ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជម្រុញស្ថាប័ន និងអង្គភាពចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យ ពន្លឿនលើការ ងារចុះបញ្ជីប័ណ្ណកម្មសិទ្ធិសារពើភ័ណ្ឌឲ្យបានឆាប់ ដើម្បីធានានិរន្តរភាព នៃកម្មសិទ្ធិអលនទ្រព្យរបស់រដ្ឋ ! ដោយ៖ឡុង សំបូរ

ខេត្តឧត្តរមានជ័យ៖ អនុប្រធាននាយកដ្ឋានសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក ម៉ាក ចាន់តារា , អភិបាលរងខេត្តឧត្តរមានជ័យ លោក ឃិន ញ៉ាណ បានអញ្ជើញជាគណៈ អធិបតី នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់ ការរៀបចំធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល «២០១៩» នាព្រឹកថ្ងៃទី២៦សីហាឆ្នាំ២០២០នេះ នៅសាលាខេត្តឧត្តរមានជ័យ ។ កិច្ចប្រជុំនៅក្នុងថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធ និងមេឃុំ-ចៅសង្កាត់ នៅទូទាំងខេត្តឧត្តរមានជ័យ យ៉ាងច្រើនកុះករ ផងនោះដែរ ។

លោក ឃិន ញ៉ាណ បានថ្លែងថា កិច្ចប្រជុំនៅក្នុងថ្ងៃនេះ មានគោលបំណងត្រួតពិនិត្យ លើការរៀបចំ ការចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល«២០១៩» ដោយតម្រូវឲ្យមន្ទីរ អង្គភាព រដ្ឋបាលខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះទ្រព្យសម្បត្តិរដ្ឋ ជាពិសេស ដីរដ្ឋដែលមិនទាន់បានចុះ ក្នុងសៀវភៅបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ត្រូវប្រញាប់ប្រញាល់យកមកចុះបញ្ជី ឲ្យស្របតាមនីតិវិធី ហិរញ្ញវត្ថុ ដើម្បីជៀសវាងពីការរំលោភកាន់កាប់ខុសច្បាប់ ឬការបាត់បង់ជាយថាហេតុ ។ លោកអភិបាលរង ខេត្ត បានជម្រុញដល់អង្គភាពទាំងអស់ ត្រូវត្រៀមលក្ខណៈ និងត្រូវរៀបចំសៀវភៅបញ្ជីសារពើភ័ណ្ឌ ឆ្នាំគោល«ឆ្នាំ២០១៩»របស់ខ្លួន ឲ្យបានឆាប់រហ័សបំផុត ដើម្បីដាក់ឆ្លងគណៈកម្មការ ធ្វើការត្រួតពិនិត្យ និង សម្រេច។

អនុប្រធាននាយកដ្ឋានសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ម៉ាក ចាន់តារា បានថ្លែងរកការជម្រុញដល់មន្ទីរ និងអង្គភាពសាម៉ី ចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យ ត្រូវពន្លឿន ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ លើការងាររៀបចំធ្វើបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ដើម្បីជៀសវាង ពីការរំលោភលើការកាន់កាប់ដោយខុសច្បាប់ ឬការបាត់បង់ដោយប្រការណាមួយ ដោយសារការមិនបាន ចុះក្នុងបញ្ជីដីធ្លី ដោយស្របច្បាប់នោះ។ លោក ម៉ាក ចាន់តារា បានបញ្ជាក់ថា គ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរ ដែលបានកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំការពារ គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរដ្ឋ ទាំងនោះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការកត់ត្រាទ្រព្យសម្បត្តិរដ្ឋ ឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ស្របតាមតាមបែបបទ នៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមនិតិវិធី និងការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយសក្កិសិទ្ធភាព និងគណនេយ្យភាព៕

Loading...