ក្រសួងសុខាភិបាលណែនាំម្ចាស់មន្ទីរពេទ្យឯកជន កំណត់សេវាសមរម្យ និងបង្ហាញតម្លៃសាធារណៈ​ ពេលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញលិខិតជម្រាបជូន លោក លោកស្រី ជាម្ចាស់មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ដែលទទួលបានលិខិតអនុញ្ញាតឲ្យប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ។

យោងតាមកម្មវត្ថុរបស់ក្រសួងសុខាភិបាលលេខ២០១ សខល ចុះថ្ងៃទី១​ ខែឧសភា ឆ្នាំ២០២១ លោករដ្ឋមន្ត្រីម៉ម ប៊ុនហេង បញ្ជាក់ថា ការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងមូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់ រួមមាន៖ មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ដែលទទួលបានលិខិតអនុញ្ញាតឲ្យប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ពីក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាលបានជម្រាបជូន លោក លោកស្រីថា មូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់ ដែលទទួលបានលិខិតអនុញ្ញាតឲ្យប្រើប្រាស់តេស្ករសរកអង់ទីហ្សែនកូវីដ១៩អាចរកទិញប្រភេទតេស្តរហ័សAbbott និងRocheដូចតេស្ត ដែលក្រសួងបានប្រើប្រាស់ពីក្រុមហ៊ុន ដែលបានចុះបញ្ជិកាត្រឹមត្រូវស្របច្បាប់ដើម្បីយកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលសម្រាប់ការប្រើប្រាស់គេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ក្នុងសេវាសុខាភិបាលឯកជនស្របច្បាប់ ។

ជាមួយគ្នានេះក្រសួងសុខាភិបាលក៏សូមក្រើនរំលឹកណែនាំថាការអនុញ្ញាតឲ្យមូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់ប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩គឺក្នុងគោលបំណងឲ្យសេវាឯកជនមានលទ្ធភាពធ្វើការញែកអ្នកជំងឺ ដែលមកទទួលសេវាព្យាបាលដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ-១៩នៅក្នុងការផ្តល់សេវាសុខាភិបាល និងចូលរួមធានានិរន្តរភាពនៃការផ្តល់សេវាថែទាំ និងព្យាបាលជំងឺនៅក្នុងសេវាសុខាភិបាល ។

ដូច្នេះក្រសួងសុខាភិបាលសូមឲ្យ លោក លោកស្រីធ្វើការកំណត់តម្លៃឲ្យបានសមរម្យ និងណែនាំដល់បុគ្គលិកក្រោមឱវាទត្រូវមានដាក់បង្ហាញតម្លៃនៅទីសាធារណៈក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន និងជូនដំណឹងដល់អតិថិជនឲ្យបានដឹង និងមានការយល់ព្រមដោយធ្វើកិច្ចព្រមព្រៀងធ្វើតេស្តកូវីដ-១៩ ៕ សុមេធ

Loading...