ក្រសួងសុខាភិបាល រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​១​នាក់ មកពី​ហ្វីលីពីន តាម​ជើងយន្តហោះ ចំណែក​មនុស្ស​៦២​នាក់​ទៀត ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ១​នាក់ នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​បើតាម​ការប្រកាស​រប​ស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ថានភាព​ជំងឺ​កូ​វីដ​១៩ សម្រាប់​អ្នកដំណើរ​ចូលមក​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ គឺ​ត្រឹម​ម៉ោង​១៨ នៃ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ លទ្ធផល​តេស្ត​សំណាក​អ្នកដំណើរ​ទទួលបាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ ១៩ ចំនួន ១​នាក់ ជា​បុរស​ជនជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​នៅ​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​បុរស​រូបនេះ ជា​អ្នកដំណើរ​ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ហ្វីលីពីន បន្ត​ជើងហោះហើរ​ពី​សាធារណរដ្ឋ​កូរ៉េ បានមក​កាន់​ដល់​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២២ ។

​កាលពី​ថ្ងៃទី​២០ ខែឧសភា កន្លងទៅនេះ មាន​អ្នកដំណើរ​សរុប​ចូល​កម្ពុ​ជាមាន​ចំនួន​៦៣​នាក់ (​ស្រី​១៤​នាក់​) ដែលមាន​ជនជាតិ​កូរ៉េ​២៣​នាក់ (​ស្រី​៣​នាក់​) បុរស​ជនជាតិ​បែលហ្ស៊ិក​១​នាក់ បុរស​ជនជាតិ​តៃវ៉ាន់​១​នាក់ បុរស​ជនជាតិ​ហូ​ឡង់ ១​នាក់ ជនជាតិ​ជប៉ុន ៣​នាក់ (​ស្រី​១​នាក់​) និង​ខ្មែរ​៣៤​នាក់ (​ស្រី​១០​នាក់​) មានការ​ត្រួតពិនិត្យ​សុខភាព​ដោយ​ក្រុមគ្រូពេទ្យ និង​បាន​ដ​កា់​ឱ្យ​រង់ចាំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅពេល​មកដល់​រាជធានី​ភ្នំពេញ​ភ្លាម ហើយ​បាន​យក​វត្ថុ​សំណាក​ទៅធ្វើ​វិភាគ​ទាំងអស់ ដែលជា​លទ្ធផល​បង្ហាញ​ថា មាន​វិជ្ជមាន​វីរុស​កូ​វីដ​១០ លើ​បុរស​ជនជាតិខ្មែរ​ម្នាក់​ខាងលើនេះ​តែម្តង​។​

​ក្រសួងសុខាភិបាល បាន​បញ្ជូន​បុរស​រូបនោះ ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រួចហើយ​។ ដោយឡែក អ្នកដំណើរ​ទាំង​៦២​នាក់​ទៀត ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​សុខភាព តាម​វិធានការ​សុខាភិបាល ជា​ចាំបាច់​។

​ក្រសួងសុខាភិបាល បាន​បន្ត​អំពា​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​បន្ត​អនុវត្ត​វិធានការ ការពារ​ខ្លួន​ជា​ចាំបាច់ នៅក្នុង​ដំណាក់កាល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ ដើម្បី​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​១៩ ពី​បុគ្គល​ម្នាក់ ទៅកាន់​បុគ្គល​ម្នាក់ទៀត ហើយ​ក្រសួងសុខាភិបាល នឹង​បន្ត​ជូនដំណឹង​ដល់​សាធារណជន អំពី​ការវិវឌ្ឍ​នៃ​បញ្ហា​សុខភាព តាម​ទំព័រ​ហ្វេ​ស​បុក និង​វេ​ប​សាយ​របស់ខ្លួន​ជា​បន្តបន្ទាប់​ទៀត មាន​សម្ភារ​អប់រំ​សុខភាព ដែល​អាច​ទាញ​យកបាន​ប្រើប្រាស់​បាន​៕

Loading...