ក្រសួងសុខាភិបាល ៖ ច្រានចោល ការផ្សព្វផ្សាយព័ត៌មានមិនពិតថា ភាគច្រើនអ្នកស្លាប់នៃជំងឺកូវីដ១៩ គឺអ្នកបានចាក់វ៉ាក់សាំងរួច

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលព័ត៌មាន ដែលបង្ហោះតាម Facebook ពាក់ព័ន្ធការសម្លាប់របស់ពិធីករតាមរោងការ លោក ឈាន ប៊ុនធឿន ហៅ DJ ប៊ូម ដែលបានលើកឡើងថា សពលោក ឈាន ប៊ុនធឿន បានចាក់វ៉ាក់សាំងការពារកូវីដ១៩ រួចហើយនៅតែស្លាប់ ហើយថា ភាគច្រើនអ្នកស្លាប់នៃជំងឺកូវីដ១៩ គឺជាអ្នកដែលបានចាក់វ៉ាក់សាំងរួច។

ចំពោះការលើកឡើងនេះលោកស្រី ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុង និងស្នើឲ្យកុំបន្តចែកចាយព័ត៌មានប្រឌិតនេះទៀត។

លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមច្រានចោល លើការចុះផ្សាយនេះ។ ការពិតគឺសពនេះមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ នៅឡើយទេ។ សូមមេត្តាកុំបន្តចែកចាយ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ»។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព្វ។

សូមជម្រាបថា ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ Freelance តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត) និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជំងឺធាត់កំរិត១ និងលើសឈាម, ក្រុមគ្រូពេទ្យរកឃើញមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងមានខ្សោយសួតខ្លាំង។ តេស្តឃើញជំងឺកូវីដ១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ១៩វាយលុក៕

Loading...