ក្រសួងសុខាភិបាល​រកឃើញ​អ្នកឆ្លងកូវីដ​-១៩ នៅកម្ពុជា​២នាក់បន្ថែមទៀត

ភ្នំពេញ៖ កម្ពុជាបានរកឃើញ​ករណីឆ្លងកូវីដ-១៩ថ្មីចំនួន​២នាក់បន្ថែមទៀត។ នេះបើតាមការ​ប្រកាស​របស់ក្រសួងសុខាភិបាល​កាលពីព្រឹកថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២០ ។

ប្រភពបានបញ្ជាក់ថា អ្នកឆ្លង​២ករណីបន្ថែមទៀតដែលត្រឡប់មកពីប្រទេសម៉ាឡេស៊ីនេះ ធ្វើឲ្យនៅកម្ពុជា​មានអ្នកឆ្លង​កើនឡើងសរុប ១៤១នាក់ ហើយក្នុងចំណោម​នោះ​១២៩នាក់​បានជាសះស្បើយ និងពុំបណ្តាលឲ្យអ្នកជំងឺណាម្នាក់​បាត់បង់ជីវិត​នោះទេ ។

គួរបញ្ជាក់ថា ជំងឺ​កូរ៉ូណាវីរុស​ប្រភេទថ្មី ឬកូវីដ​-១៩នេះ ត្រូវបានផ្ទុះឡើងដំបូង​គេនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​ប្រទេសចិន ។

គិតមកត្រឹមពេលបច្ចុប្បន្ននេះ វីរុស​កូវីដ​-១៩ បានឆ្លងរាតត្បាត​ពាសពេញដែនដី និងប្រទេស​ប្រហែល​២៩៩ជុំវិញពិភពលោក ខណៈដែលអង្គការសុខភាពពិភពលោក ឬ WHO មិនទាន់​អាចកំណត់​បានថា មានថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការ​ច្បាស់លាស់នៅឡើយ ។

ប្រភព Worldometers បានផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា អ្នកជំងឺកូវីដ​-១៩​ជុំវិញពិភពលោក កើនឡើងសរុបជាង ១០ ០៨១ ៥៤៥ នាក់ ក្នុងនោះបាត់បង់ជីវិត ៥០១ ២៩៨ នាក់ ប៉ុន្តែជាង៥,៤លាននាក់​បានជាសះស្បើយវិញផងដែរ ៕ ថាច់ យ៉ាត

 

Loading...