ក្រសួងសុខាភិបាលប្រកាសថាអ្នកផ្ទុកមេរោគអេដស៍នៅឃុំសំបួរមាសមានតែ៤នាក់

ខេត្តកណ្តាល៖ក្រសួងសុខាភិបាល ប្រកាសលទ្ធផលអង្កេតជាផ្លូវការនៃការផ្ទុះជំងឺអេដស៍ នៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
សេចក្ដីប្រកាសព័ត៌មានរួមគ្នា កាលពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ជាក់ថា លទ្ធផលជាផ្លូវការគឺអ្នកផ្ទុកមេរោគអេដស៍មានចំនួនតែ ៤នាក់ទេ ក្នុងចំណោមអ្នកដែលបានធ្វើតេស្តឈាមជិត ៣០០នាក់។
សេចក្ដីរាយការណ៍បឋមមិនជាផ្លូវការរបស់អាជ្ញាធរទាក់ទិន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ថា ក្រុមគ្រូពេទ្យបានធ្វើតេស្តឈាមប្រជាពលរដ្ឋជិត ៣០០នាក់ ក្នុងនោះមាន ១៤នាក់ អាចមានផ្ទុកមេរោគអេដស៍។
ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ពន្យល់ប្រាប់ពីការថយចុះពីចំនួន ១៤នាក់ មកនៅត្រឹម ៤នាក់វិញនេះ ដោយសារមានក្រុមការងារធ្វើតេស្តឈាមបន្ទាន់ផ្សេងៗគ្នាក្រោយទទួលបាន ព័ត៌មានស្តីពីការផ្ទុះឡើងមេរោគអេដស៍នៅឃុំសំបួរមាស នោះ ហើយទទួលបានលទ្ធផលផ្សេងៗគ្នា។ ប៉ុន្តែក្រោយការចុះអង្កេត ការធ្វើតេស្តឈាម និងការផ្ទៀងផ្ទាត់នូវលទ្ធផលនោះឡើងវិញដោយមជ្ឈមណ្ឌលជាតិ អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញនូវលទ្ធផលសរុប គឺរកឃើញតែ ៤នាក់ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត លី ពេញស៊ុន៖ «ពីមុនមករកឃើញ ៩នាក់ក្នុងភូមិ ក្រោយមកមានអង្គការមួយទៅធ្វើតេស្តក្នុងពិធីបុណ្យសពមួយរកឃើញ ៥នាក់ទៀត អ៊ីចឹងបូកទៅមាន ១៤នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ទើបក្រសួងសុខាភិបាល ឲ្យមជ្ឈមណ្ឌលចុះអង្កេតចេញជាលទ្ធផល ៤នាក់ ក្នុងចំណោមអ្នកធ្វើតេសឈាម ២៧៩នាក់ ជាពលរដ្ឋរស់នៅក្នុងភូមិជាច្រើនក្នុងសំបួរមាសនោះ»។
លោកបញ្ជាក់ថា អ្នកដែលផ្ទុកមេរោគអេដស៍ទាំងនោះ មិនមែនទើបឆ្លងថ្មីទេ ហើយក៏មិនមែនជាករណីឆ្លងតាមការប្រើសេវាព្យាបាលជំងឺក្នុងភូមិនោះ ឡើយ។
ទោះបីយ៉ាងណាក្តី លោកជឿថា នៅក្នុងឃុំសំបួរមាស នៅមានអ្នកផ្ទុកមេរោគអេដស៍ច្រើនទៀត ហើយលោកអំពាវនាវឲ្យពលរដ្ឋទាំងអស់មកធ្វើតេស្តឈាម ដើម្បីឲ្យអស់មន្ទិលក្នុងខ្លួន និងបានទទួលសេវាថែទាំសុខភាព បើសិនមានផ្ទុកមេរោគអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងប្រគល់ការងារធ្វើតេស្តឈាមនេះទៅឲ្យមណ្ឌលសុខភាពឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីធ្វើការងារនេះបន្តទៀត៕

IMG

Loading...

Leave a Reply

Your email address will not be published. Required fields are marked *