ក្រសួងសុខាភិបាល៖ មនុស្ស៤នាក់រកឃើញថាស្និទ្ធស្នាលជាមួយបុរសជប៉ុន ចាកចេញពីសៀមរាប ហើយរកឃើញ ផ្ទុកជំងឺ Covid-19

ភ្នំពេញ ៖ មនុស្ស ៤នាក់ ត្រូវបានរកឃើញថា បានស្និទ្ធស្នាលជាមួយបុរសជនជាតិជប៉ុនដែលមានផ្ទុកវីរុសកូរ៉ូណា ។ មកទល់ពេលនេះ មន្ត្រីសុខាភិបាលកម្ពុជា បានសម្រេចដាក់អ្នកទាំង ៤ នៅដោយឡែកពីគេ ខណៈសញ្ញាណអ្នកទាំង ៤ ក៏មិនទាន់ត្រូវគេបង្ហាញនៅឡើយ។ នេះបើតាមការអះអាងពីសំណាក់លោកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

ការសម្រេចដាក់មនុស្ស ៤ នាក់ខាងលើ នៅដាច់ដោយឡែក ធ្វើឡើងក្រោយជនជាតិជប៉ុនម្នាក់ ដែលចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសជប៉ុន ត្រូវបានមន្ត្រីសុខាភិបាលវៀមណាម ប្រចាំអាកាសយាន្តដ្ឋានអន្តរជាតិ រកឃើញមានផ្ទុកវីរុស Covid-19 អំឡុងពេលរូបលោករង់ចាំប្តូរជើងយន្តហោះទៅប្រទេសកំណើត។

នៅរសៀលថ្ងៃទី ៥ មីនា ដដែលនេះ ស្ថាប័នពាក់ព័ន្ធ មានទាំងមន្ត្រីជំនាញសុខាភិបាលកម្ពុជា មន្ត្រីតំណាងអង្គការសុខភាពពិភពលោក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បានជួបជុំគ្នាក្នុងសន្និសីទ នៅឯក្រសួងសុខាភិបាល ក្នុងចេតនារៀបចំផែនការទប់ស្កាត់បន្ទាន់ ដោយជំហានដំបូង ផ្តោតទៅលើការអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាអនាម័យស្អាត ដើម្បីបញ្ចៀសការឆ្លងវីរុសកូរ៉ូណាថ្មីនេះ។

មកទល់នឹងពេលនេះ ជនជាតិជប៉ុនដែលជាពាណិជ្ជករ នៅខេត្តសៀមរាប និងរកឃើញមានផ្ទុកវីរុស Covid-19 បានទៅដល់ប្រទេសជប៉ុន និងកំពុងទទួលការព្យាបាលដោយមន្ត្រីសុខាភិបាលជប៉ុន។

លោកស្រី ឱ វ៉ាន់ឌីន បញ្ជាក់ថា អ្វីយើងត្រូវធ្វើពេលនេះ ត្រូវចេះរក្សាអនាម័យ និងការពារឆ្លងឲ្យបានត្រឹមត្រូវ សំខាន់បំផុត មិនត្រូវមានការភ័យខ្លាចខ្លាំងនោះឡើយ ៕

Loading...